ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងបរិស្ថាន​បំភ្លឺ​ករណី​បាតុភូត​វត្តមាន​សត្វ​ចម្លែក

​ភ្នំពេញ​ ៖ ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ផ្តល់ព័ត៌មាន និង​បំភ្លឺ​អំពី​វត្តមាន​របស់​សត្វ ដែលមាន​រូបរាង​ដូច​អ្វីដែល​គេ​បាន​ផ្សាយ​ក្នុង​វីដេអូ YouTube កន្លងមក ដោយបាន​ធ្វើការ​សន្និដ្ឋាន​ជាបឋម​ថា សត្វ​នេះ​មិនមែន​ជា​ដង្កូវ​គី​នី​ឡើយ។

យោង​តាម​ការសិក្សា និង​ការ​ចុះទៅ​សាកសួរ​ព័ត៌មាន​បន្ថែម​របស់​ក្រុមការងារ​នាយកដ្ឋាន​ជីវចម្រុះ ពី​ប្រជា​នេសាទ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ខេត្តកោះកុង និង​ខេត្តកំពត បាន​បញ្ជាក់ថា សត្វ​ក្នុង​វីដេអូ​នោះ ត្រូវបាន​អ្នកស្រុក​កោះកុង​ហៅថា​សត្វ “​ព្រៀង​” ចំណែក អ្នកស្រុក​កំពត​ហៅថា សត្វ “​ទំពុន​” ហើយ​សត្វ​នេះ​ឃើញ​មាន​វត្តមាន​នៅក្នុង​តំបន់​ពាម​សមុទ្រ មាត់សមុទ្រ និង​ព្រៃកោងកាង ម្តុំ​កោះ​កាពិ កោះ​មូល កោះកុង ពាម​ក្រសោប​ក្នុង​ខេត្តកោះកុង និង​តំបន់​ទឹក​ភ្លាវ​ដែលមាន​ដុះ​ព្រៃកោងកាង ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តកំពត​។ ប្រជាជន​នៅ​តំបន់​នោះបាន​បញ្ជាក់ថា សត្វ “​ព្រៀង​” ឬ “​ទំពុន​” គឺជា​សត្វ​ពេញវ័យ​របស់​ដង្កូវ ឬ​ព្រូន (​ដូច​មាន​ក្នុង រូប​ទី​១ និង​ទី​២) ដែលមាន​សម្បុរ​ស រស់នៅក្នុង​សាច់​ឈើ​នៃ​ដើម​កោង​កាង ហើយ​នៅពេល​ពេញវ័យ វា​មាន​រូបរាង​ដូច​សត្វ​ពស់ និង​មាន​ប្រវែង​រហូតដល់​ជិត​៦០​សម (​រូប​ទី​៣) ដូចគ្នា​ទៅនឹង​ហ្វូង​សត្វ​ក្នុង​វីដេអូ YouTube​។ សត្វ “​ព្រៀង​” ឬ “​ទំពុន​” គឺជា​ពពួក​សិប្បិសត្វ (Mollusca)​។​

នៅ​ប្រទេស​កម្ពុជា គេ​សង្កេតឃើញ​សត្វ​នេះ​ពេញវ័យ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ ចន្លោះ​ខែកញ្ញា និង​តុលា និង​បាន​ហែល​ចេញពី​ព្រៃកោងកាង​ក្នុងខណៈពេល​ទឹកនាច សំដៅ​ទៅរក​ទឹកសមុទ្រ ជា​រៀងរាល់ឆ្នាំ​។ ដោយឡែក​ក្នុង​ឆ្នាំ​២០១៨​នេះ ដោយសារ​ទឹកជោរ​ឡើង​ខ្លាំង​បណ្តាលឱ្យ​លិច​ព្រៃកោងកាង​ច្រើនជាង​ឆ្នាំ​កន្លងទៅ ទើប​គេ​សង្កេតឃើញ​វត្តមាន​សត្វ “​ព្រៀង​” ឬ “​ទំពុន​” ហែល​ចេញទៅ​សមុទ្រ​យ៉ាងច្រើន​កុះករ​។ ប្រជា​នេសាទ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​បញ្ជាក់ដែរថា គេ​អាច​យក សត្វ “​ព្រៀង​” ឬ “​ទំពុន​” ដែល​ឋិត​ក្នុងដំណាក់កាល​ជា​ដង្កូវ មក​ធ្វើជា​អាហារ ហើយ​ព័ត៌មាន​នេះ ដូចគ្នា​ទៅនឹង​ព័ត៌មាន នៅក្នុង​គេហទំព័រ​មួយចំនួន​ផងដែរ ដែលថា​ប្រជាជន​រស់នៅ​ខេត្ត​ប៉ា​ឡា​វាន់​នៃ​ប្រទេស​ហ្វីលីពីន ក៏បាន​ប្រមូល​សត្វ “​ព្រៀង​” ឬ “​ទំពុន​” មក​ធ្វើជា​ចំណីអាហារ​ដែរ​។ តាម​ការបញ្ជាក់​របស់​ប្រជា​នេសាទ​ថា សត្វ “​ព្រៀង​” ឬ “​ទំពុន​” នេះ មិនបាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មនុស្ស​ឡើយ ផ្ទុយទៅវិញ​វា​ជា ចំណី​របស់​ពួក​មច្ឆា​សមុទ្រ នៅពេល​វា​ពេញវ័យ​និង​បាន​ហែល​ទៅដល់​សមុទ្រ ហើយក៏​ជា​ចំណី​របស់​មនុស្ស​នៅពេល​វា​ជា​ដង្កូវ​។​

ទោះជា​យ៉ាងណាក៏ដោយ​ទាំងនេះ​គ្រាន់តែ​ជា​ព័ត៌មាន ដែល​ទទួលបាន​ពី​ប្រជា​នេសាទ​ប៉ុណ្ណោះ ពុំទាន់​មានការ​សិក្សា​ច្បាស់លាស់​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​នៅឡើយ ដោយសារតែ​នាយកដ្ឋាន​ជីវចម្រុះ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ពុំ​អាច​ប្រមូល​សំណាក​សត្វ “​ព្រៀង​” ឬ “​ទំពុន​” មក​ធ្វើ​ការកំណត់​អត្តសញ្ញាណ​បាន ព្រោះ​សត្វ​នេះ​បាន​អស់​វត្តមាន​ចាប់ពី​ដើមខែ​វិច្ឆិកា​ម្ល៉េះ​។ នាយកដ្ឋាន​ជីវចម្រុះ នឹងធ្វើ​ការសិក្សា​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​នៅ​ឆ្នាំក្រោយ​ប្រសិនបើ​មាន​ព្រឹត្តិការណ៍​បែបនេះ​កើតឡើង​ម្តងទៀត​៕