ព័ត៍មានទាន់​ហេតុការណ៏
Search

សភា​កម្ពុជា ​នឹង​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក ​លើក​ទី​២៧ នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៩​ខាងមុខ​

​ភ្នំពេញ ​៖ សភា​កម្ពុជា ​នឹង​ទទួល​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ ​នៅ​ពាក់កណ្ដាល​ខែ​មករា​ ឆ្នាំ​២០១៩​ខាងមុខនេះ​។​ ក្នុង​កិច្ចប្រជុំ​ពិភាក្សា ស្ដីពី​ការ​ត្រៀម​រៀបចំ​ប្រចាំ​ឆ្នាំ នៃ​វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៧ នា​ព្រឹក​ថ្ងៃទី​៦​ធ្នូ​នេះ ​នៅ​វិមាន​រដ្ឋសភា ឯកឧត្ដម បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១ ​រដ្ឋសភា​ បាន​លើក​ទឹក​ចិត្ត​ឲ្យ​មន្ត្រី នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ទាំងអស់​ ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ផ្នែក​សន្តិសុខ​ការពារ បច្ចេកទេស បដិសណ្ឋារកិច្ច និង​បែបបទ នីតិវិធី​ចាប់ពី​ការងារ​មុន​កម្មវិធី​រហូត​ដល់​ចប់ ​នៃ​កម្មវិធី​នេះ​។​

ឯកឧត្ដម​បញ្ជាក់​ថា សភាជាតិ​កម្ពុជា ​បាន​ទទួល​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ នៃ​វេទិកា សភា​អាស៊ី​-​ប៉ាស៊ីហ្វិក ​ហៅ​កាត់​ថា (APPF) លើក​ទី​២៧ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ​ទី​១៧​ ខែ​មករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប ខេត្ត​សៀមរាប ក្រោម​ប្រធានបទ​” ពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​” ។

ការ​ធ្វើជា​ម្ចាស់ផ្ទះ​ នៃ​កិច្ចប្រជុំ នឹង​លើក​មុខមាត់​ប្រទេស​កម្ពុជា​ក្នុង​ឆាក​អន្តរជាតិ​ ជាពិសេស​បាន​រួម​ចំណែក ដោះស្រាយ​បញ្ហា​រួម​នៅក្នុង​វិស័យ​សេដ្ឋកិច្ច បរិស្ថាន ការប្រែប្រួល​អាកាសធាតុ ការ ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម លើកកម្ពស់​សមភាព​យេនឌ័រ ទេសចរណ៍ វប្បធម៌ សិទ្ធិមនុស្ស​ជាដើម​។

លោក ឡេង ប៉េង ឡុង អគ្គលេខាធិការ នៃ​អគ្គលេខាដ្ឋាន​រដ្ឋសភា​បាន​មានប្រសាសន៍ថា គិត​ត្រឹម​ថ្ងៃទី​៦​ធ្នូ​នេះ សភាជាតិ​កម្ពុជា​ បាន​ត្រៀម​រួចរាល់​ហើយ ​ទាំង​ផ្នែក​សន្តិសុខ​ សណ្ដាប់ធ្នាប់ ការងារ​ព័ត៌​មាន​ផ្សព្វផ្សាយ និង​ការងារ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។ រហូតមកដល់​ពេលនេះ​ មាន​បណ្តា​ប្រទេស​ជា​សមាជិក​មួយចំនួន​បាន​បញ្ជូន​នូវ​សេចក្ដីព្រាង​សេចក្តី​សម្រេច​ជាង​១០​រួចហើយ ​ពាក់ព័ន្ធ​ទៅនឹង​នយោ​បាយ សន្តិសុខ សេដ្ឋកិច្ច សង្គម និង​ស្ត្រី ដើម្បី​ត្រៀម​ដាក់​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ​។

ជាមួយគ្នានេះ ក៏មាន​ប្រទេស​ខ្លះ​ បាន​បញ្ជូន​ឈ្មោះ​ថ្នាក់ដឹកនាំ​ឲ្យ​មក​ចូលរួមបាន ប្រមាណ​ជិត​១០០​នាក់​ហើយ​។​

សូម​បញ្ជាក់​ថា វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក ប្រចាំ​ឆ្នាំ​លើក​ទី​២៦ ឆ្នាំ​២០១៨ ធ្វើ​នៅ​ប្រទេស​វៀត​ណាម។

វេទិកា​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក​នេះ បាន បង្កើត​ឡើង​នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣ ហើយ​សភា​កម្ពុជា​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​ នៃ​វេទិកា​សភា​នេះ ​កាលពី​ឆ្នាំ​១៩៩៥ បច្ចុប្បន្ន APPF មាន​សមាជិក​ពេញ​សិទ្ធ​ចំនួន​២៧​ប្រទេស​៕