ព័ត៍មានទាន់​ហេតុការណ៏
Search

យោធា​នូវែលហ្សេឡង់​ ប្រឈម​នឹង​ការ​ប្រយុទ្ធ​ជាមួយ​ការប្រែប្រួល​អាកាសធាតុ

នៅ​ថ្ងៃ​ព្រហស្បតិ៍ កងកម្លាំង​ការពារ​ជាតិ​នូ​វែ​ល​ហ្សេ​ឡង់ (NZDF) បាន​កំណត់ថា ការផ្លាស់ប្តូរ​អាកាសធាតុ​គឺជា​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​ដ៏​ធំ​បំផុត​មួយ​របស់ខ្លួន​ដោយ​ព្រមាន​ថា ការឆ្លើយតប​ទៅនឹង​ការឡើង​កម្តៅ​ផែនដី​គឺ​នឹង​ធ្វើអោយប៉ះពាល់​ដល់​ធន​ធាន​របស់ខ្លួន​។​

NZDF បាន​និយាយថា ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​នៅ​ប្រជុំ​កោះ​ប៉ាស៊ីហ្វិក​ជិតខាង​ដែល​បាន​សន្យា​ផ្តល់ជំនួយ​មនុស្សធម៌​គឺអាច​ដាក់​កម្រិត​ដល់​ស​ម​ត្ថ​ភាព​របស់ខ្លួន​ក្នុងការ​បំពេញ​មុខងារ​ការពារជាតិ​របស់ខ្លួន​។​

NZDF បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ដែល​ពិនិត្យមើល​ផលប៉ះពាល់​នៃ​អាកាសធាតុ​លើ​យោធា​ថា “​ជាមួយនឹង​ផលប៉ះពាល់​ខ្លាំងក្លា​នៃ​ការប្រែប្រួល​អាកាសធាតុ ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​អាច​ប្រឈមមុខ​នឹង​ការប្តេជ្ញា​អនុវត្តន៍​ស្របគ្នា​ដែល​អាច​ប៉ះពាល់​ដល់​ធនធាន​និង​កាត់បន្ថយ​ការត្រៀមខ្លួន​សម្រាប់​តម្រូវ​ការ​ផ្សេងទៀត​”​។​

NZDF បាន​ដើរតួនាទី​យ៉ាងសំខាន់​រួចទៅហើយ​ក្នុង​ការជួយ​បណ្តា​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​ដូចជា វ៉ា​នូ​អា​ទូ​និង​ហ្វី​ជី បន្ទាប់ពី​ព្យុះ​ស៊ីក្លូន​ដ៏​កាច​សាហាវ​ដែល​ត្រូវបាន​គេ​ស្តីបន្ទោស​លើ​ការឡើង​កម្តៅ​ផែនដី​សកលលោក​។​

របាយការណ៍​នេះ​បានអោយដឹងថា បញ្ហា​នៅ​តំបន់​ប៉ាស៊ីហ្វិក​នឹង​កាន់តែ​អាក្រក់​ជាង​មុន​ដូចជា​កង្វះខាត​អាហារ​និង​ទឹក ជម្លោះដីធ្លី​ដែល​កើតឡើង​ពី​ការ​ចំណាកស្រុក​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​និង​គ្រោះមហន្តរាយ​ព្យុះ​ដ៏​កាច​សាហាវ​។​

របាយការណ៍​នេះ​បាន​និយាយទៀតថា “​នៅពេលដែល​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ​មាន​ទំនាក់ទំនង​គ្នា​ជាមួយនឹង​បញ្ហា​បរិស្ថាន​និង​សង្គម​ដ៏​ស្មុគស្មាញ​នោះ ពួកគេ​អាចជា​កត្តា​រួមចំណែក​យ៉ាងសំខាន់​ចំពោះ​ជម្លោះ​កម្រិត​ទាប​និង​អំពើ​ហឹ​ង្សា​បន្ថែមទៀត​”​។​

ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​បាន​កាត់បន្ថយ​វត្តមាន​របស់ខ្លួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​ក្នុងឆ្នាំនេះ​ដែលជា​ផ្នែក​មួយ​ឆ្លើយតប​ទៅនឹង​តួនាទី​រីកលូតលាស់​របស់​ប្រទេស​ចិន​នៅក្នុង​តំបន់​នេះ​៕ AFP