ព័ត៍មានទាន់​ហេតុការណ៏
Search

គណៈកម្មការ​ក្រុមប្រឹក្សា​ធម៌​វិន័យ​ឥស្លាម គ្រោង​បង្កើតឡើង ដើម្បី​ពង្រឹង​សុខដុមរមនា​សាសនា​ឲ្យ​កាន់តែខ្លាំង

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​បញ្ជាក់ថា​ ៖ គណៈកម្មការ​ក្រុមប្រឹក្សា​ធម៌​វិន័យ​ឥស្លាម​កម្ពុជា​នៅ​ដើមឆ្នាំ​២០១៩ គ្រោង​នឹង​បង្កើតឡើង ដើម្បី​ពង្រឹងគុណភាព​សុខដុមរមនា​សាសនា​ឲ្យ​កាន់​តែ​ខ្លាំង និង​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហុន​សែន ជា​នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​បានបញ្ជាក់​បែបនេះ​ខណៈ​ទទួល​ជួបពិភាក្សា​ការងារ ជាមួយ​បញ្ញវន្ត​ខ្មែរឥស្លាម ដែល​បញ្ចប់​ការសិក្សា​ពី​អា​រ៉ា​ប៊ី​សា​អូឌីត ជា​តំណាង​ឃោសនិក​របស់​ក្រសួង​កិច្ចការ​ឥស្លាម​អា​រ៉ា​ប៊ី​សា​អូឌីត ចំនួន​១៩​នាក់​នៅ​កម្ពុជា។ ​ក្នុង​ជំនួប​នេះ​ក៏​មាន​ការចូលរួម​ពី​លោក​ទូ​នី រ៉ូ​សេត រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា កាលពី​ថ្ងៃ​អង្គារ៍​១២​រោច​ ខែកត្តិក ​ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​០៤​ធ្នូ ឆ្នាំ​២០១៨ នៅ​ស្នាក់​ការ​អង្គការ​មូលនិធិ​អភិវឌ្ឍ​ន៍​មុ​ស្លី​ម​កម្ពុជា។

លោក មូ​សា អះ​ម៉ាត់ ប្រធាន​ក្រុម​បញ្ញវន្ត​ខ្មែរ​ឃោសនិក បាន​ចាត់​ទុក​ជំនួប​ពិភាក្សា​នេះ គឺ​មាន​សារៈ​ប្រយោជន៍​បំផុត សម្រាប់​សហគមន៍ ខណៈ​សមាសភាព​ធនធាន​មនុស្ស​សំខាន់ៗ ត្រូវ​បាន​ថ្នាក់ដឹកនាំ​លើក​កំពស់ និង​ផ្តល់​កម្លាំងចិត្ត​ឲ្យ​មាន​កិច្ចពិភាក្សា​ប្រមូល​ផ្តុំ​ជា​កម្លាំង​ស្នូល​មួយ ដើម្បី​ទទួលបាន​ឱកាស​ក្នុង​ការ​ចែក​រំលែក​បទ​ពិសោធន៍ ចំណេះដឹង​ពិត​ពី​ច្បាប់​ឥស្លាម ការចូលរួម​ទប់ស្កាត់​លំហូរ​ចូល​និកាយ​ស៊ី​អ៊ី​ត និង​ការ​ពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​បញ្ញវន្ត​ជាមួយ​ថ្នាក់ដឹកនាំ​ឥស្លាម​។ ជួសមុខ​ឲ្យ​ក្រុម​បញ្ញវន្ត​ឃោសនិក លោក​បាន​អបអរសាទរ​ថែមទាំង​ជំរុញ​ឲ្យ​ព​ន្លឿ​ន​ក្នុង​ការបង្កើត​គណៈកម្មកា​រ​នេះ​ឲ្យបាន​ឆាប់ៗ​ផងដែរ​។

លោក អូស្មាន ហាស្សាន់ បាន​លើកឡើងថា ៖ ជំនួប​នេះ​ផ្តោត​សំខាន់​ទៅលើ​ការ​គ្រោង​បង្កើត​ឲ្យ​មាន គណៈកម្មការ​ក្រុមប្រឹក្សាវិន័យ​សាសនា​ឥស្លាម​មួយ​ដែល​ហៅថា (Shura) ក្រោម​ឆ័​ត្រ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា ដែល​នឹងមាន​សមាសភាព​ពី​បញ្ញវន្ត​បញ្ចប់​ការសិក្សា​ច្បាប់​ឥស្លាម​ពី​បណ្តា​ប្រទេស​ផ្សេងៗ ដើម្បី​រួម​សហការ​គ្នា​ពិគ្រោះ​យោបល់ ឆ្ពោះទៅ​រក​ការអនុវត្ត​ធម៌​វិន័យ​សាសនា​ឥស្លាម​ល​គោលការណ៍​និយម​កណ្តាល​មួយ ប្រកបដោយ​ការ​អនុគ្រោះ អត់ឱន ជាពិសេស​ពង្រឹង​កិច្ចសហការ​ចូលរួម​លើកស្ទួយ អភិវឌ្ឍន៍​សហគមន៍​ខ្មែរឥស្លាម​ឲ្យ​កាន់តែ​ប្រសើរឡើង ក្រោម​ម្លប់​សន្តិភាព សុខដុម​ប​នីយកម្ម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។ តាម​ការបញ្ជាក់​របស់​លោក​ទេសរដ្ឋមន្ត្រី បានឲ្យដឹងថា លោក​នឹង​ព​ន្លឿ​ង​គណៈកម្មការ​នេះ ឲ្យមាន​ជា​រូបរាង​ឡើង នៅ​ដើមឆ្នាំ​២០១៩​ខាងមុខនេះ​តែម្ដង៕