ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ប្រកាស​ចែកផ្លូវ​ជាមួយ​ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន​១​រូប​មុន​រដូវ​កាល​ថ្មី​មកដល់​

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ (Angkor Tiger FC) សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) នៅ​អង្គារ សប្ដាហ៍​នេះ បាន​ប្រកាស​ចែកផ្លូវ​ជាមួយ​កីឡាករ​ជនជាតិ​ជប៉ុន​១​រូប គឺ​ខ្សែប្រយុទ្ធ Okamoto Kazuteru មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៩ មកដល់​។

យោង​តាម​សេចក្តីជូនដំណឹង​ថា​ «​ក្លិប​សូម​ប្រកាស​អំពី​ការ​ចាកចេញ​របស់​កីឡាករ​ជប៉ុន Okamoto Kazuteru​។ Teru បាន​ចូលរួម​ជាមួយ​ពួក​យើង​តាំងពី​ចុងឆ្នាំ ២០១៧ នឹង​ស៊ុត​បញ្ចូល​ទី​បាន ៨​គ្រាប់ ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១៨​។ ពួកយើង​មានការ​សោកស្តាយ​ចំពោះ​ការចាកចេញ​របស់​គាត់​ណាស់ ហើយ​ពួកយើង​សូម​អរគុណ និង​ជូនពរ​ឲ្យ​គាត់​ទទួលបាន​ជោគជ័យ​ជាមួយ​អាជីព​ការងារ​ថ្មី​ខាងមុខ​»​។

នេះ​ជា​ដំណឹង​មិន​ល្អ​មួយ​សម្រាប់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ខណៈ​ថ្មីៗ​នេះ​ក្លិប​បាន​នាំចូល​សមាជិក​ចំនួន​៥​រូប រួមមាន​ខ្សែបម្រើ​កណ្ដាល ចាន់ ហួង មកពី​ខេត្តបន្ទាយមានជ័យ កីឡាករ ឡុង ភា​រ៉ាត់​, ឈឿន ពិសិដ្ឋ មកពី​ក្លិប​សូល​ទី​ឡូ​អង្គរ កីឡាករ យី ប៊ុនហេង និង​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Timothy Okereke​។ ទន្ទឹមនឹង​គ្នា​នេះ​ដែរ​ក្លិប​បានសម្រេច​ចិត្ត​បន្ត​កិច្ចសន្យា​បន្ថែម​ជាមួយ​កីឡាករ​ចាស់​៣​នាក់​ផ្សេងទៀត​រួមមាន​កីឡាករ តាំង ពិសី កីឡាករ​Joichiro Sugiyama កីឡាករ ពេជ្រ សុវណ្ណ​ខេ​ម​រិ​ន្ទ្រ និង​អ្នកចាំទី​ហែម ស៊ី​ម៉ៃ បន្ត​កុងត្រា​រយៈពេល ០១​រដូវ​កាល​បន្ថែមទៀត​។

ក្រោយ​បញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​ក្លិប​ទាំង​១២ ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​៧​លើក ហើយ​ស្មើគ្នា​បាន​៧​លើក​និង​បរាជ័យ​៨​លើក​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន ក្រោយ ប្រកួត​បរាជ័យ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ដោយ​ថ្វី​ជើង​ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​២ទល់០៕