ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ប្រាក់​លាន​ ទម្ងន់​៥៤​គ​.​ក្រ ​ជុំ​ទី​៣ ៖ សៅ ប៊ុនធឿន ជួប ម៉ន វ៉ា​ន្នី​, គឿ​ម សុវណ្ណ​ឌឿ​ត ជួប ឡុង ខេត្ត​ ​

​ប្រដាល់ ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជម្រុះ​ដណ្ដើម​ប្រាក់​១០​លាន​រៀល របស់​ក្រុមហ៊ុន​ស្រាបៀ​Ganz berg ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម នៅលើ​សង្វៀន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នៅ​យប់​ថ្ងៃ​សៅរ៍ ​ទី​០៨ ខែ​​ធ្នូ​ ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​ជុំ​ទី​៣ ​របស់​ សៅ ប៊ុនធឿន , ម៉ន វ៉ា​ន្នី , គឿ​ម សុវណ្ណ​ឌឿ​ត និង ឡុង ខេត្ត។

សម្រាប់​ការប្រកួត​ជុំ​ទី​៣​នេះ ដែលមាន​២​គូ​នោះ គឺ​សៅ ប៊ុនធឿន ក្លិប​តា​ព្រហ្ម​មានជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ ​ម៉ន វ៉ា​ន្នី ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ហើយ ​គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ ឡុង ​ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​។​

រវាង​ សៅ ប៊ុនធឿន និង ម៉ន វ៉ា​ន្នី ធ្លាប់​ជួបគ្នា​ម្តង​ហើយ​កន្លងមក ដោយ ​ម៉ន វ៉ា​ន្នី​ ឈ្នះ​ដោយ​ពិន្ទុ។ ពួកគេ​ទាំងពីរ សុទ្ធ​តែមាន​សមត្ថភាព​បច្ចេកទេស​ខ្ពស់​ដូចគ្នា ដែល​មិនមាន​នរណា​ហ៊ាន​មើលស្រាល​គ្នា​នោះទេ ក្នុងការ​ជួបគ្នា​លើក​នេះ។​

ឆ្លងកាត់​ជម្រុះ​ពីរ​ជុំ​កន្លងមកនេះ សៅ ប៊ុនធឿន វាយ​ឈ្នះ​ទាំងពីរ​ជុំ ទទួល​បាន​៦​ពិន្ទុ ហើយ​ចំពោះ​ម៉ន វ៉ា​ន្នី វិញ ឆ្លងកាត់​ប្រកួត​ពីរ​ជុំ​ដូចគ្នា គេ​ឈ្នះ​១ ចាញ់​១ ទទួល​បាន​៤​ពិន្ទុ​។​

ចាំមើល តើ​ក្នុងការ​ប្រកួត​រវាង សៅ ប៊ុនធឿន និង ម៉ន វ៉ា​ន្នី នៅ​ជុំ​ទី​៣​នេះ តើ​អ្នកណា​រកបាន​៣​ពិន្ទុ​បន្ថែម​នោះ​?។ សៅ ប៊ុនធឿន ប្រកួត​ចុងក្រោយ​នេះ គេ​វាយ​ឈ្នះ ​គួ​ន សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ពិន្ទុ ឯ​ការប្រកួត​លើកចុងក្រោយ​របស់ ​ម៉ន វ៉ា​ន្នី គឺ​វាយ​វ៉ន វ៉ុ​ន ក្លិប​អេ​ភូ​ថង​កីឡា​ក្នុង​ទឹក​ទី​៤។​

ចំពោះ ការជួបគ្នា​រវាង​ គឿ​ម សុវណ្ណ​ឌឿ​ត និង ឡុង ខេត្ត វិញ​នោះ គឺ​ពុំ​ធ្លាប់​ជួបគ្នា​ទេ ពីមុនមក​។ ពីរ​នាក់​នេះ ទើប​ជួបគ្នា​ជា​លើកដំបូង​ប៉ុណ្ណោះ។​

សម្រាប់​ការជួបគ្នា​លើក​នេះ ទោះជា​គេ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា ​នរណា​ជា​អ្នកឈ្នះ​នោះ ក៏​គេ​រំពឹង​ទុក​ថា គឿ​ម សុវណ្ណ​ឌឿ​ត ជា​អ្នក​ដែល​មាន​ប្រៀប​ឈ្នះ​លើ ​ឡុង ខេត្ត ដែរ។ ​ដូច្នេះ​ចាំមើល ការ​ប្រកួត​ជាក់ស្ដែង តើន​រណា​ជា​អ្នកឈ្នះ​នោះ?​។​

ឆ្លងកាត់​ការប្រកួត​ជម្រុះ​ពីរ​ជុំ​កន្លងមកនេះ គឿ​ម សុវណ្ណ​ឌឿ​ត វាយ​ចាញ់​ទាំងពីរ​ជុំ បាន​២​ពិន្ទុ ហើយ​ឡុង ខេត្ត ឆ្លងកាត់​ជម្រុះ​ពីរ​ជុំ​ដូចគ្នា គេ​ឈ្នះ​១ ចាញ់​១ បាន​៤​ពិន្ទុ។​

គឿ​ម សុវណ្ណ​ឌឿ​ត ប្រកួត​លើកចុងក្រោយ​នេះ គេ​វាយ​ចាញ់​ ចាន់ សាន់ ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ។ ចំណែក​ ឡុង ខេត្ត ប្រកួត​ចុងក្រោយ​នេះ វាយ​ចាញ់ ​យុគ យក្ស​ផ្លែ​ ក្នុង​ទឹក​ទី​២។​

ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​គូ​ម៉ា​រ៉ា​តុង ដណ្ដើម​ប្រាក់​១០​លាន​រៀល​ វគ្គ​៣ ​របស់​ក្រុមហ៊ុន​ស្រា​បៀ Ganzberg ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម មាន​អ្នក​ប្រដាល់​ចំនួន​០៨​នាក់ មកពី​សមាគម​-​ក្លិប​ចំនួន​៨ បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។

អ្នក​ប្រដាល់​ទាំង​០៨​រូបនោះ ត្រូវ​បែង​ចែកជា​ពីរ​ពូ​ល មួយ​ពូ​ល​មាន​៤​រូប ដែល​ក្នុង​ពូ​ល​A មាន​កីឡាករ ជី ឆៃលី សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​, វ៉ន វ៉ុ​ន ក្លិប​អេ​ភូ​ថង​កីឡា , សៅ ប៊ុនធឿន ក្លិប​តា​ព្រហ្ម​មានជ័យ និង គឿ​ម សុវណ្ណ​ឌឿ​ត ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​ ខេត្ត​បាត់ដំបង​។

ចំណែក​ពូ​ល B មាន ម៉ន វ៉ា​ន្នី ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​, ឡុង ខេត្ត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​, ចាន់ សាន់ ក្លិប​និរោធ​មានជ័យ និង​កីឡាករ គួ​ន​សុវណ្ណ ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ។​

ចំពោះ​រូបមន្ត​ នៃ​ការប្រកួត គឺជា​ការប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ដោយ​ការប្រកួត​មួយ​លើកៗ​មាន​តែ២គូ។ ការប្រកួត​នេះ គឺ​ធ្វើតាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ដោយ​អ្នក​ទាំង៨ ត្រូវ​ជួបគ្នា​ទាំងអស់ ។​ ការប្រកួត​ជម្រុះ​ទម្លាក់ចោល​៦​នាក់​ចេញ ទុក​២​នាក់​ ដែលមាន​ពិន្ទុ​លើស​គេ ​ក្នុង​ពូ​ល​នីមួយៗ ពោល​គឺ​យក​លេខ​១​ពូ​ល​A និង​លេខ​១​ពូ​ល​B ដើម្បី​ឡើង​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើម​យក​ប្រាក់​១០​លាន​រៀល​តែម្ដង។​

សូមបញ្ជាក់ថា សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ អ្នក​ដែល​ឈ្នះ​ គឺ​ទទួលបាន​ប្រាក់រង្វាន់​១០​លាន​រៀល និង អ្នក​ចាញ់​បាន២លាន​រៀល។​

ព្រឹត្តិការណ៍​នេះ មាន​រយៈពេល ០៩ សប្ដាហ៍ ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៣​វិច្ឆិកា នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៩៕