ព័ត៍មានទាន់​ហេតុការណ៏
Search

រាជរដ្ឋាភិបាល ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​ភាព​រើសអើង​របស់​ជន​ពិការ​ ក្នុង​សង្គម​

​ភ្នំពេញ​ ៖​ ឯកឧត្តម​កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​រាជរដ្ឋាភិបាល ​បាន​បន្ត​ការយកចិត្តទុកដាក់​ខ្ពស់​ ដោយបាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ផ្សេងៗ​ សំដៅ​កាត់បន្ថយ​ភាព​រើសអើង​របស់​ជន​ពិការភាព​នៅ​ក្នុង​សង្គម​។​

ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​ជន​មាន​ពិការភាព​កម្ពុជា លើក​ទី​២០ និង​ទិវា​ជន​មាន​ពិការភាព អន្តរជាតិ លើក​ទី​៣៦ កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ធ្នូ​ នៅ​សាល​មហោស្រព​កោះ​ពេជ្រ​នេះ ឯកឧត្ដម​​ឧបនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ កម្ពុ​ជា​ទ​ទួល​បាន​ជោគជ័យ​យ៉ាងច្រើន​ក្នុងការ​កាត់បន្ថយ​ភាព​រើស​អើង​ចំពោះ​ជន​មាន​ពិការភាព​នៅ​ក្នុង​សង្គម​ជា​បន្តបន្ទាប់ តាមរយៈ​ការអនុវត្ត​អនុសញ្ញា​ ស្ដីពី​សិទ្ធិ​ជន​ពិការ របស់​អង្គការសហប្រជាជាតិ ទសវត្សរ៍​ជន​ពិការ​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក យុទ្ធសាស្ត្រ ​អ៊ី​ន​ឈាន់ និង​សេចក្ដីថ្លែងការណ៍​ទីក្រុង​ប៉េកាំង ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី ពិការភាព​ឆ្នាំ​២០១៤-២០១៨ ​សំដៅ​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ សង្គម ​និង​សេដ្ឋកិច្ច ក្នុង​បុព្វ​ហេតុ​បង្កើត​កាលានុវត្តភាព​ការងារ​សម្រាប់​ជន​មាន​ពិការភាព ការកាត់បន្ថយ ភាព​ក្រីក្រ ​និង​ការ​អភិវឌ្ឍន៍​ការងារ​សំខាន់ៗ​ នៃ​វិស័យ​ពិការភាព​នៅ​កម្ពុជា​។​

លើស​ពី​នេះ​ទៅទៀត ថ្មីៗ​នេះ ​រាជរដ្ឋាភិបាល​ ក៏បាន​ដាក់​ចេញ​នូវ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម ដើម្បី​កំណត់​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្នុងការ​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ប្រាក់ ចំណូល​និង​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ផ្នែក​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​របស់​ប្រជាជន សំដៅ​លើក​កម្ពស់ សុខុមាលភាព និង​សាមគ្គីភាព​សង្គម​ ព្រមទាំង​កាត់បន្ថយ​ភាព​ក្រីក្រ​ឲ្យ​បានជា​អតិបរមា​។​

លើសពីនេះ​ទៀត ​រាជរដ្ឋាភិបាល​ បាន​យកចិត្តទុកដាក់​ក្នុង​ការ​បង្ការ ពិការភាព ការ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត ការលើកកម្ពស់​សិទ្ធិ​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ ជំរុញ​ឲ្យ​មានការ​ដាក់ បញ្ចូល​បងប្អូន​មាន​ពិការភាព​ទៅក្នុង​ការអភិវឌ្ឍន៍​សង្គម ​និង​សេដ្ឋកិច្ច សំដៅ​ជួយ​ដល់​ជន​មាន​ពិការភាព និង ក្រុម​គ្រួសារ​ឲ្យ​ទទួល​បាន​គុណភាព​ជីវភាព​ល្អ​ប្រសើរ គ្មាន​ការរើសអើង ទទួល​បាន​សេវា​សង្គម និង​សេវា សាធារណៈ​ស្មើគ្នា ការចូលរួម​លើ​គ្រប់​សកម្មភាព​ក្នុង​សង្គម រួមទាំង​ការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត និង​ឈរ​ឈ្មោះ ជា​បេក្ខជន​ឲ្យ​គេ​បោះឆ្នោត ការរៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ ការ​ចុះ​ផ្សព្វផ្សាយ​ការ​យល់​ដឹង​អំពី​វិស័យ​ពិការភាព នៅ​គ្រប់​ស្ថាប័នរដ្ឋ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍ​នានា ដើម្បី​គាំទ្រ​ដល់​ការ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ជន​មាន​ពិការភាព​គ្រប់រូប​នៅ​កម្ពុជា​។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តថា​ ជន​មាន​ពិការភាព​កាន់​តែមាន​ឥទ្ធិពល​នៅក្នុង​សង្គម​តាម​រយៈ​មាន​តួនាទី​ជា​ថ្នាក់ដឹកនាំ​មួយចំនួន​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល មានឱកាស​បំពេញការងារ​គ្រប់​គ្រាន់​ទាំង​ស្ថាប័ន​រដ្ឋ​ និង​ឯកជន ដែល​ធ្វើ​ឲ្យ​​ជនពិការ​មាន​ប្រាក់ចំណូល​រស់នៅ​ដោយ​ឯករាជ្យ​មិន​មែន​ជា​បន្ទុក​របស់​ក្រុម​គ្រួសារ ​ឬ​សង្គម​។​

លោក​ ឯម​ច័ន្ទ មករា អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ដើម្បី​ជនពិការ​បាន​ឲ្យ​ដឹងថា រាជ រដ្ឋា​ភិបាល​ក៏បានផ្តល់​ការអប់រំ​ចំណេះដឹង​ទូទៅ ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ​ដល់​ជន​មាន ពិការភាព គ្រប់​ប្រភេទ​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ជន​មាន​ពិការភាព​ឲ្យ​ទទួល​បាន​ឱកាស​មាន​ការ ងារ​ធ្វើ នៅក្នុង​សង្គម​។

បន្ថែម​ពីនេះ​ទៀត​ រាជរដ្ឋាភិបាល​ បាន​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​ជន​ពិការ​ក្រីក្រ​នៅតាម​មូលដ្ឋាន ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព ក្រសួងសុខាភិបាល បាន​ពង្រីក​សកម្មភាព​ពិនិត្យ ការ​ព្យាបាល និង​ការ​ស្តារ​លទ្ធភាព​ពលកម្ម​កាយសម្បទា​ដោយ​ពុំ​មាន​ការ​បង់ប្រាក់ និង​សម្រួល​ដល់​ជន​មាន​ពិការភាព ក្នុង​ការ​ប្រើប្រាស់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ឲ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល​ថែម​ទៀត​ផង​។​

លោក ​ស៊ុន សុផាន​ណា​រិ​ទ្ធ​ ជា​ជន​មាន​ពិការភាព​បាន​ទទួល​ស្គាល់​ថា ស្ថានភាព​ជន​ពិការ​នៅ​ក្នុង​សង្គម កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​តាមរយៈ​កិច្ច​គាំពារ​ជាច្រើន​ពី​រាជរដ្ឋាភិបាល ហើយ​សង្គម​កាត់បន្ថយ​ការ រើសអើង​ចំពោះ​ជន​មាន​ពិការភាព​។​

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ថ្វីត្បិតតែ​យើង​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាង​ធំធេង លើ​វិស័យ​សុខុមាលភាព ជន​មាន​ពិការភាព​យ៉ាងណាក៏ដោយ ក៏​បងប្អូន​មាន​ពិការភាព​នៅមាន​ឧបសគ្គ​ជាច្រើន​ទៀត ឧបសគ្គ​ផ្នែក បរិស្ថាន​រូបវន្ត ​និង​ឧបសគ្គ​ក្នុងការ​ទំនាក់ទំនង ដែល​យើង​ត្រូវតែ​យកចិត្ត​ទុក​ដាក់ ​និង​ខិតខំ​ប្រឹងប្រែង​ទាំងអស់គ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ និង​លុបបំបាត់​ភាព​រើសអើង​លើ​ជន​មាន​ពិការភាព ដែល​ជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ ចំពោះ​មុខ ដើម្បី​បន្ត​ជំរុញ​ដល់​ការអភិវឌ្ឍន៍​វិស័យ​ពិការភាព​ឲ្យ​បាន​ខ្លាំងក្លា​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

សូម​បញ្ជាក់​ថា ​នៅ​ឆ្នាំ​២០១៨ នេះ ​មាន​ជន​មាន​ពិការភាព​សរុប​ចំនួន​២.៨៣៩​នាក់ ក្នុង​នោះ ជន​ពិការ​កម្រិត​ធ្ងន់​មាន​ចំនួន​១.៤៧៨​នាក់ បាន​ចូល​បម្រើ​ការងារ​នៅ​តាម​ក្រសួង ស្ថាប័នរដ្ឋ​ចំនួន ៤០ ចំណែក វិស័យ​ឯកជន​ចំនួន​៧៧ មាន​ជនពិការ​ចំនួន​៣.០៥៥​នាក់ បាន​និងកំពុង​បម្រើ​ការងារ​សរុប​ទាំង​រដ្ឋ និង​ឯកជន​មាន​ចំនួន​ប្រមាណ​៥.៨៩៤​នាក់​។​

ផ្អែក​តាម​ការអង្កេត​សេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា​ ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា កម្ពុ​ជា មាន​ជន មាន​ពិការភាព​ប្រមាណ​៤​ភាគរយ​ ស្មើនឹង​ចំនួន​៥២៤.០០០​នាក់​ នៅ​ទូទាំង​ប្រទេស៕

 

​ ​
​ ​
​ ​