ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​មានជ័យ ​ផ្តល់​អំណោយ​ដល់​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​ ចំនួន​៥០​នាក់​

​ភ្នំពេញ ៖ លោក​ ពេជ្រ កែវ​មុនី អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ ​កាលពី​រសៀល​ថ្ងៃទី​៥​ធ្នូ​នេះ ​លោក​បាន​នាំយក​អំណោយ​ផ្តល់​ដល់​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​ចំនួន​៥០​នាក់​ ដែល​អំណោយ​នេះ​ ត្រូវបាន​លោក​អភិបាលខណ្ឌ​ធ្វើឡើង​ជាប្រចាំ​។​

ក្នុង​ពិធី​ប្រគល់​អំណោយ​ លោក ​ពេជ្រ កែវ​មុនី បាន​មានប្រសាសន៍ថា ​លោក​សូម​កោតសរសើរ​ដល់​កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ ​ដែល​បាន​ចូលរួម​បំពេញការងារ​ជូន​អង្គភាព​សាលា​ខណ្ឌ ​ទទួល​បាន​ជោគជ័យ​ និង​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទៀត​ផង​។​

លោក​អភិបាលខណ្ឌ​មានជ័យ​បាន​បន្ត​ថា ​សព្វថ្ងៃនេះ​បងប្អូន​ប្រជា​ការពារ​យើង​បាន​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដូចជា ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ផ្លូវ ចុះ​ការពារ​សន្តិសុខ​ជូន​ដល់​ប្រមុខ​ថ្នាក់​ដឹក​នាំ ចូលរួម​បំពេញការងារ​គ្រប់បែបយ៉ាង​ឲ្យ​តែ​គណៈ​អភិបាលខណ្ឌ​បញ្ជា​។​ អ្វីដែល​លោក​អភិបាល​ខណ្ឌ​មានជ័យ​ពេញចិត្ត​នោះ ​គឺ​បងប្អូន​ប្រជា​ការពារ​ ចេះ​សាមគ្គីភាព​ក្នុង​អង្គភាព​បាន​ល្អ​ហើយ​ពេល​បំពេញ​ភារកិច្ច​តែងមាន​ចរិត​សុភាព​រាបសា ​ចេះ​គោរព​ចាស់ទុំ និង​មាន​ពាក្យសំដី​រម្យទម​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ទៀតផង​។ ​ដូច្នេះហើយ​ ទើប​លោក​អភិបាលខណ្ឌ​ តែង​នាំ​យក​អំណោយ​ផ្តល់​ដល់​បងប្អូន​ប្រជា​ការពារ​សាលា​ខណ្ឌ​ មិនដែល​ខកខាន​ឡើយ ​ធ្វើយ៉ាងណា​ឲ្យ​អំណោយ​នេះ​បាន​ទៅដល់​ក្រុមគ្រួសារ ​ប្រពន្ធ​កូន ​ដែល​នៅ​ឯ​ផ្ទះ​ ដើម្បី​ដោះស្រាយ​ជីវភាព​បាន​គាប់​ប្រសើរ​ និង​មិន​ព្រួយបារម្ភ​នូវ​ការ​ខ្វះខាត​ក្នុង​ជីវភាព​។​

ជាក់ស្ដែង​ ដូច​ថ្ងៃនេះ ​លោក​ ពេជ្រ កែវ​មុនី អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​ បាន​នាំ​យក​អំណោយ​ជា​ទឹក​ផ្លែឈើ​ផ្ដល់​ដល់​បងប្អូន​ប្រជា​ការពារ​ទាំង​៥០​នាក់ ​ក្នុង​ម្នាក់ៗ ​ទទួលបាន​មួយ​កេស​និង​មួក​ការពារ​សុវត្ថិភាព​ចំនួន ​សម្រាប់​ប្រើប្រាស់​នៅ​ពេល​បើកបរ​ម៉ូតូ​ចុះ​បំពេញ​ភារកិច្ច ​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​ក្បាល​៕