ព័ត៍មានទាន់​ហេតុការណ៏
Search

វេទិកា​​សាធារណៈ​នៅ​ខណ្ឌ​ដង្កោ ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ ជួយ​កសាង និង​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ តែ​គ្មាន​សំណើ​លើ​បញ្ហា សន្តិសុខ

ភ្នំពេញ​ ៖ ​ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​វេទិកា​សាធារណៈ នៅ​តាម​បណ្ដា​ ខណ្ឌ​នីមួយៗ នៅក្នុង​រាជធានី​ភ្នំពេញ តែង​មាន​ប្រជាពលរដ្ឋ លើ​ឡើង​នូវ​សំណើ​ និង​សំណូមពរ​ជាច្រើន ដែលមាន​បញ្ហា​ប្រឈម ក្នុង​មូលដ្ឋាន​របស់​ខ្លួន រួមមាន​ការ កសាង ស្តារ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និង​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​ជា​តម្រូវ​ការចាំបាច់ ជាពិសេស បញ្ហា​សន្តិសុខ សណ្ដាប់ធ្នាប់ និង​បញ្ហា​គ្រឿងញៀន ដែល​ជា​ក្តី​កង្វល់​ដ៏​ធំ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​នីមួយ។

សម្រាប់​វេទិកា​សាធារណៈ ដែល​បាន​រៀបចំ នៅ​ក្នុង​ខណ្ឌ​ដង្កោ​ នា​ព្រឹក​ថ្ងៃទី​៦​ ខែធ្នូ ឆ្នាំ​២០១៨​នេះ មាន​សំណើ​ និង​សំណូមពរ ជាច្រើន ពី​សំណាក់​ប្រជាពលរដ្ឋ​​ ​ទៅ​អាជ្ញាធរ​រាជធានី ក៏ដូចជា ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង សមត្ថកិច្ច​ពាក់ព័ន្ធ។ ជាការ​កត់សម្គាល់ រាល់​សំណើ​ និង​សំណូមពរ​ទាំងនោះ ប្រជាពលរដ្ឋ បាន​ស្នើឱ្យ​អាជ្ញាធរ ជួយ​ពន្លឿន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ជួយ​ជួសជុល ផ្លូវ សុំ​ផ្លូវ​ថ្មី សុំ​ផ្លូវ​បេតុង សុំ​ត​ភ្ជាប់​ប្រព័ន្ធ​ទឹកស្អាត ភ្លើង​រដ្ឋ និង សម្រួល​ចរាចរ តែប៉ុណ្ណោះ ប៉ុន្តែ​មិនមាន​ការលើកឡើង​ពី​សំណើ​ លើ​ការ​ពង្រឹង​សន្តិសុខ និង​ជួយ​ទប់ស្កាត់ បង្ការ បង្ក្រាប លើ​បទល្មើស​ចោរកម្ម និង​បញ្ហា​គ្រឿងញៀន​នោះឡើយ​។​



ក្នុងន័យនេះ ចង់បង្ហាញ​ឱ្យឃើញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ក្នុង ខណ្ឌ សង្កាត់ ដើម្បី​រក្សាបាន​នូវ​សុខដុម​នីយកម្ម ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន បាន​យ៉ាង​ល្អប្រសើរ ពលរដ្ឋ​រស់នៅ​ដោយ​គ្មាន​ក្តីកង្វល់ ពោលគឺ​អនុវត្ត​បានល្អ ចំពោះ​ផែនការ ឬ គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាពិសេស​បញ្ហា​គ្រឿងញៀន ដែល​បាននិងកំពុង​យាយី ក្នុង​រាជធានី​ភ្នំពេញ ក៏ដូចជា​បណ្តា​ខេត្ត​មួយចំនួន ខណៈ​រាជរដ្ឋាភិបាល កំពុង​ដុតដៃដុតជើង ក្នុង​យុទ្ធនាការ ទប់ស្កាត់ បង្ការ បង្ក្រាប និង​ប្រយុទ្ធ​ប្រឆាំង​នូវ​រាល់​បទល្មើស​គ្រឿងញៀន​នេះ។

បើ​ទោះ​ជា​ពុំ​មាន​ការ​លើកឡើង ជា​សំណើ​​នៅ​ក្នុង​វេទិកា​សាធារណៈ​នេះ​ក្តី តែ​បញ្ហា​សន្តិសុខ និង បញ្ហា​គ្រឿងញៀន​នេះ ត្រូវ​បាន​យកចិត្តទុកដាក់​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ផ្នែក និង​មានការ​ជំរុញ​បន្ថែម ពី​អាជ្ញាធរ ពិសេស អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​គ្រប់​វេទិកា ដល់ សមត្ថកិច្ច​មូលដ្ឋាន ឱ្យ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង អនុវត្ត​ឱ្យ​បាន​ល្អ តាម​ផែនការ និង​អនុសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា ជួយ​ដោះស្រាយ​បញ្ហា​កើតមាន​ក្នុង​មូលដ្ឋាន និង​ជួយ​អន្តរាគមន៍ ឱ្យ​បាន​ទាន់​ពេល​វេលា​ជូន​ប្រជាពលរដ្ឋ គ្រប់ សង្កាត់ ខណ្ឌ ទូទាំង​រាជធានី​ភ្នំពេញ។
លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌ​ដង្កោ បាន​ឆ្លើយតប​ទៅ​នឹង​សំណើ​​សំណូមពរ​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​នោះ​ដែរ​ថា នៅក្នុង​សង្កាត់​សាក់​សំពៅ យើង​ធ្វើ​ផ្លូវ​អស់ហើយ ហើយ​ល្អ​ជាងគេ បើ​ប្រៀប​សង្កាត់​ផ្សេងៗ ក្នុងនាម​អាជ្ញាធរ យើង​ពិតជា​បាន​និង​កំពុង​ខិតខំ​ជួយ​ប្រជាពលរដ្ឋ​ណាស់ តែ​សំខាន់​ថ្នាក់ក្រោម​ត្រូវ​រាយការណ៍​ពី​ភាព​អវិជ្ជមាន​ និង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ ​ដើម្បី​យើង​រួមគ្នា​ដោះស្រាយ​ជូន​ពួកគាត់​អោយ​ទាន់​ពេល។ លោក​បន្តទៀតថា បញ្ហា​ដែល​​ថា ធ្វើ​ផ្លូវ​បាន​៣​ទៅ​៤០០​ម៉ែត្រ​ទុកចោល​នោះ ​លោក អភិបាល​បញ្ជាក់ថា ដោយ​ថវិកា​យើង​មាន​កម្រិត ហើយ​ត្រូវ​ចែករំលែក​ទៅតាម​ភូមិ​សង្កាត់​ផ្សេងទៀត ប្រៀប​បាន​យើង​មាន​នំ​មួយ​ដុំ យើង​ហែក​ចែក​គ្នា​អញ្ចឹង​ដែរ មានន័យថា ឆ្នាំនេះ​យើង​ធ្វើបាន​៣០០​ម៉ែត្រ ឆ្នាំក្រោយ យើង​មាន​លុយ​គម្រោង​ខណ្ឌ​សង្កាត់ យើង​ដោះស្រាយ​ធ្វើ​បន្តទៀត។​

លោក​ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការបង្កើតអោយមាន​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពរដ្ឋ ពី​ថ្នាក់​សង្កាត់​រហូតដល់​រាជធានី គឺ​ដើម្បី​ដោះស្រាយ​ការចង់បាន​របស់​ពួកគាត់​។ ចំពោះ បញ្ហា​ទឹក ភ្លើង ប្រឡាយ ផ្លូវ ដែល​ប្រជាពលរដ្ឋ​លើក​ឡើងជា​កង្វល់​នេះ​យើង​ធ្វើបាន​ច្រើន​ហើយ ប៉ុន្តែ​យើង​ក៏​នៅតែ​បន្តធ្វើ​ជូន​ប្រជាពលរដ្ឋ​បន្ថែមទៀត​។ មានន័យថា លុយ​របស់​រដ្ឋ បាន​ធ្លាក់​មកដល់​ដៃ​ប្រជាពលរដ្ឋ​ផ្ទាល់​ហើយ​មិនបាន​យក​ទៅ​ណា​ទេ នោះ​គឺ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន​នេះឯង។

សូមបញ្ជាក់ថា វេទិកា​សាធារណៈ ដែល​បាន​រៀបចំ​នៅ​ខណ្ឌ​ដង្កោ មានការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉ាន់ ឈឿន សមាជិក​ព្រឹទ្ធសភា​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ អភិបាលខណ្ឌ ប្រធាន​មន្ទីរ មន្ត្រី​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រមាណ​ជា​៥០០​នាក់៕