ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​ចិន​ជាង​២០០​នាក់​ ជា​ក្រុម​ចាប់​ជំរិត​តាម​​អ៊ីនធឺណិត ត្រូវ​បាន​បណ្ដេញ​ឲ្យ​ទៅ​ប្រទេស​ខ្លួន​វិញ

ភ្នំពេញ​ ៖​ ជនជាតិ​ចិន​ចំនួន​២៣២​នាក់ ក្នុង​នោះ​ស្រី​ចំនួន​៣៨​នាក់ ត្រូវ​បាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ធ្វើការ​បណ្ដេញ​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ បន្ទាប់ពី​រក​ឃើញ​ថា ​ពួកគេ​មួយ​ចំនួន​លួច​ឆ្លងដែន​ចូល​មក​ប្រទេស​កម្ពុជា​ ដោយ​ខុសច្បាប់​ ហើយ​បាន​ប្រព្រឹត្ត​បទល្មើស ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​​អ៊ីនធឺណិត​ ហើយ​ត្រូវ​បង្ក្រាប​ចាប់​ខ្លួន​បាន​កន្លង​មក​នៅ​ក្នុង​ខេត្ត​តាកែវ ទើបតែ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ ជន​សង្ស័យ​ទាំង​២៣២​នាក់ ​ត្រូវ​បាន​បណ្ដេញ​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ និង​តាម​ជើង​យន្តហោះ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

តាម​លោក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តន៍​នីតិវិធី បាន​ឲ្យ​ដឹងថា ជនជាតិ​ចិន​ទាំង​២៣២​នាក់ មាន​ស្រី​៣៨​នាក់ ក្នុងនោះ​មាន​មួយ​ចំនួន​តូច​ បាន​លួច​ឆ្លងដែន​ចូលមក​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ និង​បាន​ប្រព្រឹត្ត​បទល្មើស ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ហើយ​ត្រូវ​បាន​កង​សន្តិសុខ​ប្រទេស​ចិន​រួម​សហការ​ជាមួយ នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម ​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​ បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ចាប់ខ្លួន បាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លងមក នៅក្នុង​ខេត្តតាកែវ មាន​៤​គោលដៅ​ផ្សេងគ្នា នៅ​ក្នុង​ស្រុក​ត្រាំកក់ ចំនួន​២​កន្លែង និង​ស្រុក​បាទី ចំនួន​២​កន្លែង។

ក្រោយពី​បង្ក្រាប​​ ជនសង្ស័យ​ទាំងនេះ​បាន​ហើយ​នោះ ​ត្រូវបាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ រួមសហការ​ជាមួយ​កងសន្តិសុខ​របស់​ប្រទេស​ចិន ធ្វើ​ការ​ចាត់​បញ្ជូន​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំពេញ តាម​ជើង​យន្តហោះ​របស់​ប្រទេស​ចិន​ផ្ទាល់។

ក្នុង​បរិបទ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សង្កេតឃើញ មានការ​លំហូរ​ចូល​នៃ​ជន​ជាតិចិន​មករកស៊ីស្រុក​ខ្មែរ​ច្រើនណាស់ ​ហើយ​មាន​ក្រុមខ្លះ​តែង​បង្ក​ភាព​អនាធិបតេយ្យ​នៅក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​ជា​បន្ដបន្ទាប់ ដូចជា​ប្រើប្រាស់​ថ្នាំញៀន​បង្ក ​អំពើហិង្សា​ និង​មាន​ក្រុម​ចាប់​ជំរិត​នេះ​ជាដើម តែ​ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៃ​ប្រទេស​កម្ពុជា​តែងតែ​ចាប់​ឃាត់ខ្លួន​ពួកគេ​ជា​បន្ដបន្ទាប់​ផងដែរ​ដើម្បី​បញ្ជូនទៅ​ប្រទេស​កំណើត​របស់គេ​វិញ៕