ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​ឆ្នើម ម៉ាត់ នូ​រុណ ចេញពី​អគ្គីសនី​កម្ពុជា ទៅ​ចូលរួម​ជាមួយ​បឹងកេត​

ខ្សែប្រយុទ្ធ​វ័យក្មេង​ខ្មែរ​-​អ៊ីស្លាម ម៉ាត់ នូ​រុណ បានសម្រេច​ចិត្ត​ចាក​ចេញពី​ក្លិប​អគ្គីសនី​កម្ពុជា ទៅ​ចូលរួម​ជាមួយ​ក្រុម​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី ដែលជា​សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ សម្រាប់​រដូវ​កាល​ថ្មី​២០១៩ ខាងមុខ​។

​កីឡាករ​រូបនេះ​មានការ​ចាប់អារម្មណ៍​ពី​មហាជន​ជាខ្លាំង​ពេល​រូបគេ​ជួយ​ក្រុម​ជម្រើសជាតិ U21 កម្ពុជា ក្នុង​ពានរង្វាន់​ជើងឯក​ស្តេច​ស៊ុ​លត​ង់ ព្រះរាជាណាចក្រ​ប្រ៊ុយណេ 2018 Hassanal Bolkiah Trophy ប្រចាំឆ្នាំ​២០១៨ កាលពី​ខែឧសភា​។ ក្រោយ​ចប់​ព្រឹត្តិការណ៍​នេះ​រូបគេ​ត្រូវ​ញាំញី​ដោយសារ​របួស​ហើយ​មិន​អាចជួយ​ក្រុម​អគ្គីសនី​កម្ពុជា បាន​រហូតដល់​ចប់​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​។​

​កីឡាករ ម៉ាត់ នូ​រុណ បាន​ដុះ​ចេញពី​ក្រុម​ថ្នាល​យុវជន​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ហើយ​នៅ​ឆ្នាំ​២០១៧ រូបគេ​បានសម្រេច​ចិត្ត​ចូលរួម​ជាមួយ​ក្លិប​អគ្គិសនី​កម្ពុជា​។ ចូលដល់​ដើមឆ្នាំ​២០១៨ រូបគេ​ក៏មាន​ឈ្មោះ​លេង​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា​ផងដែរ​។ រូបគេ​ត្រូវបាន​លោក ប្រាក់ សុវណ្ណារ៉ា ដែលជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​បណ្តោះអាសន្ន​នៅ​គ្រានោះ​កោះហៅ​ឱ្យចូល​ក្រុម​ជាប្រចាំ​ផងដែរ​។

​ចំពោះ​ក្លិប​បឹងកេត បានសម្រេច​ចិត្ត​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​យុវជន​ថ្នាល​របស់​ក្លិប​ចំនួន​៤​នាក់​រហូតដល់​ឆ្នាំ​២០២០ ខាងមុខ​ក្នុងនោះ​មាន​កីឡាករ ជា វេ​ស្លី​, ឃុន សេង​ថៃ​, ឱ ភា​រុន និង អ៊ុយ វុត្ថា​។ ថ្មីៗ​នេះ​ដែល​ក្លិប​ទើបតែ​ចុះកិច្ចសន្យា​នាំយក​កីឡាករ​ឆ្នើម​២​រូប​ពី​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ក្នុង​ខេត្តតាកែវ ក្រោយ​ផុត​កិច្ចសន្យា​ជាមួយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ កីឡាករ​ទាំង​២​រូបនោះ​មាន​ខ្សែការពារ សឿត ណា​វ៉ា និង​អ្នកចាំទី ហ៊ុល គីម​ហ៊ុយ​។​

​ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President’s Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AF Cup ផងដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ដូចគ្នា​៕