ព័ត៍មានទាន់​ហេតុការណ៏
Search

រាជិនី​ក្រមា មាន សូ​នី​តា ផ្ទុះ​ប្រតិកម្ម​លើ​ក្រុមហ៊ុន​រី​ម៉ូ​វា​កម្ពុជា ​ដែល​យក​វីដេអូ​ខ្លួន​ទៅ​បង្ហោះ​គ្មាន​ការ​អនុញ្ញាត​

ភ្នំពេញ ​៖​ តារា​សម្តែង​ស្រី​រូប​ស្រស់ មាន​ប្រជាប្រិយភាព​ និង​ទទួល​បាន​ការ​គាំទ្រ​ជាប់​ងារ​ជា​កំពូល​រាជិនី​ក្រមា​ កញ្ញា មាន សូ​នី​តា បាន​បញ្ចេញ​ប្រតិកម្ម​មិន​ពេញចិត្ត​ចំពោះ​ក្រុមហ៊ុន​បរទេស​មួយ ​ដែល​បច្ចុប្បន្ន​ក៏​កំពុងមាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ផង​នោះ ​ខណៈដែល​ក្រុមហ៊ុន​មួយ​នេះ​(​រី​ម៉ូ​វា​កម្ពុជា RIMOWA Cambodia)​ បាន​បំពាន​លើ​កម្មសិទ្ធិបញ្ញា​ ដោយ​យក​វីដេអូ​ និង​រូបភាព​របស់​នាង​ទៅ​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ និង​ផេ​ក ល​ក់​ផលិតផល​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​។​

តារា​ស្រី​ កញ្ញា មាន សូ​នី​តា បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ខ្ញុំ​សូម​ជម្រាប​ដល់​ក្រុមហ៊ុន​ប្រេន​មួយ​ដែល​បាន​យក​វីដេអូ​ខ្ញុំ ” មាន សូ​នី​តា ” ទៅ​ផុស​ដោយ​គ្មាន​ការ​អនុញ្ញាត ​ជាពិសេស មិនបាន​សុំ​កម្មសិទ្ធិ​បញ្ញា​។ ខ្ញុំ​នឹង​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ទៅដល់​សាធារណជន ទាំងអស់ ឲ្យ​បាន​ស្គាល់ ហើយ​ជា​ពិសេស​មិន​ថា​បង​ៗ ​ជា​ជនជាតិ​ផ្សេង​ ពិសេស​គឺ​បាន​យល់ដឹង​ច្បាប់​ពី​កម្មសិទ្ធិ​បញ្ញា ( copyright ) ហើយ​នៅតែ​បំពាន​លើ​ច្បាប់​ទៀត ​អញ្ចឹង​ សូម​ឲ្យ​បងប្អូន​ទាំងអស់គ្នា​ជួយ​គិតដល់​ចំណុច​នេះ គួរតែ​ចាត់​ការ​ដោយ​របៀប​ណា?។​

តារា​សម្ដែង​លេចធ្លោ​លើ​សកម្មភាព​មនុស្សធម៌​ កញ្ញា មាន សូ​នី​តា បាន​បន្តទៀតថា ​ជូន​ចំពោះ អ្នក​កាន់​ផេ​ក​ប្រេន​ដ៏​ធំ​មួយ​នេះ​ផង កុំ​គិត​ថា​តារា ខ្មែរ​ល្ងង់ មិន​ហ៊ាន​និយាយ​ ឬ​តវ៉ា​អ្វី​ដែលជា​ភាពត្រឹមត្រូវ​នោះ … ។ ​សូមមេត្តា​កុំ​ឈ្លើយ​ដាក់​ខ្ញុំ​ដែលជា​តារា​ក្នុងស្រុក ខ្ញុំ​មានតម្លៃ​របស់ខ្ញុំ អ្នក​មិន​អាច​មើល​ងាយ​ស្រួលៗ​នោះទេ ចុងក្រោយ​ជូន​ដល់​ក្រុមហ៊ុន នោះ​ថា ​ត្រូវ​ផុស​សូមទោស “​មាន ​សូ​នី​តា​” ជា​ផ្លូវការ​ក្នុង​ផេ​ក​ផ្លូវការ ដូច​បង​យក រូបភាព​គេ​ទៅ​ប្រើ​អញ្ចឹង​មិនមែន​យក​ករណី​ផ្ទាល់ខ្លួន​មក comment នោះទេ​។​

លើសពីនេះ​ កញ្ញា មាន សូ​នី​តា ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​បន្ថែមថា​ ចំពោះ​វីដេអូ​ន​ និង​រូបភាព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន រី​ម៉ូ​វា​កម្ពុជា​( RIMOWA Cambodia) យកទៅ​បង្ហោះ​នៅលើ​ផេ​ក​របស់ខ្លួន​នោះ ​គឺ​ស្ថិតក្នុង​សកម្មភាព​ដែល​នាង​ថត​បង្ហោះ​លក្ខណៈ​ឯកជន​ដោយ​នៅក្នុង​ដៃ​មាន​កាន់ និង អូស​វ៉ាលិស​ម៉ាក​ល្បី​មួយ​ អំឡុង​ពេល​ចេញទៅ​ក្រៅប្រទេស​។ ​ប៉ុន្តែ​ក៏​ស្រាប់តែ​ក្រុមហ៊ុន​មួយ​នេះ​ដែលមាន​វត្ត​មាននៅ​ស្រុក​ខ្មែរ​បំពាន​យក​រូបភាព​ និង​វីដេអូ​នេះ​ទៅ​បង្ហោះ​បន្ត​ដោយ​គ្មាន​សុំ​ការ​អនុញ្ញាត ​ឬ​ទាក់ទង​មក​ខ្លួន​បន្តិច​ណា​ហើយ​។​

កញ្ញា មាន សូ​នី​តា​ និយាយទៀតថា ​មិន​ត្រឹមតែ​បំពាន​លើ​កម្មសិទ្ធិ​បញ្ហា​របស់ខ្ញុំ​ប៉ុណ្ណោះ​ទេ ​គឺ​ក្រុម​ហ៊ុន​នោះ​ ថែមទាំង​ប្រើប្រាស់​នូវ​ពាក្យសម្ដី​មិន​សមរម្យ​ហ៊ាន​មាន​ចេតនា​ចង់​មើលងាយ​តារា​ខ្មែរ​(​ខ្ញុំ សូ​នី​តា​)​ទៀតផង​ដែរ​។ ​ម្យ៉ាងទៀត ​តាមរយៈ​វីដេអូ​នេះ​ ពុំមែន​ជាការ​ចុះកិច្ចសន្យា​ ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រវាង​នាង​ និង​ក្រុមហ៊ុន​នោះ​ឡើយ ផ្ទុយទៅវិញ​គឺជា​ការបំពាន​លើ​សិទ្ធិ​បុគ្គល​ និង​ច្បាប់​ស្រុក​ខ្មែរ​តែម្ដង​។​

តារា​ស្រី​ស្រស់​ស្អាត​ កញ្ញា មាន សូ​នី​តា បាន​បញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​នាង​កំពុងតែ​ព្យាយាម​ទាក់​ទង​ដើម្បី​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ចេញមុខ​ទទួលខុសត្រូវ ​និង​សូមទោស​ជា​សាធារណៈ​ ព្រោះថា​នេះ​ជា​ការ​បំពាន​លើ​សិទ្ធិ​របស់​នាង​ ក៏ដូចជា​ធ្វើ​ផ្ទុយ​នឹង​ច្បាប់​ផង​ដែរ​។ ​ប៉ុន្តែ​បើសិនជា​ក្រុមហ៊ុន​មួយ​នេះ​(​រី​ម៉ូ​វា​កម្ពុជា RIMOWA Cambodia) ​គ្មាន​ដំណោះស្រាយ​នោះ​ទេ អាច​ពិចារណា​តាម​ផ្លូវ​ច្បាប់​ ខណៈ​ដែល​ពេលនេះ​នាង ​ក៏​កំពុង​ព្យាយាម​តតាំង​ក្នុងនាម​ជា​អ្នក​សិល្បៈ​ខ្មែរ​ ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​បរទេស​មួយ​នេះ​មើលងាយ​លើ​តារា​ខ្មែរ​ឯទៀត​ផងដែរ​ ដោយ​ហេតុ​ថា ​ក្រុមហ៊ុន​នេះ​បានធ្វើ​ខុស​តាមរយៈ​ការ​កេង​ចំណេញ​លើ​ផលប្រយោជន៍​របស់​ខ្លួន​ផង​នោះ​៕