ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ សុខ សម្បត្តិ ចូលរួម​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​២​ខ្សែ ​ក្នុង​សង្កាត់​គោក​រកា​

​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​ព្រែក​ព្នៅ និង​សង្កាត់​គោក​រកា បាន​ប្រារព្ធ​ពិធី​បើកការដ្ឋាន​ស្ថាបនា ផ្លូវលំ​១​ខ្សែ​ឲ្យ​ប្រែក្លាយជា​ផ្លូវ​បេតុង​ប្រវែង​២៩០​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​អណ្ដូង និង​ជួសជុល​ផ្លូវ​ដោយ​ចាក់​ខ្សាច់​ភ្នំ​ប្រវែង​១៧០៧ ទទឹង​៥​ម៉ែត្រ ក្នុង​ភូមិ​ទួល​សំពៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

ក្នុងឱកាស​ជួប​សំណេះសំណាល​ប្រជាពលរដ្ឋ​នា​ខណៈ​នោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌ​ព្រែក​ព្នៅ​មានប្រសាសន៍ថា ផ្លូវ​មាន​សារៈសំខាន់​បំផុត​សម្រាប់​ប្រជាពលរដ្ឋ ដែល​ជួយ​បំពេញ​នូវ​តម្រូវ​ការ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​របស់​បងប្អូន ក្នុង​មូលដ្ឋាន​។​

លោក​អភិបាលខណ្ឌ​បញ្ជាក់ថា ដោយសារ​ប្រទេសជាតិ​មាន​សុខ​សន្ដិភាព​បរិបូរ បាន​ផ្ដល់​ឱកាស​ធ្វើ​ឲ្យ​យើង​ពេញលេញ​ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន​។ ឆ្លៀត​ក្នុង​ឱកាស​នេះ ក្នុងនាម​រដ្ឋបាល​ខណ្ឌ សូម​សម្ដែង​នូវ​ការ​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មគ្គុទ្ទេសក៍ភាព​ជា​អ្នកដឹកនាំ​រដ្ឋ​ប្រកបដោយ​គតិ​បណ្ឌិត និង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បន្ត​បេសកកម្ម​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា អាច​រំដោះខ្លួន​ចេញពី​សង្គ្រាម​ប៉ុណ្ណោះ​ទេ ថែមទាំង​កសាង​បាន​នូវ​សុខ​សន្តិភាព​ទូទាំង​ប្រទេស ថែមទាំង​អាច​កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុង​សន្ទុះ​មួយ​យ៉ាង​លឿន ឆាប់រហ័ស​ក្នុង​ពេល​ដ៏​ខ្លី ជាពិសេស​ គឺជា​ការសម្រេច​បាន​នូវ​ការអភិវឌ្ឍន៍​សង្គម ការផ្តល់​សេចក្តីសុខ​ក្សេមក្សាន្ត និង​ប្រជាពលរដ្ឋ​កម្ពុជា​។​

ជាមួយគ្នានេះ​ផងដែរ រដ្ឋបាល​ខណ្ឌ​ សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​យ៉ាង​ធំធេង​ក្នុង​វិស័យ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​នូវ​កិត្យានុភាព​កាន់តែច្រើន​ថែមទៀត​លើ​ឆាក​អន្តរជាតិ​។​

ជា​ថ្មី​ម្តង​ទៀត ​ក្នុងនាម​រដ្ឋបាល​ខណ្ឌ និង​សង្កាត់​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដែល​តែងតែ​ផ្តល់​នូវ​ទំនុកចិត្ត​មកលើ​រដ្ឋបាល​ខណ្ឌ សង្កាត់ ឈរ​លើ​មូលដ្ឋាន​កម្មវិធី​នយោបាយ​ច្បាស់លាស់ និង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​រាជរដ្ឋាភិបាល ដែល​បាន​រៀបចំ​គោលនយោបាយ វិមជ្ឈការ និង​សហ​វិមជ្ឈការ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​មូលដ្ឋាន​ផ្ទាល់ ពោលគឺ​ការផ្តល់​ភាពជា​ម្ចាស់​ដល់​មូលដ្ឋាន ភូមិ សង្កាត់ ក្នុងការ​អភិវឌ្ឍន៍ ដោយ​ឈរលើ​មូលដ្ឋាន នៃ​បទដ្ឋាន​គតិ​យុទ្ធ​នានា​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​ដោយ​ខ្លួនឯង​។​

ទន្ទឹម​នឹង​នេះ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​មន្ត្រី​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ មន្ត្រី​បច្ចេកទេស​គាំទ្រ​សង្កាត់ លោក​ចៅសង្កាត់​លោក​មេភូមិ និង​បងប្អូន​ទាំងអស់​នៅក្នុង​មូលដ្ឋាន​ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ ក្នុងការ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​មូលដ្ឋាន រហូត​លេចចេញ​ជា​រូបរាង ​ដែល​នឹង​ត្រូវ​បើក​ការដ្ឋាន ជា​ផ្លូវការ​នាពេលនេះ​។​

ជា​ចុងក្រោយ​ លោក​អភិបាលខណ្ឌ​បាន​ណែនាំ​ដល់​ចៅសង្កាត់ គណៈកម្មការ​គ្រប់គ្រង​គម្រោង ត្រូវ​តាមដាន ជាប់​ជាប្រចាំ ចំពោះ​ក្រុមហ៊ុន​ដែល​ទទួល​ក្នុង​ការ​អនុវត្ត​គម្រោង ត្រូវ​ហ៊ាន​សរសេរ​នូវ​រាល់​ចំណុច​អសកម្ម​ទាំងឡាយ​ណា​របស់​ក្រុមហ៊ុន មិនបាន​អនុវត្ត​តាម​កិច្ចសន្យា ទៅ​ក្នុង​សៀវភៅ​តាម​ដាន​ការដ្ឋាន​។

ចំណែក​ក្រុមហ៊ុន​វិញ ត្រូវ​ខិតខំ​រក្សា​ឲ្យ​បាន​នូវ​ក្រម​សីលធម៌ គោរព​ឲ្យ​បទដ្ឋាន​បច្ចេកទេស ឲ្យ​បាន​ត្រឹម​ត្រូវ នូវ​កិច្ចសន្យា​ទទួល​ការដែល​បាន​ចុះហត្ថលេខា​រួច​។

សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ត្រូវដាក់​ប្រព័ន្ធ​លូ ដាក់​ទុយយោ​ទឹក ឆ្លងកាត់​ផ្លូវ​ត្រូវ​រួសរាន់​រៀបចំ​ដាក់​ឲ្យ​បាន​មុន​ការចាក់​បេតុង កុំ​ចាំ​ផ្លូវ​ចាក់​បេតុង​ហើយ កាត់​គាស់​បេតុង​ឡើងវិញ​នោះ​មិនល្អ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូច​មិន​អាច​ប្រើប្រាស់​បាន​យូរ​អង្វែង​៕