ព័ត៍មានទាន់​ហេតុការណ៏
Search

នាយករដ្ឋមន្ត្រី​ស្តីទី​ថា អតីត​អ្នកនយោបាយ CNRP ដែល​អាច​ចូលក្នុង​បញ្ជី​ដក​បម្រាម ទាល់តែ​គោរព​តាម​សាលដីកា​របស់​តុលាការ​

​ភ្នំពេញ​ ៖​ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​មាន​ប្រសាសន៍​ថា អ្នក​នយោបាយ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​អាច​ចូល​ក្នុង​បញ្ជី​ដក​បម្រាម​ធ្វើ​សកម្មភាព​នយោបាយ ទាល់តែ​គោរព​តាម​សាលដីកា​របស់​តុលាការ​កំពូល ប៉ុន្តែ​បើ​អ្នកនោះ​មិន​អនុវត្ត​ទេ ប្រហែលជា​គ្មាន​សង្ឃឹម​ទេ។

​សម្តេច​ក្រឡាហោម ស ខេង មាន​ប្រសា​ស​ន៍​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ គឺ​ក្រោយពី​សម្តេច​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​កិច្ច​សន្ទនា​អន្តរ​ជំនឿ​សាសនា ដើម្បី​ពង្រឹង​សុខដុម​នីយកម្ម​សាសនា ក្រោម​ប្រធានបទ “​សាសនិក​គ្មាន​គ្រឿងញៀន និង​ការគោរព​ច្បាប់​ចរាចរ​ណ៍​ផ្លូវគោក​” នៅ​សាលសន្និសីទ​ចតុមុខ និង​បន្ទាប់ពី​រដ្ឋសភា​បាន​បញ្ជូន​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ទៅឱ្យ​គណៈកម្មការ​នីតិកម្ម និង​គណៈកម្មការ​មហា​ផ្ទៃ​ពិនិត្យ និង​សិក្សា កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨​។​



តាម​សម្តេច​ក្រឡាហោម ស ខេង ការសិក្សា​ដើម្បី​រៀបចំ​សំណើ​នេះ អាចធ្វើ​ទៅបាន​លុះត្រាតែ​វិសោធនកម្ម​ច្បាប់​ចូល​ជា​ធរមាន​សិន ហើយ​សម្តេច​បញ្ជាក់ថា អ្នក​ដែល​ត្រូវ​ពិនិត្យ​លើ​ការដក​បម្រាម​នយោបាយ​នេះ ទាល់តែ​ជា​អ្នក​ដែល​គោរព​តាម​សាលដីកា​របស់​តុលាការ​។ សម្តេច​បាន​មានប្រសាសន៍​យ៉ាងនេះ​ថា “​ខ្ញុំ​យល់ថា នរណា​ដែល​បាន​គោរព​សាលដីកា គិត​លើ​អ្នក​គោរព​សាលដីកា​មុន​…​បើ​យល់ថា នរណា​គោរព​សាលក្រម​នោះ យើងទាំងអស់គ្នា​យល់​ហើយ ខ្ញុំ​មិនចាំបាច់​ឆ្លើយ​ទេ​អាហ្នឹង​”​។​

ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា អ្នកណា​ដែល​អនុវត្ត​ត្រឹមត្រូវ​តាម​សាលដីកា​របស់​តុលាការ​កំពូល ដែល​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ អ្នកនោះ​នឹងមាន​អាទិភាព​ចូលក្នុង​បញ្ជី​របស់​រាជរដ្ឋាភិបាល ដើម្បី​ស្នើសុំ​ទៅ​ព្រះករុណា ដើម្បី​ប្រគល់​សិទ្ធិ​ធ្វើ​នយោបាយ​ឱ្យ​វិញ ដោយឡែក​នរណា ដែល​ធ្លាប់​បំពាន និង​នៅតែ​បំពាន សាលដីកា​នេះ អ្នកនោះ​មិនអាច​មានឈ្មោះ​នៅក្នុង​បញ្ជី​នេះ​ទេ​។​

ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ពី​ជោគវាសនា​របស់លោក កឹម សុខា នៅឡើយ​ទេ ដោយសារតែ​លោក កឹម សុខា កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ស៊ើបអង្កេត ដែលជា​នីតិវិធី​របស់​តុលាការ​នៅឡើយ ដែល​ខុសប្លែក​អំពី​អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) មួយចំនួន​ផ្សេងទៀត​។​

លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពីបទ​ធ្វើ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។ យោងតាម​ក្រមព្រហ្មទណ្ឌ​បទ​ធ្វើ​សន្ធិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី​១៥ ឆ្នាំ​ដល់​៣០​ឆ្នាំ​។​តែ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។

ការដោះលែង​លោក កឹម សុខា ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​សម្រាប់​អតីត​មេបក្ស​ប្រឆាំង​នេះ ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឱ្យចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី​ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល​ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​។​

សូមបញ្ជាក់ថា សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា សំរេច​ប្រគល់ឱ្យ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ សហការ​ជាមួយ​គណៈកម្មការ​មហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ នៃ​រដ្ឋសភា ធ្វើការ​ពិនិត្យ និង​សិក្សា​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់ពី​កិច្ចប្រជុំ ដឹកនាំ​ដោយ​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​។​

សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤២​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ ធ្វើឡើង​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៨៧​រូប និង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​មួយ សម្រួល​ដល់​ស្ថានការណ៍​អ្នកនយោបាយ​ក្រុមប្រឆាំង ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងទៅ ក៏ដូចជា​សម្រួល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាដើម​។ ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល ក៏បាន​អំពាវនាវ ដល់​តុលា​ការឱ្យ​ព​ន្លឿ​ន​នីតិវិធី​ចំពោះ​បុគ្គល ដែល​ជាប់​ពាក្យបណ្តឹង​នៅ​តុលាការ ឬ​ត្រូវបាន​គេ​ចោទប្រកាន់​ស្របតាម​នីតិវិធី​ថែមទៀត ដើម្បី​ការពារ​សិទ្ធិ​ពួកគេ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏បាន​បើកឱកាស​ឱ្យ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ហើយ​សម្រាប់​កាសែត Cambodia Daily រាជរដ្ឋាភិបាល​ក៏បាន​បង្ហាញ​ឆន្ទៈ​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ បើសិនជា​បង់ពន្ធ​ជូន​រដ្ឋ​រួចរាល់​។​

សេចក្តីស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នោះ បាន​បន្ថែម​នូវ​វាក្សខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) គឺ “​បុគ្គល​ត្រូវបាន​តុលាការ​សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ មិនអាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្សនយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណា មួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បានឡើយ​។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​ការធ្វើសកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួលបាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ ដោយ​ពេញ​ច្បាប់ បន្ទាប់ពី​ផុត​រយៈពេល​នៃ​ការហាមឃាត់ ដែល​កំណត់ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុងករណី​ដែល​បុគ្គល​នោះ​ត្រូវ​បានផ្តល់​នីតិសម្បទា​ឡើងវិញ ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្តីស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​”៕