ព័ត៍មានទាន់​ហេតុការណ៏
Search

លោកជំទាវ​ប្រធានរដ្ឋសភា​ឡាវ មាន​ទំនុកចិត្ត​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន កម្ពុជា​នឹង​ទទួល​បាន​ការ​រីកចម្រើន​បន្ថែម​ទៀត

ភ្នំពេញ ​៖ ​នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ នេះ ជា​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ថ្ងៃទី​១ នៅក្នុង​ប្រទេស​ឡាវ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ជួប​សម្ដែង​ការគួរសម​ជាមួយនឹង​លោកជំទាវ ប៉ានី យ៉ា​ថ​ទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិ​ឡាវ។

លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ជំនួប​នោះ​លោកជំទាវ ប៉ានី យ៉ា​ថ​ទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិ​ឡាវ​បាន​ស្វាគមន៍​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​រដ្ឋសភា​ឡាវ​ដែល​សម្តេច​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ។

លោកជំទាវ ប៉ានី យ៉ា​ថ​ទូ បាន​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន ថា បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កសាង​នូវ​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ លោកជំទាវ​ក៏បាន​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ជោគជ័យ​នៃ​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោកជំទាវ​ប្រធានរដ្ឋសភា​បាន​ធ្វើ​ការ​កត់សំគាល់​ថា ជោគជ័យ​នៃ​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ​ គឺ​បាន​បង្ហាញ​ពី​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។​ លោកជំទាវ​បាន​មានប្រសាសន៍ថា លោកជំទាវ​ពិតជា​មាន​ជំនឿ​ជឿជាក់​ថា សម្ដេច​តេ​ជោ ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​និង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​មិន​ថា តែ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​បាន​រួម​ចំណែក​ដល់​សុខសន្តិភាព​និង​ការរីកចម្រើន​របស់​តំបន់​ផងដែរ។

លោកជំទាវ ប៉ានី យ៉ា​ថ​ទូ ក៏បាន​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​នាំមក​នូវ​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​កាន់​តែ​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ។

​ការឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​ចំពោះ​ពាក្យពេចន៍​ដ៏​ល្អ​របស់​លោកជំទាវ ប៉ានី យ៉ា​ថ​ទូ ប្រធានរដ្ឋសភា​ឡាវ ។ សម្ដេច​បាន​ជម្រាបជូន​លោកជំទាវ​ប្រធានរដ្ឋសភា​ឡាវ​ថា ការបោះឆ្នោត​នៅ​កម្ពុជា​លើក​នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​ប្រជាធិបតេយ្យ​សេរី​ហើយ​ដែលមាន​ប្រជាជន​ប្រមាណ​ជាង​៨៣ ភាគរយ បាន​ទៅ​ចូលរួម​បោះឆ្នោត មាន​ភាគរយ​ច្រើនជាង​ការបោះឆ្នោត​ពី​អាណត្តិ​មុនៗ​។ ​សម្តេច​បន្តថា ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​បានមក​ដោយសារ​ប្រជាជន​បាន​គាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន ដែល​មាន​សម្លេងគាំទ្ររ​ហូត​ជាង ៧៧ ភាគរយ​នៃ​សំឡេងឆ្នោត​ដែលមាន​គណបក្ស​ចូលរួម​បោះឆ្នោត​ចំនួន ២០ គណបក្ស ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ជម្រាប​ជូន​លោកជំទាវ​ប្រធានសភា​ឡាវ​អំពី​លទ្ធផល​នៃ​ជំនួប​ច​ចារ​វាង​សម្ដេច​ជា​មួយនឹង​នាយករដ្ឋមន្ត្រី​ឡាវ​ដែល​ពាក់ព័ន្ធ​នឹង​ការតភ្ជាប់​អគ្គិសនី ការតភ្ជាប់​ស្ពាន​ពី​ខេត្ត​ចំប៉ា​សាក់​មក​ខេត្តព្រះវិហារ​ដែលជា​ការ​ត​ភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន​និង​ជា​ការ​សម្រួល​ដល់​ការផ្លាស់ប្តូរ ទំនិញ​គ្នា​ទៅវិញទៅមក។

​លោកជំទាវ ប៉ានី យ៉ា​ថ​ទូ បាន​ចាត់ទុកថា ជោគជ័យ​នៃ​ជំនួប​ថ្ងៃនេះ​មាន​សារៈសំខាន់​ក្នុង​ការបន្ត​ជំរុញ​នូវ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ។ លោកជំទាវ ចង់​ឲ្យ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ធ្វើការ​ជាមួយគ្នា​ឲ្យ​បាន​ជិតស្និទ្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​បាន​ប្រសើរ​ឡើង​ថែមទៀត៕