ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅមុខ​ផ្សារ​ព្រែក​ឯង​

​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ ​ដឹកនាំ​ដោយ ​លោក ​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ​និង​លាង​សំអាត​ផ្លូវ​មុខ​ផ្សារ​ព្រែក​ឯង​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​។​

យោងតាម​ប្រសាសន៍ ​លោក​ ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹងថា​ទីតាំង​ផ្សារ​ព្រែក​ឯង​នេះ​ គឺ​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ ហើយ​បច្ចុប្បន្ន​បងប្អូន​អាជីវក​លោក​តែង​រំលោភ​យក​ចិញ្ចើម​ផ្លូវ​ធ្វើជា​កន្លែង​ដាក់​លក់​ឥវ៉ាន់​ដែល​បង្ក​ឲ្យ​មាន​កក​ស្ទះ​ចរាចរណ៍​ជា​ញឹក​ញាប់​ តែ​ក្នុងនោះ​លោក​បានដាក់​កម្លាំង​នគរបាល ​និង​ប្រជា​ការពារ​ ឲ្យ​ចុះទៅ​រៀបចំ​សណ្ដាប់​ធ្នាប់​តាម​ដងផ្លូវ ​បើទោះជា​បងប្អូន​អាជីវក​លោក​យក​ឥវ៉ាន់​ដាក់​លក់​ឡើងលើ​ក្ដី ​ប៉ុន្តែ​អ្នក​ចូល​ទៅ​ទិញ​ឥវ៉ាន់​បាន​យានជំនិះ​ចត​លើ​ទ្រូងផ្លូវ​ ដែល​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ដដែល​។ ​ដូច្នេះហើយ​ ទើប​នៅ​ព្រឹក​ថ្ងៃទី​៦​ធ្នូ​នេះ​ លោក​បាន​ចាត់តាំង​ លោក ​រស់​ សុភ​គ្គ័ អភិបាលរងខណ្ឌ​ឲ្យ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​មុខ​ផ្សារ​ និង​លាង​សំអាត​ផ្លូវ​ឲ្យ​បាន​ស្អាត ​ដើម្បី​បំបាត់​ក្លិន​ឆ្អេះឆ្អាប​ដោយ​កាក​សំណល់​ផ្សេងៗ​ឲ្យ​អស់​។​

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ ចេង មុនី​រ៉ា បាន​ជំរុញ​ឲ្យ​លោក​ចៅសង្កាត់​ និង​លោក​មេ​ប៉ុស្តិ៍​ព្រែក​ឯង​ដោយ​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​មុន​ពេលដែល​បង​ប្អូន​អាជីវក​រដាក់​ឥវ៉ាន់​លក់​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ពួកគាត់​ដាក់លក់​ ហើយ ​ទើប​កម្លាំង​យើង​នាំគ្នា​ទៅ​លើក​កញ្ជើ​គាត់​ចេញ​នាំ​ឲ្យ​ប៉ះទង្គិច​ពាក្យសំដី​គ្នា​។ ​ម្យ៉ាង ​គឺ​ការពារ​សុខ​សុវត្ថិភាព​ដល់​បងប្អូន​ដែល​ដាក់​លក់​លើ​ចិញ្ចើម​ ហើយ​ត្រូវ​ជួប​គ្រោះថ្នាក់​នៅ​ពេល​រថយន្ត​រ៉េ​ចង្កូត​ទៅ​បុក​នោះ​៕