ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​០៣​នាក់​ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​រថយន្ត​កាម​រី​ឆ្លាម ប៉ះ​គ្នា​ជាមួយ​ម៉ូតូ ហើយ​ជ្រុល​ទៅ​បុក​ដើម​ចាន់​គី​រី​​

​សៀមរាប ៖ កាលពី​វេលា​ម៉ោង​២២​និង​៤៥​នាទី​យប់​ ថ្ងៃទី​០៥​ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅត្រង់ចំណុច​ចន្លោះ​វត្ត​ខ្នាត លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ មាន​ករណី​គ្រោះ​ចរាចរណ៍ រវាង​យន្ត​កាមរី​ឆ្លាម​ជិះ​គ្នា​២​នាក់ និង ម៉ូតូ ហុងដា​ឌ្រី​ម​១​គ្រឿង ជិះ​ម្នាក់ឯង ហើយ​រថយន្ត​បាន​បន្ត​ទៅបុក​ផ្ទុប​នឹង​ដើម​ចាន់​រី​ទៀត បណ្តាល​ឲ្យ​ស្លាប់​ទាំង​០៣​នាក់​នៅ​កន្លែងកើតហេតុ ចំណែក​រថយន្ត​ និង​ម៉ូតូ ​ខូចខាត​ទាំងស្រុង​។

មន្ត្រីប៉ូលិស​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រួមមាន ៖​
១/​ឈ្មោះ ខឿ​ម វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​តាទក ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀមរាប​។​
២/​ឈ្មោះ ជាម សំណាង ភេទ​ប្រុស អាយុ​២៥ ឆ្នាំ រស់នៅ​ភូមិ គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀមរាប​។
៣/​ឈ្មោះ ភាន់ សា​វីន ភេទ​ប្រុស អាយុ២២ឆ្នាំ រស់នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក ខេត្ត​សៀមរាប​។

​សូម​រំលឹកថា នៅត្រង់ចំណុច​ចន្លោះ ​វត្ត​ខ្នាត លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​សាស្ត្រ​ស្រុក​ពួក តែង​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ ញឹកញាប់​ ព្រោះ​ផ្លូវ​មាន​សណ្ឋាន​កោង រាង​អក្សរ N ហើយ​ងងឹត បើ​អ្នកបើកបរ​ឆ្លងកាត់ ប្រើ​ល្បឿន​លើស​កំណត់ ច្បាស់​ជា​មិនអាច​គ្រប់គ្រង​យានយន្ត​បាន អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ជា​យថា​ហេតុ​៕