ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត ​សួស វី​ហ្សា ​ទម្លាយ​ស្នេហា​ពិត ជា​មួយ​ លោក ថ​មមី​

​ភ្នំពេញ ​៖ ​មិន​ខុស​ពី​ពាក្យចាស់​ ដែល​តែងតែ​ដំណាល​តៗ​គ្នា​ថា បើ​ដំរី​ងាប់ ​គឺ​មិន​អាច​យក​ចង្អេរ ទៅ​បាំង​ជិត​នោះ​ឡើយ។ ជាក់ស្ដែង​ ដូចជា​រឿងរ៉ាវ​ស្នេហា​របស់​តារា​ចម្រៀង​ស្រី ​ប្រចាំ​ផលិតកម្ម​ហង្ស​មាស ​គឺ​កញ្ញា សួស វី​ហ្សា អញ្ចឹង​ដែរ​ ពោល​គឺ​កន្លងមក ​នាង​តែង​ព្យាយាម​លាក់បាំង​ពី​ក្រសែភ្នែក​មហាជន​លើ​ការ​សាង​ទំនាក់​ទំនង​ស្នេហា​ជាមួយ​បុរស​សង្សារ ​លោក ថ​មមី។

ជា​ការ​ពិត​តារា​ស្រី​ កញ្ញា សួស វី​ហ្សា ថ្វីត្បិតតែ​កន្លងមក ​ធ្លាប់​រង​នូវមាន​ព័ត៌មាន ​និង​មានការ​ទម្លាយ​លើ​ករណី​ នៃ​ការ​លួចលាក់​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ លោក ថ​មមី យ៉ាងណាក្តី​ ប៉ុន្តែ​ជារឿយៗ​ តារា​ស្រី​រូបនេះ​ តែង​ចេញមុខ​ឆ្លើយ​បដិសេធ​​ចំពោះ​ការពិត។ ខណៈ​ដែល​រឿងរ៉ាវ​នេះ ​បាន​ល្បី​រន្ទឺ​ដល់​ស្រទាប់​មហាជន​ដែល​ជា​អ្នកគាំទ្រ​ស្ទើរ​គ្រប់គ្នា​ផង​នោះ។

ក្រដាស ​ពិតជា​មិន​អាច​ខ្ចប់​ភ្លើង​បាន​មែន​ ជាក់ស្ដែង​ដូចជា​រឿង​ស្នេហា​របស់​ កញ្ញា ​សួស វី​ហ្សា អញ្ចឹង​ដែរ ​នៅ​ទី​បំផុត​សាមីខ្លួន​ បាន​ចេញ​មុខ​ទម្លាយ​ការពិត​តាមរយៈ​ការប្រកាស​ចំណង​ស្នេហ៍​ផ្អែម​ល្ហែម​មាន​រយៈពេល​៤​ឆ្នាំ​របស់​ខ្លួន ​ជាមួយ​បុរស​គូស្នេហ៍ ​លោក ថ​មមី បង្ក​ការចាប់អារម្មណ៍ ​និង​ដើម្បី​ជា​ការ​ស្រាយ​ចម្ងល់​របស់​មហាជន​នា​គ្រា​កន្លងមក​ដែល​ខ្លួន​(​វី​ហ្សា​)​តែងតែ​ច្រានចោល​លើ​ករណី​មួយ​នេះ។

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ផ្អែមល្ហែម​អង្គុយ​កៀកកើយ​គ្នា​នាឱកាស​ថ្ងៃ​គម្រប់​ខួប​៤​ឆ្នាំ ​នៃ​ចំណង​ស្នេហា​របស់​ពួកគេ​ កញ្ញា សួស វី​ហ្សា បាន​សរសេរ​រៀបរាប់​ភ្ជាប់​អត្ថន័យ​ផ្អែមល្ហែម​ថា Happy anniversary 4year​។ អរគុណ T ដែល​តែងតែ​គោរព​ស្រលាញ់ និង​ផ្ដល់​តម្លៃ​ឲ្យ​ខ្ញុំ​រហូត​មក​។ សំខាន់​ស្រលាញ់​គាត់​ត្រង់ ​ទោះ​ពេល​ពិបាក​ខ្លាំង​ប៉ុណ្ណា​ក៏​នៅ​ក្បែរ មិន​ទៅ​ចោល មិន​រត់ចោល​អញ្ចឹង ខ្ញុំ​គួរ​ដល់ពេល​តបស្នង​ដល់​គាត់​វិញ​ដោយ​ក្តី​គោរព​ស្រលាញ់​ដូចគ្នា​។​

កញ្ញា​សួស វី​ហ្សា បាន​បន្ថែម​ទៀត​ថា ​អរគុណ​ដល់​បងប្អូន ពូ​មីង​ទាំងសងខាង ​រួមទាំង​ក្រុម​រាំ និង​ម្ចាស់​ហាង ផ្ទាល់​ដែល​ព្រួត​គ្នា​ធ្វើ​កម្មវិធី​ឲ្យ​មួយ​ទំហឹង​យ៉ាង​សប្បាយ និង​ពេញ​ដោយ​អត្ថន័យ ខ្ញុំ​មិន​ដឹង​ទេ​ថា ​ខ្ញុំ​ធ្វើ​នេះ​ខុស ​ឬ​ត្រូវ​យ៉ាងណា​អញ្ចឹង​មាន តែ សូម​អធ្យាស្រ័យ ពី​បងប្អូន​ទាំង​ក្នុង​ និង​ក្រៅ FB (Facebook) ផង ​ខ្ញុំ​គ្រាន់តែ​ដឹង​ត្រឹម​ថា​ ខ្ញុំ​ចង់​ផ្តល់​តម្លៃ​ នៃ​ពាក្យ​ថា ​ស្រលាញ់ ​ឲ្យ​មនុស្ស​ដែល​ខ្ញុំ​ស្រលាញ់ និង​ផ្ដល់​ឲ្យ​ខ្លួនឯង​ដោយ​លែង​លាក់លៀម​។​

តាមរយៈ​ការប្រកាស​ដោយ​បើកចំហ ​ដោយ​គ្មាន​ការ​លាក់បាំង​លើ​ករណី​សាង​សម្ពន្ធភាព​ស្នេហា​រវាង​នាង​( សួស វី​ហ្សា​)​ ជាមួយ​បុរស​សង្ហា​ លោក ថ​មមី នេះដែរ​ បច្ចុប្បន្ន ​កញ្ញា សួស វី​ហ្សា គឺ​ទទួល​បាន​ការចាប់អារម្មណ៍​ និង​គាំទ្រ​ខ្លាំង​ចំពោះ​ភាព​ក្លាយ​ហាន​ហ៊ាន​ទម្លាយ​ការពិត​ប្រាប់​ដល់​មហាជន​អ្នកគាំទ្រ​របស់​ខ្លួន​៕