ព័ត៍មានទាន់​ហេតុការណ៏
Search

ទំហំ​ពាណិជ្ជកម្ម រវាង កម្ពុជា និង​ថៃឡង់ដ៍ សម្រេច​បាន​៧​ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ត្រឹម​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៨

​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ថៃឡង់ដ៍ នឹង​បន្ត​កើន​ឡើង​ថែមទៀត ហើយ​ឈានទៅ​សម្រេច​តាម​ផែនការ​ដែល​បាន​កំណត់ ដោយសារ​ប្រទេស​ទាំងពីរ មាន​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​។​

លោក​បន្តថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់ដ៍ បាន​កើន​ឡើង​រហូតដល់​ជាង ៧​ប៊ី​លាន​ដុល្លារ នៅត្រឹម​បំណាច់​ខែតុលា ឆ្នាំ​២០១៨ ដែល​ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​កិច្ច​សហប្រតិ​បត្តិការ​ប្រទេស​ទាំងពីរ ខណៈដែល​ប្រមុខ​រដ្ឋាភិបាល គ្រោង​បង្កើន​ទំហំ​ពាណិជ្ជកម្ម ឲ្យ​បាន​ដល់ ១៥​ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០២០​។​

ក្រសួង បាន​ឲ្យ​ដឹងថា តួលេខ​នេះ​ត្រូវ​បាន​បង្ហាញ បាន​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ លោក ប៉ាន់​យ៉ា​រក្ស ភូ​ន​សាប់ (Panyarak Poolthup) ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា នា​ឱកាស​ចូលរួម​ពិធី​បុណ្យ​ជាតិ​ថៃ ដែល​រៀបចំឡើង​នៅ​ស្ថានទូត​ថៃឡង់ដ៍​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្មី​កន្លងមកនេះ។​

នៅក្នុង​ជំនួប​នោះ លោក រដ្ឋមន្ត្រី ក៏បាន​អះអាង​ប្រាប់ លោក​ឯកអគ្គរាជទូត​ថា កម្ពុជា​នឹង​បន្ត​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ថៃឡង់ដ៍ ជាពិសេស​ក្នុងពេលដែល​ប្រទេស​ថៃឡង់ដ៍ ធ្វើជា​ប្រធាន​អាស៊ាន នៅ​ក្នុង​ឆ្នាំ​២០១៩ ខាងមុខ សំដៅ​ធ្វើ​ឲ្យ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្រិត​តំបន់ (RCEP) អាច​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ក្នុង​ឆ្នាំក្រោយ ដើម្បី​ធានា​ការ​ធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​របស់​កម្ពុជា​។​

បន្ថែម​លើ​នោះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក រដ្ឋមន្ត្រី ក៏បាន​សម្ដែង​នូវ​ការ​អបអរសាទរ និង​បាន​ជូនពរ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន ​នៃ​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ ដែល​កំពុង​ប្រារព្ធ​បុណ្យ​ជាតិ​ទូទាំង​ប្រទេស ដើម្បី​រំលឹក​ដល់​ថ្ងៃកំណើត​របស់​អតីត​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ដែល​មាន​គុណូបការៈ​យ៉ាង​លើសលប់ និង​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​សំណាក់​ប្រជាជន​ថៃ​គ្រប់​ស្រទាប់​វណ្ណៈ​។​

ជា​ការ​ឆ្លើយតប លោក ប៉ាន់​យ៉ា​រក្ស ភូ​ន​សាប់ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គាំទ្រ និង​ជួយ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ថៃឡង់ដ៍ ឲ្យ​កាន់តែ​រីក​ចម្រើន​ឥត​ឈប់ឈរ​។

លោក​ឯកអគ្គរាជទូត ក៏បាន​សន្យា​បន្ត​ពង្រីក​ការ​តភ្ជាប់​ព្រំដែន​រវាង​កម្ពុជា និង​ថៃឡង់ដ៍ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​អប់រំ តាមរយៈ​ការ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ក៏ដូចជា​ការ​បង្កើត និង​អភិវឌ្ឍន៍​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់​ឈើទាល និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ដោយ​ប្រើ​ប្រាស់​មូលនិធិ​របស់​ម្ចាស់ក្សត្រី មហា​ចក្រី ស៊ូ​រិ​ន​ដន (Maha Chakri Sirindhorn)​៕​