ព័ត៍មានទាន់​ហេតុការណ៏
Search

ចៅក្រម​តុលាការ ​ចាបផ្ដើម​ស៊ើបសួរ​ស្ត្រី​ពពោះ​ជំនួស​ចំនួន​១១​នាក់ បន្ទាប់ពី​បាន​ដោះលែង​៣៣​នាក់

ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ០៦​ធ្នូ ឆ្នាំ​២០១៨ បាន​បង្គាប់​អោយ​អនុ​រក្ស​ពន្ធនាគារ​ព្រៃ​ស​បញ្ជូន​ស្ត្រី​ពរ​ពោះ​ជំនួស​ចំនួន​១១​នាក់មក​សាលាដំបូង​ដើម្បី​សាកសួរ​នៅក្នុង​នីតិវិធី​ស៊ើបសួរ ក្រោយពី​តុលាការ​បាន​ឃុំខ្លួន​ពួកគេ​បាន​២១​ថ្ងៃ​មកហើយ។​

ដោយឡែក​បើតាម​ប្រភព​ព័ត៌មាន​ពី​ពន្ធនាគារ​បានអោយដឹង​ថា កាលពី​ថ្ងៃទី ០៥​ធ្នូ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​កោ វណ្ឌី អនុប្រធាន​តុលាការ​បានចេញ​ដីកា​សម្រេច​អោយ​ស្ត្រី​ពរ​ពោះ​ជំនួស​ចំនួន​៣៣​នាក់​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ស្ថិតក្នុង​ឃុំ​ច្រើន​ខែ​កន្លងមកនេះ ។ ប៉ុន្តែ​ចំពោះ​ស្ត្រី​ចំនួន​១១​នាក់​ ដែល​ទើប​ឃុំខ្លួន​មិនទាន់មាន​ការសម្រេច​បែប​ណា​ទេ ដោយ​តុលាការ​ទើបតែ​ចាប់ផ្ដើម​ស៊ើបសួរ​ប៉ុណ្ណោះ។​

កាលពី​ល្ងាច​ថ្ងៃទី​១៥ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ចៅក្រម​ស៊ើប​សួរ​បានចេញ​ដីកា​ឃុំ​ស្ត្រី​ចំនួន​១១​នាក់ ពីបទ លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន និង​បទ ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន​និង​ស្ត្រី​ពពោះ តាម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ។​

ជន​ត្រូវ​ចោទ​ទាំង​១១​នាក់ ត្រូវបាន​សមត្ថកិច្ច​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បញ្ជូន​ទៅកាន់​ពន្ធនាគារហើយ​នា​ថ្ងៃទី ១៦​វិច្ឆិកា ឆ្នាំ​២០១៨ ។​

កាលពី​ថ្ងៃទី​១៤​ខែវិច្ឆិកា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​ជនជាប់ចោទ​៤​នាក់​ពីបទ សមគំនិត​ក្នុង​អំពើ​លក់ដូរ​មនុស្ស​សម្រាប់​ឆ្លងដែន និង​ធ្វើ​អន្តរការី​រវាង​អ្នក​សុំ​កូន​និង​ស្ត្រី​ពពោះ តាម​មាត្រា ១៦ នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស មាត្រា ២៩ និង​មាត្រា ៣៣២ នៃ​ក្រមព្រហ្មទណ្ឌ ដែលមាន​១.​ឈ្មោះ ចេង សំអុល ភេទ​ប្រុស ២.​ឈ្មោះ អៀង ម៉ាន់ ភេទ​ប្រុស ៣.​ឈ្មោះ សុខ ឃឿន​ ភេទ​ស្រី និង​៤.​ឈ្មោះ ខៀវ វណ្ណា ភេទ​ស្រី​។​

ជនជាប់ចោទ​ទាំង​១៥​នាក់​ខាងលើនេះ ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ដោយមាន​ការសម្របសម្រួល​ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង ករណី អំពើ​លក់ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លងដែន និង​បទ អន្តរការី​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ នៅ​ចំណុច​ទីតាំង​ចំនួន​៣​កន្លែង ក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​។​
​ជា​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បានធ្វើការ​ឃាត​ខ្លួន​ជនជាប់ចោទ​ចំនួន​១៥​នាក់ ក្នុងនោះ​មាន អ្នកមើលការខុសត្រូវ​(​មេការ​ស្រី​)​ចំនួន​២​នាក់ អ្នករត់​ម៉ូតូ​កង់​បី​ប្រុស​ចំនួន​២​នាក់ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១១​នាក់ និង​៣​នាក់​ទៀត​រត់គេចខ្លួន​។​

វត្ថុតាង​ដកហូត​រួមមាន លិខិតឆ្លងដែន​ចំនួន​១​ក្បាល ឯកសារ​ពេទ្យ​មួយ​ចំនួន ស៊ី​រ៉ាង និង​ថ្នាំពេទ្យ​(​ប្រើ​រួច​និង​មិនទាន់​ប្រើ​)​មួយ​ចំនួន និង​ម៉ូតូ​កង់​បី​ចំនួន​២​គ្រឿង។​

បើតាម​សមត្ថកិច្ច​ព្រលយ​អោយដឹងថា មាន​ជនសង្ស័យ​៣​នាក់​ទៀត​ជា​មេខ្លោង​នៅក្នុង​បទល្មើស​ពរ​ពោះ​ជំនួស​នេះ​បាន​រត់គេចខ្លួន ហើយ​ពេល​នេះ ​កំពុង​ស្វែងរក​ចាប់ខ្លួន៕