ព័ត៍មានទាន់​ហេតុការណ៏
Search

សមាគម​កម្ពុជា​និង​ម៉ាឡេស៊ី​រួមគ្នា​ការពារ​និង​គ្រប់គ្រង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ម៉ាឡេស៊ី​

ភ្នំពេញ​ ៖​ សមាគម​កម្ពុជា​និង​សមាគម​មកពី​ម៉ាឡេស៊ី​បាន​រួម​គ្នា​ការពារ​និង​គ្រប់គ្រង​ដល់​ពលករ​ខ្មែរ​ធ្វើការ​នៅ​ម៉ាឡេស៊ី​ដើម្បី​ជួយ​គាំពារ​សុខភាព​ក៏ដូចជា​អន្តរាគមន៍​ដល់​ពលករ​ឲ្យ​បាន​ទាន់​ពេលវេលា​។

លោក ងុ​យ រិ​ទ្ធ នាយករង​ខុទ្ទកាល័យ​លោក បណ្ឌិត​អ៊ិត​ សំហេង​ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជំរុញ​ឲ្យ​សមាគម​ទីភ្នាក់ងារ​ហត្ថពល​កម្ម​កម្ពុជា សមាគម​ជ្រើសរើស​ពលករ​កម្ពុជា​និង​សមាគម​ជ្រើសរើស​ពលករ​ចំនួន​៣​របស់​ម៉ាឡេស៊ី ត្រូវ​សហការ​គ្នា​ឲ្យ​បាន​ស្អិតល្មួត​ដោយ​ធ្វើ​យ៉ាង​ណា​ផ្តល់​នូវ​ការ​ការពារ​សុវត្ថិភាព លើកកម្ពស់​លក្ខខណ្ឌ​ការងារ​និង​សុខមាលភាព​សង្គម​ដល់​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​កាន់តែ​ប្រសើរ​ប្រ​ឡើង​ថែមទៀត​។​

ថ្លែង​ក្រោយពី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​រវាង​សមាគម​កម្ពុជា​និង​សមាគម​ម៉ាឡេស៊ី​នៅ​ព្រឹក​ថ្ងៃទី​៥​ធ្នូ​នៅ​ទីស្តីការ​ក្រសួង​ដោយមាន​ចូលរួម​ធ្វើជា​សាក្សី​ពី​លោក​បណ្ឌិត​អ៊ិត​ សំហេង លោក ងុយ រិ​ទ្ធ ​បាន​មានប្រសាសន៍ថា​ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺជា​យន្តការ​បន្ថែម​ថ្មី​មួយទៀត​ក្នុង​លើកកម្ពស់​សិទ្ធិ សុខុមាលភាព និង​ការ​ការពារ​ដល់​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​បន្ថែម​ពីលើ​យន្ត​ការដែល​រាជរដ្ឋាភិបាល​មាន​ស្រាប់។

​លោក ងុ​យ​រិ​ទ្ធ​ បាន​បន្ត​ថា ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​គាំពារ ការពារ​សិទ្ធ​និង​ផលប្រយោជន៍​ពលករ​ខ្មែរ​នៅ​បរទេស​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទទួល​និង​ពង្រឹង​ការអនុវត្ត​ច្បាប់​និង​បទដ្ឋាន​នានា​រួម​ទាំង​សេវាកម្ម​ធានារ៉ាប់រង​ដល់​ពលករ​កម្ពុជា​លើ​ការធានា​គ្រោះថ្នាក់​ការងារ​និង​អាយុជីវិត​ផងដែរ​។

ចំណែក​លោក ស្រី​អ៊ឹង ស៊ា​ង​រិទ្ធី​ប្រធាន​សមាគម​ជ្រើសរើស​ពលករ​កម្ពុជា​បាន​មានប្រសាសន៍ថា​ ការ​សហការ​ជាមួយ​សមាគម​ម៉ាឡេស៊ី​នេះ​គឺ​តាមរយៈ​កិច្ច​​សហប្រតិបត្តិការ​នេះ​គឺ​សមាគម​ទាំង​៥​នឹង​ធ្វើ​ការ​ផ្តោះប្តូរ​ព័ត៌មាន​និង​រាល់​បញ្ហា​នានា​ដែល​ពលករ​ខ្មែរ​ជួបប្រទះ​ដើម្បី​រួមគ្នា​ដោះស្រាយ​និង​ធ្វើ​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា​សំដៅ​ធានា​បាន​នូវ​សុខ​សុ​វត្តិភាព​ជួន​ដល់​ពលករ។

លោកស្រី​សង្ឃឹមថា​តាមរយៈ​កិច្ចសហការ​នេះ​នឹង​ជួយ​បង្កើន​នូវ​ទំនុកចិត្ត​ថែមទៀត​ដល់​ពលករ​ខ្មែរ​ដែល​មាន​បំណង​ទៅ​ធ្វើ​ការងារ​ប្រទេស​ម៉ាឡេស៊ី​បន្ទាប់​រាជរដ្ឋាភិបាល​បាន​ផ្អាក​ការ​បញ្ជូន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​តាំងពី​ឆ្នាំ​២០១១​កន្លងទៅនេះ​។

លោកស្រី​បាន​បន្ត​ថា​ បន្ទាប់ពី​ចុះ​អនុស្សរណៈ​នេះ​ទៅ​សមាគម​នឹង​ចាប់ផ្តើម​បញ្ជូន​ពលករ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ចូលរួម​លើ​កម្ពស់​ជីវភាព​រស់នៅ​របស់​ពលករ​ខ្មែរ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

លោកស្រី​បាន​បន្ថែម​ថា ​ចាប់​ពី​ពេល​នេះ​ទៅ​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ម៉ាឡេស៊ី​នឹង​លែងមាន​បញ្ហា​ទៀតហើយៗ​ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​នៅ​កន្លែង​ការងារ ​ឬ ​នៅ​តាម​ផ្ទះ​នោះ​អាច​ទំនាក់​ទំនង​មកកាន់​សមាគម​ទាំង​បី​របស់​ម៉ាឡេស៊ី​ដើម្បី​យើង​រួមគ្នា​ដោះស្រាយ​ឲ្យ​បាន​ទាន់ពេលវេលា​។

បើតាម​រដ្ឋមន្ត្រីក្រសួង​ធនធានមនុស្ស​នៃ​ប្រទេស​ម៉ាឡេស៊ី​ធ្លាប់​បាន​អះអាង​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​ថា មាន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាង​៤​ម៉ឺន​៦​ពាន់​នាក់​ ក្នុង​នោះ​មាន​ពលករ​ស្របច្បាប់​ជាង​៨​ពាន់​នាក់​ប៉ុណ្ណោះ​ដោយ​ធ្វើការ​ទៅលើ​ការងារ​រោងចក្រ ផ្នែក​សំណង់​និង​ផ្នែក​កសិកម្ម​៕