ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​រដ្ឋ​ឡាវ ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី កម្ពុជា​-​ឡាវ បន្ត​ធ្វើការ​ជាមួយគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ដែលមាន​រវាង​ប្រទេស​ទាំងពីរ

​ភ្នំពេញ ​៖ ​នៅ​រសៀល​ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម​ជាមួយ​លោក ប៊ុន​ញ៉ាំង វរ​ជី​ត (Bounnhang Vorachith)​ប្រធាន​រដ្ឋ​ឡាវ​។

លោក កៅ កឹម​ហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា លោក ប៊ុន​ញ៉ាំង វរ​ជិត បាន​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ​ហ៊ុន សែន​ ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ហើយ​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ថ្មី​ទៀត។ លោក​បាន​កោតសរសើរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ទទួល​ជោគជ័យ​ក្នុងការ​បោះឆ្នោត​រដ្ឋសភា​នា​ពេល​កន្លងមក​នេះ។ លោក​ប្រធាន​រដ្ឋ​ឡាវ​បាន​សម្ដែង​ការ​រីករាយ​ចំពោះ​លទ្ធផល​នៃ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ដែល​បាន​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត។

នៅក្នុង​ឱកាស​នោះ​លោក ប៊ុន​ញ៉ាំង វរ​ជិត ក៏បាន​ឆ្លៀត​ផ្តាំផ្ញើ​សួរសុខទុក្ខ​ចំពោះ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ។

ជា​ការ​ឆ្លើយតប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ពាំនាំ​នូវ​ព្រះរាជ​បន្ទូល​ផ្ដាំផ្ញើ​សួរសុខទុក្ខ​របស់​ព្រះមហាក្សត្រ​កម្ពុជា​ជូន​ចំពោះ​លោក​ប្រធាន​រដ្ឋ​ឡាវ​។​សម្ដេច​តេ​ជោ​ក៏បាន​អរគុណ​ចំពោះ​ប្រធាន​រដ្ឋ​ឡាវ​ដែល​បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​ សម្ដេច​ក៏បាន​អបអរសាទរ​ចំពោះ​ខួប​អនុស្សាវរីយ៍​បុណ្យជាតិ​ឡាវ​ថ្ងៃ ២ ធ្នូ របស់​ប្រជាជន​ឡាវ។ ​ដោយ​សម្តេច​តេ​ជោ​បញ្ជាក់​ថា ​ថ្ងៃ​២​ធ្នូ​នៅ​កម្ពុជា​ក៏​ជា​ថ្ងៃ​ខួប ៤០ ឆ្នាំ​នៃ​ការបង្កើត​ចលនា​តស៊ូ​រំដោះជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ផងដែរ​។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​មកកាន់​ប្រទេស​ឡាវ​លើក​នេះ​គឺជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា កម្ពុជា​បាន​ផ្ដល់​អាទិភាព​ទៅលើ​ប្រទេស​ឡាវ​ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​មុន​ប្រទេស​ណា​ណា​ទាំងអស់​។

​សម្តេច​ក៏បាន​ជម្រាប​ជូន​លោក​ប្រធាន​រដ្ឋ​ឡាវ​អំពី​លទ្ធផល​នៃ​ជំនួប​ជាមួយនឹង​នាយករដ្ឋមន្ត្រី​ឡាវ​នៅ​ព្រឹក​ថ្ងៃទី​៥​ធ្នូ​នេះ​ថា ជា​កិច្ចប្រជុំ​នេះ​ជា​កិច្ចប្រជុំ​ដែល​មាន​លក្ខណៈ​ស៊ីជម្រៅ​និង​ពេញលេញ​ហើយ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ការ​តភ្ជាប់​រវាង​ប្រទេស​ទាំងពីរ ដែល​ក្នុង​នោះ​មាន​ការ​តភ្ជាប់​បណ្ដាញ​អគ្គិសនី​ដោយ​ការទិញ​អគ្គិសនី​ពី​ឡាវ​ទៅ​ផ្គត់ផ្គង់​នៅ​កម្ពុជា និង ការតភ្ជាប់​ស្ពាន​នៅ​ត្រង់​ចំណុច​ទន្លេ រ​ពៅ ដែល​ភ្ជាប់​ប្រទេស​ទាំងពីរ​រវាង​ខេត្តព្រះវិហារ​និង​ខេត្ត​ចំប៉ា​សាក់​របស់​ឡាវ។

សម្តេច​ក៏បាន​ជម្រាប​ជូន​លោក​ប្រធាន​រដ្ឋ​អំពី​កិច្ច​សហប្រតិបត្តិការ​រ​វាង​ទាំងពីរ​ដែល​បាន​ផ្ដោតទៅលើ​វិស័យ​ជាច្រើន​ដូចជា​អប់រំ វប្បធម៌ ទេសចរណ៍ និង វិស័យ​ជាច្រើន​ទៀត ដូចជា​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្រឿងញៀន​ជាដើម។ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​លោក​ប្រធាន​រដ្ឋ​ឡាវ​ថា យើង​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងឡាយ​ដែល​នៅ​សេសសល់​រួមទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ឃាតកម្ម​ឆ្លងដែន​,​ការ​ជួញដូរ​មនុស្ស​និង​គ្រឿងញៀន​ផង​ដែរ។ ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាព​រួមគ្នា​ធ្វើការ​ដោះស្រាយ​នៅ​តំបន់​ព្រំដែន​ដែល​នៅ​សេសសល់​ដែល​មាន​នៅ​តំបន់​អូរ​តា​ង៉ាវ​នឹង​អូរ​អាឡៃ​ផង​ដែរ ដើម្បី​បញ្ចប់​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ឆាប់។

លើស​ពី​នេះ​ទៀត​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ជម្រាប​ជូន​លោក​ប្រធាន​រដ្ឋ​ឡាវ​ថា យុទ្ធសាស្ត្រ​របស់​សម្ដេច​គឺ​ប្រែក្លាយ​តំបន់​ព្រំដែន​នៃ​ប្រទេសជិតខាង​ឲ្យ​ក្លាយ​ទៅជា​ព្រំដែន មិត្តភាព សន្តិភាព កិច្ច​សហប្រតិបត្តិការ និង ការអភិវឌ្ឍ។

សម្តេច​បាន​បន្ត​ថា ទស្សនកិច្ច​របស់​សម្ដេច​មកកាន់​ប្រទេស​ឡាវ​នេះ គឺ​ដើម្បី​ពង្រឹងពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​រវាង​ប្រជាជន​និង​ប្រជាជន រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល។

​ក្នុងនាម​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គោរព​អញ្ជើញ​លោក​ប្រធាន​រដ្ឋ​ឡាវ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា។

លោក​ប្រធាន​រដ្ឋ​ឡាវ​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​លើកឡើង​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​បាន​អរគុណ​ចំពោះ​ការ​អញ្ជើញ​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ លោក​ប្រធាន​រដ្ឋ​បាន​បន្តថា ប្រទេស​ទាំងពីរ​នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​គ្នា​លើ​គ្រប់​វិស័យ​ហើយដោយ​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក និង​ដោយ​ភាពស្មោះត្រង់​ជាមួយគ្នា​ព្រោះ​ប្រទេស​យើង​ទាំងពីរ​បានរួម​សុខ​រួមទុក្ខ​ជាមួយគ្នា​ជា​យូរណាស់​មកហើយ។

លោក​ប្រធាន​រដ្ឋ ក៏បាន​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​បន្តធ្វើ​ការ​ជាមួយគ្នា​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ដើម្បី​ដោះស្រាយ​បញ្ហា​ដែលមាន​រវាង​ប្រទេស​ទាំងពីរ ។ ពី​សេស​ធ្វើការ​រួមគ្នា​កំចាត់​នូវ​បញ្ហា​គ្រឿងញៀន​ដែលជា​បញ្ហា​សកល​មិនមែន​តែ​បញ្ហា​រវាង​ប្រទេស​ឡាវ​និង​កម្ពុជា​នោះទេ ។ លោក ក៏បាន​គាំទ្រ​ចំពោះ​ការប្ដេជ្ញា​ធ្វើ​ឲ្យ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ក្លាយទៅជា​ព្រំដែន​មិត្តភាព​សន្តិភាព កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍។

ជា​ចុងក្រោយ​លោក​ប្រធាន​រដ្ឋ​ឡាវ បាន​អរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានជ្រើសរើស​យក​ប្រទេស​ឡាវ​ជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​លើក​ទី ១​នៅក្នុង​តំបន់៕