ភ្នំពេញ ៖ នាឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា ដែលរៀបចំឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្នុងសប្ដាហ៍ នេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានសម្ដែងការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការដាក់បញ្ចូលប្រទេសកម្ពុជា ទៅក្នុងអនុសញ្ញាទីក្រុងប៉េកាំង ស្ដីពី «ការសម្ដែងសោតទស្សន៍» ដើម្បីពង្រឹងវិស័យកម្មសិទ្ធិបញ្ញាជាតិ សំដៅបម្រើការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនអង្គប្រជុំ អំពីអត្ថប្រយោជន៍ និងសមិទ្ធផលសំខាន់ៗ ដែលកម្ពុជាទទួលបានក្រោយការចូលរួមក្នុងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ព្រមទាំងបានលើកទឹកចិត្តតំណាងក្រសួង និងស្ថាប័នទាំងអស់ ធ្វើការពិភាក្សា និងផ្លាស់ប្ដូរយោបល់ សំដៅប្រមូលធាតុចូលសំខាន់ៗ ជុំវិញការស្នើចូលជាសមាជិក នៃអនុសញ្ញាទីក្រុងប៉េកាំង ស្ដីពី «ការសម្ដែងសោតទស្សន៍»។
បន្ទាប់ពីបានស្តាប់អង្គប្រជុំ ធ្វើការពិភាក្សាយ៉ាងផុលផុស និងបានថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការចូលជាសមាជិក នៃសន្ធិសញ្ញាថ្មីនេះ លោករដ្ឋមន្ត្រី បានសម្ដែងការគាំទ្រទាំងស្រុង និងបានសំណូមពរក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ធ្វើការពន្លឿនកិច្ចការចំពោះមុខ ដើម្បីទាញយកជំនួយបច្ចេកទេស និងអត្ថប្រយោជន៍ផ្សេងៗពី WIPO សំដៅអភិវឌ្ឍន៍វិស័យកម្មសិទ្ធិបញ្ញា ជាពិសេសលើកទឹកចិត្តសិល្បករ តន្ត្រីករ និងផលិតករ ឲ្យខិតខំប្រឹងប្រែងបង្កើតស្នាដៃសោតទស្សន៍ថ្មីៗ សម្រាប់បម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
គួររំលឹកដែរថា កាលពីកំឡុងខែតុលា ឆ្នាំ២០១៨ កន្លងមក នៅក្នុងជំនួបជាមួយ លោក Francis Gurry អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំ WIPO ជួយដល់កម្ពុជា ក្នុងការចូលរួមសន្ធិសញ្ញានានាទាក់ទងនឹងកម្មសិទ្ធិបញ្ញា ដែលកម្ពុជាមិនទាន់ក្លាយជាសមាជិក និងផ្តល់ជំនួយបច្ចេកទេសផ្សេងៗ ដើម្បីពង្រឹងវិស័យកម្មសិទ្ធិបញ្ញាជាតិ៕