ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋាភិបាល​បារាំង​ជំរុញ​អោយ​មាន​សាមគ្គីភាព ​ស្រប​ពេល​ប្រឈមមុខ​នឹង​ការ​តវ៉ា​ដ៏​ធំ

រដ្ឋាភិបាល​បារាំង​កាលពី​ថ្ងៃ​ពុធ ​បាន​ជំរុញ​អោយ​ភាគី​នានា​ដែលមាន​ការបែកបាក់​គ្នា​ត្រូវ​បញ្ឈប់​បាតុកម្ម​ដែល​បាន​វាយប្រហារ​ទូទាំងប្រទេស​នេះ​អស់​រយៈពេល​ជាង​ពីរ​សប្តាហ៍ ​និង​បានផ្តល់​សញ្ញា​ថា ខ្លួន​ត្រៀម​រួចជាស្រេច​ក្នុង​ការធ្វើសម្បទាន​បន្ថែ​ម​ទៀត​ដើម្បី​បញ្ចៀស​អំពើហិង្សា​។

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Benjamin Griveaux បាន​និយាយថា ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​អំពាវនាវ​អោយ​បណ្តា​មេដឹកនាំ​ដែលជា​គូប្រជែង​នយោបាយ​និង​សហជីព​ត្រូវ​ជួយ​គ្នា​ដើម្បី​លុបបំបាត់​កំហឹង​ប្រឆាំង​រដ្ឋាភិបាល​ដែល​កាលពី​ថ្ងៃ​សៅរ៍​បាន​បង្កអោយមាន​កុប្បកម្ម​ដ៏​អាក្រក់​បំផុត​នៅ​កណ្តាល​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។​

លោក Griveaux បាន​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថា “​ពេលវេលា​ដែល​យើង​កំពុង​រស់នៅ​នេះ​គឺ​មិនមែន​អំពី​ការទាស់ទែង​គ្នា​ផ្នែក​នយោបាយ​នោះទេ​ប៉ុន្តែ​វា​គឺ​អំពី​សាធារណរដ្ឋ​”​។​

ស្របពេល​ជាមួយគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី Edouard Philippe បាន​គាំទ្រ​ការអំពាវនាវ​នេះ​ដោយ​ប្រាប់​សភា​ថា “​អ្វី​ដែលជា​ហានិភ័យ​គឺ​សន្តិសុខ​របស់​ប្រជាជន​បារាំង​និង​ស្ថាប័ន​របស់​យើង​។ ខ្ញុំ​សូម​អំពាវនាវ​អោយមាន​ការទទួលខុសត្រូវ​”​។​

បាតុកម្ម​បានចាប់ផ្តើម​នៅ​ថ្ងៃទី​១៧​ខែវិច្ឆិកា​ប្រឆាំងនឹង​ការកើនឡើង​ពន្ធ​ប្រេងឥន្ធនៈ​ប៉ុន្តែ​ពួកគេ​បាន​រាលដាល​ទៅរក​បញ្ហា​កាន់តែ​ធំ​ទៅដល់​របៀបវារៈ​គាំទ្រ​អាជីវកម្ម​របស់លោក Macron និង​ពាក្យបណ្តឹង​ដែលថា គាត់​នៅ​ឆ្ងាយ​ពេក​ជាមួយនឹង​ការតស៊ូ​របស់​ប្រជាជន​សាមញ្ញ​។​

មនុស្ស​ចំនួន​៤​នាក់​ត្រូវបាន​សម្លាប់​និង​រាប់រយ​នាក់​ទៀត​រងរបួស​នៅក្នុង​ឧបទ្ទវ​ហេតុដែល​ទាក់ទង​ទៅនឹង​ការបិទផ្លូវ​នៅ​ទូទាំងប្រទេស​និង​ការតវ៉ា​មុន​បុណ្យ​ណូអែល​។​
​កាលពី​ថ្ងៃ​សៅរ៍ ក្រុម​កុបករ​បានធ្វើ​ការវាយប្រហា​រ​នៅ​ទីក្រុង​ប៉ារីស​ដោយ​ដុត​រថយន្ត​២០០​គ្រឿង​, វាយកម្ទេច​បង្អួច​ហាង​និង​បំផ្លាញ​សំណល់​អគារ Arc de Triomphe ដែលជា​វិមាន​ជាតិ​។​

មេដឹកនាំ​ស្ដាំនិយម​លោកស្រី Marine Le Pen និង​មេដឹកនាំ​ឆ្វេងនិយម​និយាយ​មិន​សំចៃមាត់​លោក Jean-Luc Melenchon គឺជា​អ្នកគាំទ្រ​យ៉ាងរឹងមាំ​ចំពោះ​ការទាមទារ​របស់​ក្រុមបាតុករ​។​

លោក Macron ដែល​អត្រា​គាំទ្រ​របស់គាត់​បាន​ធ្លាក់ចុះ​ដល់​ត្រឹម​២៣​ភាគរយ​គឺ​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​នៅឡើយ​ទេ​ចាប់តាំងពី​វិល​ត្រឡប់មក​ប្រទេស​បារាំង​ពី​កិច្ចប្រជុំ​កំពូល G-20 ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​វិញ​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​៕ AFP