ព័ត៍មានទាន់​ហេតុការណ៏
Search

បទល្មើស​នេសាទ​រាប់ពាន់​ករណី កំពុង​ជ្រក​ក្រោម​ក្លៀក​អង្គភាព​ជំនាញ និង​កម្លាំង​ប្រដាប់អាវុធ​

បាត់ដំបង ៖ បើ​គិតពី​ចំនួន​អ្នក​ដែល​ប្រកបមុខរបរ​នេសាទ​ត្រី ទាំង​ទ្រង់ទ្រាយ​ធំ និង​រូបភាព​តូចតាច គឺ​មិន​ក្រោម ៨ ០០០ នាក់​ឡើយ ដែល​បច្ចុប្បន្ន​កំពុងស្នាក់នៅ និង​ប្រកបមុខរបរ​នេះ នៅលើ​ផ្ទៃ​បឹង​ទន្លេសាប ស្ទើរ​គ្រប់​ទីកន្លែង ពិសេស​គឺ​តំបន់​អភិរក្ស​សត្វ​ស្លាប ( ឡូត៍​លេខ ២ ) ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង នេះ​តែម្តង ។​

​យោងតាម​ប្រភព​ជាច្រើន ពិសេស​គឺ​ក្រុម​ប្រជា​នេសាទ​ ដែលមាន​លក្ខណៈ​តូចៗ​សម្រាប់​ចិញ្ចឹម​ក្រពះ បាន​ថ្ងួចថ្ងូរ​ថា បច្ចុប្បន្ន មិន​ថា​កន្លែង​ណា ឬ​ទីណា​នោះ​ទេ​ ក្នុង​តំបន់​បឹង​ទន្លេសាប​នេះ គឺ​គេ​បាន​ប្រើ​ឧបករណ៍​នេសាទ​​​ខុសច្បាប់​គ្រប់​ប្រភេទ ដើម្បី​ព័ទ្ធ​ចាប់​ត្រី ដោយ​មិន​ថា​កូន​ត្រី ឬ​ត្រី​ធំ​នោះទេ អោយតែ​ចូល​គឺ​មិនអាច​ចេញ​វិញ​បានឡើយ ព្រោះ​ឧបករណ៍​នីមួយៗ មាន​ប្រវែង​រាប់​សិប​គីឡូម៉ែត្រ ព្រមទាំង​មាន​ក្រឡា​ញឹក​ថែមទៀត នេះ​សម្រាប់​ពួក​អ្នកមានអំណាច​ និង​មាន​ទឹកប្រាក់ ។​

​ប្រភព​ដដែល​បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ អ្នក​ដែល​ឈរជើង​នៅក្នុង​តំបន់​បឹង​ទន្លេសាប ដើម្បី​ទទួលយក​ផលប្រយោជន៍ មាន​ប្រមាណ ជាង ២០ ស្ថាប័ន​ ប៉ុន្តែ​ស្ថាប័ន​ដែល​នៅ​ពីក្រោយ​បទល្មើស​នេ​សា​ទ និង​កាង ខ្លាំងជាងគេ​គឺ លោក នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ជួង សុភា លោក ទិ​ត្យ យោធា​មណ្ឌល ៥ ទិស​បឹង​ទន្លេសាប និង កម្លាំង​កងរាជអាវុធហត្ថ ស្នាក់ការ​លេខ ៥០៨ ដែលមាន​ដូចជា​ឈ្មោះ សែ និង​ឈ្មោះ ទុំ ជាដើម ។​ល​។​

ថ្មីៗ​នេះ មាន​ខ្សែអាត់​សំឡេង​ ជាច្រើន បាន​បែកធ្លាយ ជុំវិញ​បញ្ហា​ការ​កៀបសង្កត់​ទៅលើ​ប្រជា​នេសាទ​ ពី​សំណាក់​មន្ត្រី​ប៉េអឹម​ខេត្ត ដែលមាន​ឈ្មោះ សែ រហូត​ធ្វើអោយ​ពួកគាត់​ដែល​ប្រកបមុខរបរ​នេ​សា​ទ​បន្តិច​បន្តួច ចាំបាច់​ត្រូវ​យក​របស់របរ​ ​ទៅ ដាក់បញ្ចាំ​ ​ដើម្បី​យកប្រាក់​ទៅ​បង់អោ​យ​សមត្ថកិច្ច ជា​ថ្នូរ​នឹង​ការបើកផ្លូវ​អោយ​ពួកគាត់​បាន​រកស៊ី​លើ ផ្ទៃ​ទឹក​វិញ​ជាធម្មតា ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ អាថ៌កំបាំង​ទាំងនេះ នៅតែ​មានការ​បែកធ្លាយ​ជា​បន្តបន្ទាប់​រហូត​ធ្វើអោយ​ប្រភព​មួយ​បាន​ទម្លាយ​មក​ចំៗ​ថា កិច្ចប្រតិបត្តិការ​រប​ស់​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង ក៏​មិន​ខុស​អី​ពី​ក្រុម​ទាំង​នោះដែរ ប៉ុន្តែ​ដោយ​គ្រាន់តែ​គេ​មាន​វិធីសាស្ត្រ​ល្អ ព្រោះ​ការចុះ​បង្ក្រាប​គេ​ធ្វើឡើង​តាមរបៀប​បិទបាំង​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ លុះ​ពេល​ប្រមូលបាន​ស្បៃ​មង​យកមក​ដុតបំផ្លាញ​ចោល ទើប​គេ​ប្រគល់​ឯកសារ​ទាំងនោះ​អោយធ្វើ​ការផ្សព្វផ្សាយ​ដើម្បី​យក​ស្នាដៃ ឯ​ធាតុពិត​គឺ នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​សមត្ថកិច្ច​នោះ មាន​បុគ្គល​ខ្លះ​បាន​ទាក់ទង​ទៅរក​មេ​ឈ្មួញ​ធំៗ​នៅឯ​ផ្ទៃ​ទន្លេ​រួច​បាត់ទៅហើយ ដោយ​ទាមទារ​អោយ​បង់​មុន​នូវ​ទឹកប្រាក់ មិន​ក្រោម ១០ លាន​រៀល​នោះទេ ក្នុង​ដង្ខៅ​ម្នាក់ៗ ជា​ថ្នូរ​នឹង​ការដឹកនាំ​បង្ក្រាប​ដើម្បី​បញ្ចៀស​នូវ​ទីតាំង​ទំាង​នោះ ដោយ​គេ​ប្រើ​ភាសា​ថា « យកលុយ​មុន​មកចាក់​សាំង លើ មធ្យោបាយ​បង្ក្រាប​បទល្មើស»។

ដោយឡែក​ខាង​ជលផល គឺមាន​រហូតដល់ ៦ អង្គភាព ដែល​នៅ​សំកុក​ចាំ​ប្រមូល​លាភសក្ការៈ ដែល​ក្នុង​នោះ​មានដូចជា ក្រសួង នាយកដ្ឋាន ខណ្ឌ ផ្នែក ទិស​។​ល​។ ដែល​សំខាន់​ជាងគេ​គឺ លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល ជលផល តែម្តង​ ដែល​នរណាៗ​ក៏​គេ​ដឹង​ថា ការ​ប្រមូល​ផល ( លុយ ) ទៅលើ​អ្នករក​ស៊ី​បទល្មើស​ មិន​ក្រោម ៨ ០០០ នាក់ នោះ គឺ​បង់សំណាញ់​យក​គ្មាន​ចន្លោះ ហើយ​នៅ​រដូវប្រាំង​អាច​ហ៊ាន​លក់​ដៃ​ព្រែក​ទៅអោយ​ដង្ខៅ​ធំៗ​ថែមទៀត ដោយ​ដង្ខៅ​ទាំងនោះមិន​ខ្លាច​នឹង​បង់​លុយ​អោយ​មុន​នោះឡើយ ត្រឹមតែ ២ ទៅ ៣ម៉ឺ​ន ដុល្លារ​នោះ​ ព្រោះ​ដៃ​ព្រែក​នីមួយៗ វា​មាន​វិសាលភាព​ធំធេង​ណាស់ សម្រាប់​ការប្រមូល​ផល​ត្រី ។​

ដោយសារតែ​បញ្ហា​កាន់តែ​មាន​ភាព​តានតឹង​បែបនេះ នោះ​ហើយ ទើប​នៅ​រសៀល​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង​សាលាខេត្ត​បាត់ដំបង មានការ​ប្រជុំ​គណៈ​បញ្ជាការ កងឯកភាព​ខេត្ត ដើម្បី​ដាក់​ផែនការ​ទៅលើ​បទល្មើស​ទាំងនេះ។

នៅក្នុង​កិច្ចប្រជុំ​នេះដែរ លោក​ព្រះរាជអាជ្ញា នួន សាន បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​ កិច្ចប្រតិបត្តិការ​អ្វីមួយ គឺ​សមត្ថកិច្ច​មិនដែល​រាយ​ការណ៍​ទៅ​លោក​ឡើយ រីឯ​ការ​បង្ក្រាប​បទល្មើស​នេ​សា​ទ ក្នុង​មួយឆ្នាំៗ លោក​សង្កេ​ត​ឃើញថា មានតែ​របាយការណ៍​​បង្ក្រាប​តែប៉ុណ្ណោះ ឯ​ឈ្មោះ​អ្នកប្រព្រឹត្ត​គឺ​មិនដែល​ឃើញ​ចាប់​នរណា​បាន​ម្នាក់​ឡើយ នេះហើយ​ដែលជា​បញ្ហា។ សមត្ថកិច្ច​មិនមែន​មិន​ស្គាល់​ម្ចាស់​បទល្មើស​នោះទេ ប៉ុន្តែ​គេ​មិន​ធ្វើ បើ​ដូច្នេះ​មែន​បើទោះបីជា​ខំប្រឹង​ចុះទៅ១០​ឆ្នាំ​ទៀត ក៏​បទល្មើស​នៅតែ​ជា​បទល្មើស​ដដែល ឯ​ខណ្ឌ​រដ្ឋបាល​ជលផល​ហាក់ដូចជា​សំងំ​ឈឹង នៅ​ពេលដែល​បទល្មើស​កំ​ពុងរីក​ដូច​ចក វា​ស្ទើរតែ​រក​ផ្លូវ​សម្រាប់​អោយ​កាណូត​បើ​មិនបាន​ផង​នាពេល​បច្ចុប្បន្ននេះ ។

នៅ​ព្រឹក​ថ្ងៃទី ៦ ខែធ្នូ នេះដែរ គេសង្កេត​ឃើញថា លោក​ស្នងការរង កុយ ហៀ​ង​ បាន​ដឹកនាំ​កម្លាំង​ចុះទៅ​កាន់​បឹង​ទន្លេសាប​ទៀតហើយ ដោយបាន​ធ្វើដំណើរ​ពី​ខេត្តសៀមរាប​មកវិញ ដូច្នេះ​ប្រភព​ជាច្រើន​បាន​រង់ចាំ​មើលថា តើ​កិច្ចប្រតិបត្តិការ​លើក​នេះ អាច​ទទួល​ផល​បែបណា ហើយ​អាច​រក​ម្ចាស់​បទល្មើស​ឃើញ​ដែរ ​ឬទេ ឬមួយ​ក៏​ម្ចាស់​បទល្មើស​ធំៗ គេ​បាន​ស៊ី​ស​ស៊ូ​ស​គ្នា​មុន​រួច​អស់ហើយ ?