ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល​ បើក​សន្និសីទ​អន្តរជាតិ លើក​ទី​៥៩ ស្ដីពី «​ភាព​សុំា របស់​ថ្នាំ​ផ្សះ​»

ភ្នំពេញ ​៖ ​វិទ្យាស្ថាន​ជាតិ​ សុខភាព​សាធារណៈ ​នៃ​ក្រសួងសុខាភិបាល​ បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ជាតិ​-​អន្តរជាតិ ​បើក​សន្និសីទ​អន្តរជាតិ លើក​ទី​៥៩ ស្ដីពី «​ភាពសុំា របស់​ថ្នាំ​ផ្សះ​»​ នៅ​សណ្ឋាគារ​កាំបូឌី​យ៉ាណ​ ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​។​
​ ​
សន្និសីទ​នេះ​ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​៥​ ដល់​ថ្ងៃទី​៧ ​ខែធ្នូ​ ឆ្នាំ​២០១៨​ ដោយមាន​ការ ចូល​រួម​ពី​ដៃគូ​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​ជិត​៣០០​នាក់​។​
​ ​
លោក​សាស្ត្រាចារ្យ ​ម៉ម ​ប៊ុនហេង ​បាន​មានប្រសាសន៍ថា​ សន្និសីទ​នេះ ​រៀបចំឡើង​ពិតជា​បាន​ឆ្លើយ​តប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​រប​ស់​កម្ពុជា ពិសេស​ចំពេល​ដែល​ក្រសួងសុខាភិបាល បាន​និង​កំពុង​ធ្វើការ​ឆ្លើយតប​ទៅនឹង​បញ្ហា ​នៃ​ភាព​សុំា ទៅនឹង​ថ្នាំ​ផ្សះ​យ៉ាងសកម្ម តាមរយៈ​ការពង្រឹង​ការគ្រប់គ្រង​គុណភាព​ឱសថ​នាំចូល​កម្ពុជា ការបង្កើន​ការយល់ដឹង​ពី​ការប្រើប្រាស់​ថ្នាំ​ផ្សះ នៅក្នុង​វិស័យ​សុខាភិ​បាល វិស័យ​កសិកម្ម និង​ចំណីអាហារ និង​ការ​បង្កើត​កម្មវិធី​សម្រាប់​ជំរុញ​ការប្រើប្រាស់​ថ្នាំ​ផ្សះ ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​បច្ចុប្បន្ន​នេះ ​ពិភពលោក​ទាំងមូល ​ក៏ដូចជា​ប្រទេស​កម្ពុជា​ដែរ កំពុងតែ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​សាធារណៈ​ថ្មីៗ​ជាច្រើន ពិសេស​ការ​កើន​ឡើង ​នៃ​ភាព​សុំា​របស់​មេរោគ​ទៅ​នឹង​ថ្នាំ​ផ្សះ ដែលជា​ប្រភេទ​ឱសថ ដែល​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​នៅ​លើ​មនុស្ស និង​ក្នុង​វិស័យ​កសិកម្ម​ និង​ចំណីអាហារ។​

លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា ក្រសួងសុខាភិបាល តាមរយៈ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ បាន​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ជាតិ​-​អន្តរជាតិ បាន​អនុវត្ត​យ៉ាង​ទៀងទាត់ និង​សកម្ម​នូវ​ការងារ​ប្រមូល​ភស្តុតាង​បែប​វិទ្យាសាស្ត្រ និង​យក​របកគំហើញ​នៃ​ការស្រាវជ្រាវ​មក​ពិចារណា សម្រាប់​រៀបចំ​គោលនយោបាយ​ថ្មីៗ​បន្ថែម​ទៀត សម្រាប់​ប្រទេស​កម្ពុជា ដោយ​ពិនិត្យ​លើ​យុទ្ធសាស្ត្រ​ផ្សេងៗ​ដែល​មាន​សក្ដានុភាព ក្នុងការ​ទប់ស្កាត់​ការ​សុំា​ទៅ​នឹង​ថ្នាំ​ផ្សះ​នេះ។​

លោក​សាស្ត្រាចារ្យ​ ម៉ម ប៊ុនហេង បាន​ឲ្យ​ដឹង​ទៀតថា «​ការគ្រប់គ្រង​ប្រើប្រាស់​ថ្នាំ​ផ្សះ ពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ដូចជា ប្រទេស​កម្ពុជា ត្រូវបាន​ចាប់ផ្ដើម​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​មួយ ឲ្យ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ហើយ​ទិន្នន័យ​នេះ នឹង​បាន​វិភាគ​ដោយ​អ្នកស្រាវជ្រាវ ដើម្បី​ដាក់​ចេញ​ជា​អនុ​សាស្ដ្រ​សម្រាប់​ប្រើប្រាស់ ក្នុងការ​គ្រប់គ្រង​ការប្រើប្រាស់​ឱសថ។​ សម្រាប់​កម្ពុជា កន្លងមកនេះ ខ្ញុំ​បាន​ណែនាំ​ឲ្យ​គ្រឹះស្ថាន​ព្យាបាល​ជំងឺ​ទាំងអស់ រៀបចំ​ការ​ចេញ​វេជ្ជបញ្ជា​របស់​ខ្លួន ដោយ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ ហើយ​ត្រូវ​រក្សា​វេជ្ជបញ្ជា​ទាំងនោះ ទុកជា​ឯកសារ​សម្រាប់​ក្រសួង​សុខាភិបាល យកមក​ធ្វើការ​សិក្សា​ទៅលើ​ការប្រើប្រាស់​ឱសថ ពិសេស គឺ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​»។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា​ ជា​ជំហាន​ៗ ក្រសួងសុខាភិបាល នឹង​ចាប់ផ្ដើម​ពង្រឹង​ការងារ​កត់ត្រា​ឱសថ​ដែល​ប្រើប្រាស់​នេះ ដែល​ជា​ផ្នែក​មួយ​ នៃ​ការងារ​កែលំអ​គុណភាព សេវា​សុខាភិបាល​ផង​ដែរ ។

ទន្ទឹមនឹង​នេះដែរ ក្រសួង បាន​និង​កំពុង រៀបចំ​ច្បាប់​ស្ដីពី ការគ្រប់គ្រង​សេវា​សុខាភិបាល ដែល​ច្បាប់​នេះ នឹង​សង្កត់ធ្ងន់​ទៅលើ​ការធានា​គុណភាព និង​ត្រួតពិនិត្យ​សេវា​សុខាភិបាល រួមទាំង​សេវា​លក់ដូរ និង​ប្រើប្រាស់​ឱសថ​ផងដែរ។​

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិ​បណ្ឌិត​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ខិតខំ​ប្រឹងប្រែង ផ្ដល់​សេវា​ការពារ​សុខ​ភាព សេវា​ព្យាបាល និង​ថែទាំ​ជំងឺ ព្រមទាំង​សេវា​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន តាមរយៈ​ការពង្រីក​ការ​គ្របដណ្ដប់​ នៃ​ការបង្កើន​គុណភាព ​នៃ​សេវា​សុខាភិបាល និង​ការកាត់បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ ដែល​អាច​ប៉ះពាល់​ដល់​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រជាជន ដោយសារ​ការប្រើប្រាស់។​

លោក​សាស្ត្រាចារ្យ បន្ថែម​ថា នៅក្នុង​ការងារ​គ្រប់គ្រង​សុខភាព​របស់​ប្រជាជន ក្រសួងសុខាភិបាល តែងតែ​វាយតម្លៃ​ខ្ពស់ ដល់​របប​គំហើញ​វិទ្យាសាស្ត្រ និង​បាន​យក​របកគំហើញ​ទាំងនោះ មក​ធ្វើការ​ពិចារណា ឬ​ប្រើប្រាស់​នៅក្នុង​ការរៀបចំ​គោលនយោបាយ​សុខាភិបាល ក៏ដូចជា​ការរៀបចំ​នូវ​យុទ្ធ​សាស្ត្រ​ខ្លី​-​វែង សម្រាប់​អនុវត្ត​នៅ​កម្ពុជា និង​ចូលរួម​នៅ​ក្នុង​ចលនា​សុខភាព​សាធារណៈ​នានា​របស់​ពិភពលោក។​

លោក​សាស្ត្រាចារ្យ​បាន​បញ្ជាក់​ថា ​ជា​លទ្ធផល​ ស្ថានភាព​សុខភាព​ប្រជាជន​កម្ពុជា មាន​ភាព​ប្រសើរ​ឡើង​ជា​លំដាប់ ជាក់ស្ដែង​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុងក្រោយ​មកនេះ ក្រសួងសុខាភិបាល បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ជាច្រើន ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់ មាតា និង​ទារក ក៏ដូចជា​ការកាត់បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ នៅ​ក្នុង​ចំណោម​ប្រជាជន​ដែល​ងាយ​រងគ្រោះ ដោយ​យុទ្ធសាស្ត្រ​ទាំង​នោះ សុទ្ធតែ​ឈរ​លើ​មូលដ្ឋាន​ នៃ​ការស្រាវជ្រាវ៕