ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រាំ​នាក់​បាត់​ខ្លួន​ បន្ទាប់ពី​យន្តហោះ​យោធា​អាមេរិក​ពីរ​គ្រឿង​ធ្លា​ក់នៅ​ប្រទេស​ជប៉ុន

ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សម្រាប់​កង​ម៉ា​រី​ន​អាមេរិក​ចំនួន​៥​នាក់​ដែល​បាន​បាត់​ខ្លួន ​បន្ទាប់ពី​យន្តហោះ​យោធា​អាមេរិក​ពីរ​គ្រឿង​ជួប​គ្រោះថ្នាក់​ក្នុងអំឡុងពេល​ប្រតិបត្តិ​ការ​ចាក់​បំពេញ​ប្រេង​នៅ​ជិត​ឆ្នេរសមុទ្រ​ជប៉ុន​។

​លោក Takeshi Iwaya បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា សមាជិក​យានិក​ម្នាក់​ត្រូវបាន​គេ​ជួយសង្គ្រោះ​រួចទៅហើយ​ហើយ​ត្រូវបាន​គេ​គិតថា​ស្ថិតក្នុង​ស្ថាន​ភាពមិន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​។​

អ្នកនាំពាក្យ​របស់​កង​កម្លាំង​ការពារ​ជប៉ុន (SDF) បាន​និយាយថា សមាជិក​យានិក​ម្នាក់ទៀត​ត្រូវបាន​គេ​រកឃើញ​ប៉ុន្តែ​មិនមាន​ព័ត៌មាន​លម្អិត​ភ្លាមៗ​អំពី​ស្ថានភាព​របស់​កង​ម៉ា​រី​ន​រូប​នោះទេ​។​

លោក Iwaya បាន​បន្ថែមថា “​យន្តហោះ​និង​នាវា​របស់​កងទ័ព​អាមេរិក​និង​កងកម្លាំង​ការពារ​របស់​ជប៉ុន​កំពុង​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​។ ខ្ញុំ​សង្ឃឹមថា សមាជិក​ទាំងអស់​នឹង​ត្រូវបាន​ជួយសង្គ្រោះ​អោយបាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

កងកម្លាំង​បេសកកម្ម​ម៉ា​រី​នទី​៣​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កង​ម៉ា​រី​ន​កំពុងធ្វើការ​ហ្វឹកហ្វឺន​តា​ម​ការកំណត់​ជា​ទៀងទាត់​នៅពេល​គ្រោះថ្នាក់​កើតឡើង​នៅវេលា​ម៉ោង​២​រំលង​អា​ធ្រា​ត (​ម៉ោង​ក្នុងស្រុក​)​។​

លោក Iwaya បាន​និយាយថា យន្តហោះ​ចម្បាំង F/A-18 ដែលមាន​អាកាសយានិក​ពីរ​នាក់​ជិះ​ក្នុងនោះ​និង​យន្តហោះ​ចាក់​ប្រេង KC-130 ជាមួយ​អាកាសយានិក​៥​នាក់​បាន​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​១០០​គីឡូម៉ែត្រ​ពី​ឆ្នេរ Muroto ភាគ​និរតី​ប្រទេស​ជប៉ុន​។​

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា សមាជិក​យានិក​ដែល​ត្រូវបាន​ជួយសង្គ្រោះ​គឺ​ស្ថិតនៅក្នុង​យន្តហោះ​ចម្បាំង​។ លោក​បាន​និយាយថា SDF របស់​ជប៉ុន​បានដាក់​ពង្រាយ​យន្ដហោះ​ចំនួន​៩​គ្រឿង​និង​នាវា​ចំនួន​៣​គ្រឿង​សម្រាប់​ការស្វែងរក​នេះ​។​

មាន​ព័ត៌មាន​លម្អិត​តិចតួច​ណាស់​អំពី​ស្ថានភាព​នេះ​ដែល​ត្រូវបាន​ទាហាន​ម៉ា​រី​ន​ពិពណ៌នា​ថា​ជា “​គ្រោះថ្នាក់​អកុសល​” ហើយ​ការស៊ើបអង្កេត​កំពុង​ប្រព្រឹត្តទៅ​៕ AFP