ព័ត៍មានទាន់​ហេតុការណ៏
Search

ឯម​ ឡេង​លី ជួប​សងសឹក កាំ​ឡៃ​ផេ​ត ឯ​ចាន់ ​ប៊ុន​លាភ សងសឹក អេក​អាំ​នួ​យ​ នៅ​សង្វៀន​ស្ទឹង​មាន​ជ័យ​

​ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​កម្ពុជា ​គឺ ឯម​ ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ​កាំ​ឡៃ​ផេ​ត​ (Kamlaipetch Phakthung​chai) ហើយ​ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ជួប​សងសឹក​ជាមួយ អេក​អាំ​នួ​យ ឆ​.​ឈោ​ក​អាំ​នួ​យ​(Eakaumnuay Chhor.Chhorkaumnuay) នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ ទី​០៩​ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ​។

ឯម ឡេង​លី និង កាំ​ឡៃ​ផេ​ត ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម។ កាលពី​ជួប​គ្នា​លើក​មុន​(០៣​សីហា​២០១៨) ឡេង​លី ត្រូវ​ កាំ​ឡៃ​ផេ​ត វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ ទើប​ ឯម ឡេង​លី សុំ​សងសឹក​នាពេលនេះ។

កាំ​ឡៃ​ផេ​ត អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​វាយ​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក​។ យ៉ាងណា កាំ​ឡៃ​ផេ​ត ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុកថៃ​។​ បើតាម​ប្រវត្តិ​របស់​ កាំ​ឡៃ​ផេ​ត គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ក៏​កម្រ​មាន​អ្នក​យកឈ្នះ​បានដែរ។ គេ​ធ្លាប់​វាយ​ឈ្នះ​ រឿង សោ​ភ័​ណ្ឌ ពីរលើក ឈ្នះ​ ឡុង សុ​ភី មួយ​លើក ឈ្នះ ​ឡុង សុវណ្ណ​ឌឿ​ន​ មួយ​លើក និង​ឈ្នះ​ ផុន ផាន់​ណា មួយ​លើក ហើយក៏​ធ្លាប់​ចាញ់​មឿ​ន សុខ​ហ៊ុ​ច មួយ​លើក ចាញ់ ​ព្រំ សំណាង ពីរលើក ចាញ់​ ឡៅ ចន្ទ្រា ដោយ​ពិន្ទុ គេ​បាន​ផ្ដួល​យក​ឈ្នះ ​វង្ស​ណ​យ ពីរលើក ដែល​លើក​ទី​១​ គេ​ឈ្នះ ​វង្ស​ណ​យ ​ក្នុង​ទឹក​ទី​២ និង​លើក​ទី​២ ឈ្នះ ​វង្ស​ណ​យ​ ដោយ​ពិន្ទុ និង​ចុង​ក្រោយនេះ ត្រូវ​ វង្ស ណ​យ យកឈ្នះ​ដោយ​ពិន្ទុ​វិញ។ ដូច្នេះ ឯម ឡេង​លី មិន​ដឹង​ថា អាច​សងសឹក កាំ​ឡៃ​ផេ​ត បានសម្រេច ​ឬ​អត់​នោះឡើយ?។

ឯម ឡេង​លី ពិបាក​សង្ឃឹម​ឈ្នះ ​កាំ​ឡៃ​ផេ​ត ​ណាស់ បើ​ធៀប​ជាមួយ​ប្រវត្តិ​ប្រកួត​របស់​ពួកគេ​ទាំងពីរ​នោះ កាំ​ឡៃ​ផេ​ត​ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​១០៥​លើក ឈ្នះ​៨១​លើក ចាញ់​២១​លើក និង ស្មើ​០៣​លើក ខណៈ​ដែល​ ឯម ឡេង​លី មាន​កំណត់​ត្រា​ប្រកួត​តែ​ចំនួន​៤៤​លើក ឈ្នះ​៣៥​លើក ចាញ់​០៨​លើក ស្មើ​០១​លើក​នោះ។​

ទោះជា​ យ៉ាង ឯម​ឡេង​លី​ មិនអាច​ធ្វេសប្រហែស​ ឬ​មើលងាយ កាំ​ឡៃ​ផេ​ត​ បានឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​សាមញ្ញ​នោះ​ទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​កម្ពុ​ជាច្រើនរូប​ហើយ។ ប៉ុន្តែ​យ៉ាងណា កាំ​ឡៃ​ផេ​ត ក៏​មិនអាច​មើលងាយ ឯម ឡេង​លី បានដែរ ព្រោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​រូបនេះ មិន​សាមញ្ញ​នោះ​ទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ​ច្រើន​រូប​ហើយ គឺ​បញ្ជាក់ថា​គេ​មិន​អន់​នោះទេ។​

ចាំមើល ឯម ឡេង​លី អាច​សងសឹក​យកឈ្នះ​ កាំ​ឡៃ​ផេ​ត បានសម្រេច​ឬ​អត់​?។ ឯម ឡេង​លី គេ​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ បាន​ផ្ដួល​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Chai Suo ក្នុង​ទឹក​ទី​៤ កាលពី​ថ្ងៃទី​២១​ ខែ​តុលា​ ឆ្នាំ​២០១៨​កន្លងទៅ។​

ចាន់ ប៊ុន​លាភ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ អេក​អាំ​នួ​យ ឆ​.​ឈោ​ក​អាំ​នួ​យ ដែល​គេ​ស្គាល់​ថា​ពីមុន​មានឈ្មោះ ភេ​ចណាំ​អេក ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ដែល​ក្នុង​នោះគេ​ធ្លាប់ ​ឈ្នះ ​ចាន់ ប៊ុន​លាភ​ ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៦​ ខែ​សីហា​ ឆ្នាំ​២០១៨។

អេក​អាំ​នួ​យ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១​លើក​ប៉ុណ្ណោះ ក្នុងនោះ​វាយ​ឈ្នះ​៥៧​លើក ចាញ់​១១​លើក និង​ស្មើ​០៣​លើក។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​។​

ចាន់ ប៊ុន​លាភ គេ​មាន​ផ្លែ​ល្អ ពិសេស​ គឺ​ផ្លែ​ កែង និង​ជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស ​ប៊ុន​លាភ នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ អេក​អាំ​នួ​យ មួយ​មុខ​ប៉ុណ្ណោះ។ ចាន់ ប៊ុន​លាភ មាន​ប្រវត្តិ​ប្រកួត​មិនតិច​ក្រោម​១០០​លើក​នោះទេ ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ​វាយ​ចាញ់​Khumpetch ក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃទី​០២​ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ទោះជា​យ៉ាងណា ចាន់ ប៊ុន​លាភ ដែល​ជួប​ប្រកួត​ជាមួយ អេក​អាំ​នួ​យ នេះ គេ​មិន​ហ៊ាន​អះអាង​មុន​ថា ប៊ុន​លាភ​ ឈ្នះ​ក្នុង​ការប្រកួត​នេះ​ទេ។ ចាំមើល តើ ​ប៊ុន​លាភ អាច​សងសឹក ​អេក​អាំ​នួ​យ បានសម្រេច​ឬ​អត់?។​

សូម​បញ្ជាក់​ថា អេក​អាំ​នួ​យ នេះ កាលពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ គេ​បានមក​ប្រកួត​នៅ​ភ្នំពេញ ដោយ​វាយ​ចាញ់​ ពុទ្ធ ឆាយ​រិទ្ធី ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដោយ​ពិន្ទុ៕​