ព័ត៍មានទាន់​ហេតុការណ៏
Search

រូបភាព​ផ្កាយរណប​បង្ហាញ​ពី​សកម្មភាព​នៅ​មូលដ្ឋាន​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​

​យោងតាម​រូបភាព​ផ្កាយរណប​ដែល​ចេញផ្សាយ​ដោយ​ទូរទស្សន៍ CNN កាលពី​ថ្ងៃ​ពុធ​បាន​បង្ហាញថា ប្រទេស​កូរ៉េខាងជើង​បាន​ពង្រីក​មូលដ្ឋាន​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដ៏​សំខាន់​មួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​មួយ​រវាង​មេដឹកនាំ​របស់​ប្រទេស​លោក គីម ជុង​អ៊ុន និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ​។​

អ្នក​ទាំងពីរ​នាក់​បាន​ជួបគ្នា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ហើយ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​មិន​ច្បាស់លាស់​មួយ​ដែល​បាន​សន្យាថា​នឹងធ្វើ​ការ​ឆ្ពោះទៅរក​ការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង​ចេញពី​ឧបទ្វីប​កូរ៉េ​ថ្វីបើ​វា​មិន​និយាយ​លម្អិត​អំពី​របៀប​ដែល​ការរំសាយ​នេះ​នឹង​កើតឡើង​ក៏ដោយ​។​

​យោងតាម​ទូរទស្សន៍ CNN បានអោយដឹងថា ក្រុង​ព្យុងយ៉ាង​បាន​អភិវឌ្ឍន៍​មូលដ្ឋាន​មី​ស៊ី​ល Yeongjeo-dong នៅ​តំបន់​ជួរ​ភ្នំ​របស់​កូរ៉េខាងជើង​ហើយ​បាន​សាងសង់​កន្លែង​មួយ​ផ្សេងទៀត​ដែល​មិន​ធ្លាប់​ត្រូវ​បានកំណត់​ជា​សាធារណៈ​កាលពីពេល​កន្លងមក​។​

ក្រុម​អ្នកជំនាញ​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​អាមេរិក​នេះ​ថា ទីតាំង​របស់​ស្ថានីយ​នេះ​បានធ្វើអោយ​វា​មាន​លក្ខណៈ​សមរម្យ​ដើម្បី​ដាក់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ថ្មី​បំផុត​របស់​កូរ៉េខាងជើង​រួមទាំង​មី​ស៊ី​ល​មួយ​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផងដែរ​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ មន្ទីរ​បញ្ច​កោណ​បាន​និយាយថា “​យើង​បាន​ឃ្លាំមើល​កូរ៉េខាងជើង​យ៉ាង​ជិតដិត​ប៉ុន្តែ​យើង​មិនអាច​ពិភាក្សា​អំពី​ការសម្ងាត់​បានទេ​”​។​

លោក ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​សង្ឃឹមថានឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​ជា​លើក​ទី​២​ជាមួយ​លោក គីម នៅ​ដើមឆ្នាំ​២០១៩​។​
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក John Bolton បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក ត្រាំ គិតថា បុរស​ខ្លាំង​កូរ៉េខាងជើង​មិនបាន​បំពេញ​តាម​ការប្តេជ្ញាចិត្ត​ដែល​គាត់​បាន​ធ្វើឡើង​នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុងប្រទេស​សិង្ហ​បុរី​ទេ​៕ AFP