ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកកាសែត​ហ្វីលីពីន ​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រកួតប្រជែង​របស់​រដ្ឋាភិបាល

ដោយមាន​ការគំរាមកំហែង​ដាក់ពន្ធនាគារ​និង​បិទ​គេហទំព័រ​ព័ត៌មាន​ដែល​លោកស្រី​បាន​បង្កើតឡើង​, អ្នកសារព័ត៌មាន​ហ្វីលីពីន​ឈ្មោះ Maria Ressa បាន​និយាយថា មានការ​ឆ្លើយតប​ដ៏​ច្បាស់លាស់​មួយ​ចំពោះ​ការវាយប្រហារ​របស់រ​ដ្ឋា​ភិ​បាល​ដែល​នាង​ត្រូវ​ប្រឈមមុខ​។ នោះ​គឺ ការប្រយុទ្ធ​តបត​ទៅវិញ​។​
Rappler គឺជា​គេហទំព័រ​ប្រកាន់​ជំហរ​រិះគន់​ចំពោះ​ការបង្ក្រាប​ប្រឆាំង​គ្រឿងញៀន​ដ៏​សាហាវ​របស់លោក​ប្រធានាធិបតី Rodrigo Duterte ហើយ​ឥឡូវនេះ​បានដឹងខ្លួន​ថា​ជា​គោលដៅ​នៃ​ការវាយប្រហារ​ឥតឈប់ឈរ​ពី​អាជ្ញាធរ​។​

នៅ​សប្តាហ៍​នេះ លោកស្រី Ressa បានប្រគល់​ខ្លួន​ដើម្បី​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​គេចវេស​ពន្ធ​មួយ​ករណី​ប៉ុន្តែ​នៅតែ​អាច​ប្រឈម​នឹង​ការចាប់ខ្លួន​លើ​ការចោទប្រកាន់​ចំនួន​៤​ករណី​ផ្សេងទៀត​ដែល​លោកស្រី​អះអាងថា ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើអោយ​គេហទំព័រ​របស់​នាង​បិទ​។​

លោកស្រី​បាន​ប្រាប់ AFP នៅឯ​ទីស្នាក់ការ​កណ្តាល​របស់​គេហទំព័រ Rappler ក្នុង​ទីក្រុង​ម៉ានីល​ថា “​ខ្ញុំ​គ្មាន​អ្វីដែល​ត្រូវ​លាក់បាំង​ទេ​។ យើង​មិន​បានធ្វើ​អ្វី​ខុស​ឡើយ​។ ខ្ញុំ​មាន​ឆន្ទៈ​ប្រកួតប្រជែង​នឹង​រដ្ឋាភិបាល​ហើយ​ខ្ញុំ​នឹង​អោយ​ពួកគេ​ទទួលខុសត្រូវ​”​។​

លោកស្រី​និយាយទៀតថា “​ខ្ញុំ​មិន​ខ្លាច​ចំពោះ​អ្វីដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នោះទេ​។ ជាការ​ពិត ខ្ញុំ​បាន​ហៅ​ពួកគេ​ថា​ជាការ​កុហក​”​។ លោកស្រី​បាន​បន្ថែមថា ការចោទប្រកាន់​ទាំងនេះ​អាចធ្វើអោយ​លោកស្រី​ជាប់ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​។​

លោកស្រី​នឹងត្រូវ​មក​ឆ្លើយ​នៅមុខ​តុលាការ​នៅ​ថ្ងៃ​សុក្រ​នេះ​លើ​ករណី​ដំបូង​ដែល​កើតចេញពី​ការចោទប្រកាន់​ដែលថា គេហទំព័រ Rappler និង​លោកស្រី Ressa មិនបាន​បង់ពន្ធ​លើ​ការលក់​កិច្ចសន្យា​ឆ្នាំ​២០១៥​ដែល​រកប្រាក់​ចំណេញ​សុទ្ធ​៣​លាន​ដុល្លារ​អាមេរិក​ទេ​។​

រដ្ឋាភិបាល​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា លោក​ប្រធានាធិបតី Duterte មិនបាន​លូកដៃ​នៅក្នុង​ការចោទប្រកាន់​នេះ​ទេ​ដោយ​និយាយថា “​យើង​នឹងមិន​ជ្រៀតជ្រែក​ជាមួយនឹង​មុខងារ​របស់​ប្រព័ន្ធតុលាការ​ឡើយ​”​។​

គួរ​បញ្ជាក់ថា គេហទំព័រ Rappler គឺ​ស្ថិត​ក្នុងចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហ្វីលីពីន​ដែល​បាន​ចោទសួរ​អំពី​វិធីសាស្ត្រ​នៃ​ការបង្ក្រាប​របស់លោក​ប្រធានាធិបតី​ដែល​ប៉ូលិស​និយាយថា បានសម្លាប់​អ្នកជួញដូរ​និង​អ្នកញៀន​ថ្នាំ​ជិត​៥,០០០​នាក់​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​៕ AFP