ព័ត៍មានទាន់​ហេតុការណ៏
Search

ធនាគារ​កូរ៉េ​មួយ​ផ្តល់​ភេសជ្ជៈ​កាហ្វេ​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​ដែល​មក​ប្រើប្រាស់​សេវាកម្ម​នៅ​ធនាគារ

ភ្នំពេញ​ ៖​ ធនាគារ PPCBank​បានផ្តល់​ភេសជ្ជៈ​កាហ្វេ​ដោយ​ឥតគិតថ្លៃ​ដល់​អតិថិជន​ដែល​មក​ប្រើប្រាស់​សេវាកម្ម​នៅ​ធនាគារ​ដែលជា​សេវាកម្ម​មួយ​ថ្មីស្រឡាង​នៅ​ប្រទេស​កម្ពុជា​។​

នេះ​គឺជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធនាគារ PPCBank បាន​សហការ​ជាមួយ “Socials – Coffee & Humanity”​មាន​ហាង​កាហ្វេ​បើក​ដំណើរការ​នៅ​ខាងក្នុង​ដើម្បី​កាត់បន្ថយ​ភាព​ធុញទ្រាន់ ក្នុង​ការ​រង់ចាំ​របស់​អតិថិជន​ឬ​ទទួល​សេវាកម្ម​នៅ​ឯ​បញ្ជរ ប៉ុន្តែ​ប្រសិនបើ​ពួកគាត់​អាច​ពិសា​ភេសជ្ជៈ និង​អាហារសម្រន់ ដោយ​មិនចាំ​បាច់​ចាក​ចេញពី​ធនាគារ ខណៈ​ពេល​កំពុង​រង់ចាំ នោះ​នឹងធ្វើ​ឲ្យ​ការ​ចំណាយពេល​រង់ចាំ របស់​ពួកគាត់​មានតម្លៃ​។

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃទី​៥ ​ខែធ្នូ ​ឆ្នាំ​២០១៨ ​លោក Shin Chang Moo អគ្គនាយក​ធនាគារ PPCBank បាន​មានប្រសាសន៍ «​ខណៈ​ពេល​ដែល អតិថិជន​អាច​ពិសា​កាហ្វេ ឬ​អាហារសម្រន់ មាន​លក់​នៅក្នុង​ធនាគារ ដែល​យើង​ស្ដាប់ទៅ វា​ដូចជា​ល្អ​ម្យ៉ាងដែរ​ហើយ​នោះ តែ​ធនាគារ PPCBank ចង់​ធ្វើ​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាងនេះទៅទៀត ក្នុង​ការ​ផ្ដល់ជូន​ដល់​អតិថិជន​»​។

លោក​បាន​បន្ត​ថា ​«​ចំណុច​នេះហើយ ដែល​បច្ចេកវិទ្យា និង​ការ​ច្នៃប្រឌិត​ថ្មី ត្រូវ​បាន​យកមកប្រើ​ប្រាស់ ដើម្បី​ធ្វើជា​ដំណោះស្រាយ​»​។

លោក​បាន​បន្ថែម​ថា ​ខ្ញុំ​«​សប្បាយរីករាយ​ក្នុងការ​ណែនាំ នូវ​សេវាកម្ម Mobile Teller ដែល​ដំណើរការ​នៅលើ Tablet ហើយ​គោលបំណង​របស់​យើង គឺ​ប្រើប្រាស់​វា ដើម្បី​កាត់បន្ថយ​ពេលវេលា​រង់ចាំ សម្រាប់​អតិថិជន​របស់​យើង​។ នៅពេលនេះ អតិថិជន​របស់​ធនាគារ PPCBank អាច​រីករាយ​ជាមួយនឹង ការ​ទទួល​សេវា​ធនាគារ ដោយ​មិន​ចំ​បាច់​អង្គុយ​រង់ចាំ ដល់​លេខ​រៀង​របស់​ខ្លួន​នោះ​ទេ​។ នៅ​ពេល​ដែល​ពួកគាត់​មកដល់​ធនាគារ​ភ្លាម បុគ្គលិក​របស់​យើង នឹង​ដើរ​តម្រង់​មក​រក​ពួកគាត់​ដោយមាន Tablet នៅ​នឹង​ដៃ ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​សម្រួល​ដល់​សេវាកម្ម​ហិរញ្ញវត្ថុ ដែល​ពួកគាត់​ត្រូវការ ដូចជា​ការបើក​គណនី​ធនាគារ ការ​សួររក​អត្រា​ការប្រាក់ សម្រាប់​ការដាក់​ប្រាក់ ឬ​ប្រាក់កម្ចី និង​សេវាកម្ម​ជាច្រើន​ទៀត ដែល​ផ្ដល់​ដោយ​ធនាគារ PPCBank»​។

នៅ​ធនាគារ PPCBank សាខា​បឹងត្របែក មានការ​កែលម្អ​ថ្មីៗ​ជាច្រើន​ទៀត ដែល​បាន​ផ្ដល់​ជូន​អតិថិជន​ដូចជា​កន្លែង​ផ្ដល់​នូវ​ឯកសិទ្ធិ “Gold Club” ដែល​ជា​ការ​ផ្ដល់ជូន​ដល់​អតិថិជន​ប្រភេទ VIP ដើម្បី​មក​ទទួលយក​សេវាកម្ម​ធនាគារ ក្នុង​បន្ទប់​ពិសេស ដែល​ត្រូវបាន​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​យ៉ាង​ល្អ​ស្អាត និង​មាន​ផាសុកភាព​។

ម្យ៉ាងវិញទៀត នៅ​សាខា​បឹងត្របែក មាន​លក្ខណៈពិសេស​មួយ​ទៀត គឺ “China Desk” ដែល​បង្កើតឡើង​សម្រាប់​បំពេញតម្រូវការ របស់​ជនជាតិ​ចិន ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុងការ​ស្វែងរក​ឱកាស​អាជីវកម្ម ដែល​មាន​សក្ដានុពល នៅក្នុង​ប្រទេស​កម្ពុជា​។

«​ការ​ផ្តោត​សំខាន់​ទៅលើ​មនុស្ស​ជា​សំខាន់​តែង​ជា​គោលការណ៍​ចម្បង​របស់​ពួក​យើង​ក្នុង​ការ​បម្រើ​អតិថិជន​។ ពួក​យើង​ជឿជាក់​ថា ​នរណា​ក៏ដោយ​តែង​ជ្រើស​យក​កន្លែង​ដែល​ឲ្យ​តម្លៃ និង​ផ្តោត​សំខាន់​ទៅលើ​សុខុមាលភាព​របស់​ពួកគេ​មិន​ថា​ ក្នុង​វិស័យ​ធនាគារ​ឬ​វិស័យ​ផ្សេង​ទៀត​ឡើយ​។ ហេតុនេះ ពួក​យើង​នឹង​បន្ត​ខិតខំ​បង្កើន​គុណភាព និង​កែលម្អ​ផលិតផល ព្រម​ជាមួយនឹង​សេវាកម្ម​ទាំងឡាយ​ដែល​ពួក​យើង​មាន​សម្រាប់​អតិថិជន​ទាំងអស់​»​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Shin​ទាក់ទង​ទៅនឹង​គំរូ​អាជីវកម្ម​គិត​ពី “​អតិថិជន​ជា​ស្នូល​” របស់ PPCBank ។

ទន្ទឹម​នឹង​នេះ​ផង​ដែរ ​មាន​ព័ត៌មាន​ល្អ​សម្រាប់​អតិថិជន​ដែល​ចាប់អារម្មណ៍​ទៅ​មើល​សាខា​កែលម្អ​ថ្មី​របស់​ធនាគារ PPCBank​។ ពួកគេ​អាច​រីករាយ​ជាមួយ​ភេសជ្ជៈ​ដែល​បញ្ចុះតម្លៃ ៥០% នៅ​ឯ​ហាង​កាហ្វេ Social Coffee រហូតដល់​ដំណាច់​ឆ្នាំនេះ​! ចាត់ទុក​វា​ជា​កាដូ​ពិសេស​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ពី​ធនាគារ PPCBank​សម្រាប់​រដូវ​កាល​បុណ្យ​ផ្សេងៗ នា​បំណាច់​ឆ្នាំនេះ​។

គួរ​បញ្ជាក់​ថា ​ហាង​កាហ្វេ​នេះ បាន​ដំណើរការ​អស់​រយៈពេល ៦​ខែ​មក​ហើយ នៅ​សាខា​បឹងត្របែក ដែល​បាន​បង្ហាញ​ពី​ភាពជា​ដៃគូ​មួយ ដែល​អាច​សម្រេច​ទៅ​បាន និង​មាន​និរន្តរភាព ហើយ​នៅ​សាខា​មួយទៀត​របស់​ធនាគារ PPCBank ផ្សារ​អូរឫស្សី ក៏​ទើបតែ​បើក​ដំណើរការ​ហាង​កាហ្វេ “Social Coffee” កាលពី​សបា្ដហ៍​មុននេះ​ផងដែរ​។ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អតិថិជន​ចាស់​ពេញចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ទាក់ទាញ​អតិថិជន​ថ្មី​អោយ​ចាប់អារម្មណ៍​ទីតាំង​ធនាគារ​ដ៏​ទំនើប​មួយ​នេះ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114