ភ្នំពេញ ៖ អង្គការអន្តរជាតិខាងការងារ ដែលហៅកាត់ថា ILO បានអះអាងថា ការគោរពលក្ខខណ្ឌការងារតាមរោងចក្រមានភាពប្រសើរជាងមុន ដោយកើនឡើងពី៣២% ដល់៤១% នៅឆ្នាំ២០១៨នេះ។
យោងតាមរបាយការណ៍របស់គម្រោងរោងចក្រកាន់តែប្រសើរ ឆ្នាំ២០១៨ របស់អង្គការ ILO បានឲ្យដឹងថា រោងចក្រដែលគោរពលក្ខខណ្ឌការងារបានល្អប្រសើរ សំដៅទៅលើរោងចក្រទាំងនោះ អនុវត្តទៅតាមច្បាប់ការងាររួមមាន គោរពកិច្ចសន្យាការងារ កន្លែងធ្វើការមានសុវត្ថិភាពល្អ បើកប្រាក់ឈ្នួលបានទៀងទាត់ និងគោរពម៉ោងធ្វើការត្រឹមត្រូវជាដើម។
ការអះអាងរបស់អង្គការអន្តរជាតិខាងការងារនេះ ធ្វើឡើងតាមរយៈរបាយការណ៍ប្រចាំឆ្នាំ២០១៨របស់ខ្លួនដែលបានវាយតម្លៃស្ថានភាពការងារពីខែឧសភា ឆ្នាំ២០១៧ ដល់ខែមិថុនា ឆ្នាំ២០១៨ និងពិនិត្យមើលរោងចក្រចំនួន៤៦៤រោងចក្រ។
តាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា រោងចក្រដែលគោរពលក្ខខណ្ឌការងារបានល្អប្រសើរនេះបានជួយឲ្យសុខភាពកម្មករនិយោជិកល្អជំរុញផលិតភាពខ្ពស់ក្នុងការប្រកួតប្រជែងនៅក្នុងវិស័យកាត់ដេរឲ្យកាន់តែរីកចម្រើនថែមទៀត។
អ្នកស្រី Esther Germans ប្រធាន គម្រោងរោងចក្រ កាន់តែប្រសើររបស់អង្គការអង្គការអន្តរជាតិខាងការងារជំរុញឲ្យដៃគូពាក់ព័ន្ធខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកែលំអលក្ខខណ្ឌការងារ នៅក្នុងរោងចក្រឲ្យកាន់តែល្អប្រសើរ ព្រោះថាការគោរពលក្ខខណ្ឌការងារតាមរោងចក្រ បានដើរតួនាទីយ៉ាងសំខាន់ ធ្វើឲ្យឧស្សាហកម្មកាត់ដេរមានភាពរីកចម្រើន ដែលជួយឲ្យកម្ពុជាកាន់តែមានកេរ្តិ៍ឈ្មោះល្បី និងជាទីផលិតទំនិញដែលមានក្រមសីលធម៌ល្អ។
លោកទេសរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានស្វាគមន៍លទ្ធផលរបាយការណ៍ឆ្នាំ ២០១៨ របស់គម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា (BFC) ដែលបង្ហាញពីភាពប្រសើរឡើង នៃបរិយាកាសការងារ ការថយចុះអំពើហិង្សា និងការមិនគោរពបទដ្ឋានច្បាប់ នៅតាមរោងចក្រ សហគ្រាសចំនួន៤៦៤ទីតាំង។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាស ស្ដីពីការអនុវត្តលក្ខខណ្ឌការងារ នៃឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅនេះ។
លោកទេសរដ្ឋមន្ត្រីឲ្យដឹងថា គម្រោងរោងចក្រកាន់តែប្រសើរ នៅកម្ពុជា បាននាំមកនូវលទ្ធផល វិជ្ជមាន សម្រាប់ឧស្សាហកម្ម វាយនភណ្ឌជាតិ ជាពិសេសចូលរួមលើកស្ទួយលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករ និយោជិក ប្រមាណជាង៧សែននាក់ ដែលកំពុងបំពេញ ការងារនៅតាមរោងចក្រសហគ្រាសនានាទូទាំងប្រទេស។
ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រីបានបន្តថា គម្រោងនេះ បានរួមចំណែកលើកកម្ពស់កិត្តិនាម និងឧត្ដមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងនាមជាប្រទេសផលិត និងនាំចេញផលិតផលសំលៀកបំពាក់ ប្រកបដោយក្រមសីលធម៌ ស្របតាមបទដ្ឋានស្តង់ដារការងារខ្ពស់ ជួយកែលំអលក្ខខណ្ឌការងារ និងបង្កើនប្រាក់ចំណេញដល់ឧស្សាហកម្ម វាយនភណ្ឌកម្ពុជា ព្រមទាំងពង្រឹងកេរ្តិ៍ឈ្មោះឧស្សាហកម្មកាត់ដេរកម្ពុជា ទទួលបាននូវទំនុកចិត្តខ្ពស់ជាមួយនឹងការបញ្ជាទិញកាន់តែច្រើន ពីទីផ្សារអន្តរជាតិធំៗនៅលើពិភពលោក។
គួរបញ្ជាក់ថា របាយការណ៍របស់គម្រោងរោងចក្រកាន់តែប្រសើរឆ្នាំ២០១៨ របស់អង្គការILO នេះធ្វើឡើងក្រោមការចុះសិក្សា និងវាយតម្លៃពីគណៈកម្មាធិការពិគ្រោះយោបល់គម្រោង (PAC) ដែលចូលរួមដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសហជីពការងារ៕