ព័ត៍មានទាន់​ហេតុការណ៏
Search

គណបក្ស​ប្រជាជន​កម្ពុជា ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់ វប្បធម៌​អាស៊ី តាមរយៈ​ការជំរុញ​បង្កើត​ក្រុមប្រឹក្សា ACC

​ភ្នំពេញ​ ៖ គណបក្ស​ប្រជាជន​កម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​វប្បធម៌​អាស៊ី ដើម្បី​សន្តិភាព ការអភិវឌ្ឍ និង​ភាពសុខដុមរមនា ដោយបាន​ជំរុញ​ការបង្កើត​រួមគ្នា​នូវ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) ដែលជា​ស្ថាប័ន​បុត្រ​សម្ពន្ធ​នៃ​អង្គការ​សន្និសីទ​អន្ដរជាតិ​នៃ​បណ្ដា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨​។​

សេចក្តីប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ជាមួយ​តួនាទី​ដ៏​សំខាន់​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាននិងកំពុង​កសាង​អារ្យធម៌​សម័យ​ទំនើប​មួយ សម្រាប់​ប្រទេស​កម្ពុជា ដោយបាន​បង្កើតឡើង​នូវ​ជញ្ជាំង វប្បធម៌​មួយ​ដ៏​រឹងមាំ ដែល​នឹង​ក្លាយជា​វេទិកា​ដ៏​មាន​ប្រសិទ្ធភាព សម្រាប់​កិច្ចពិភាក្សា និង​ការពង្រឹង​ចំណងទាក់ទង​ទន់ភ្លន់​នៅ​ទូទាំង​ពិភពលោក​។ បន្ទាប់ពី​មាន​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ រវាង​អង្គការ​យូណេស្កូ (UNESCO) និង​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ដែល​បាន​ប្រារព្ធ​ធ្វើឡើង កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង​ឱកាស​ខួប​លើក​ទី​២៥ នៃ ICC-Angkor ក្នុង​ខេត្តសៀមរាប ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី បាន​ក្លាយជា​ស្ថាប័ន​អន្តរជាតិ​មួយ ដែល​ត្រូវបានគេទទួលស្គាល់​ជា​សាធារណៈ​។​

ក្នុង​សន្និសីទ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើនេះ ដោយមាន​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​គណៈកម្មាធិការ ​អចិន្ត្រៃយ៍ របស់​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី ជា​តំណាង​ភាគី​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី លោក Park Ro-byug អគ្គលេខាធិការ​អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី ជា​តំណាង​អង្គការ​វេទិកា​គណបក្ស​នយោបាយ​នៅ​អាស៊ី និង​លោកស្រី Audrey Azoulay អគ្គនាយក​អង្គការ​យូណេស្កូ​ជា​តំណាង​អង្គការ​យូណេស្កូ​។​

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង រួមមាន ទី​១-​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់ សម្រាប់​ការកសាង​សមត្ថភាព​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ភាព​ច្នៃប្រឌិត ដែលជា​កត្តា​ជំរុញ​ដ៏​សំខាន់​សម្រាប់​សន្តិភាព​ប្រកបដោយ​ចីរភាព និង​វិបុលភាព​រួមគ្នា , ទី​២-​លើកកម្ពស់​អត្តសញ្ញាណ​នៃ​វប្បធម៌​អាស៊ី , ទី​៣-​ពង្រីក​ឱកាស និង​បង្កើន​ការចូលរួម​របស់​យុវជន និង​ស្ត្រី​ក្នុង​ក្របខណ្ឌ​អង្គការ​យូណេស្កូ​ស្របតាម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ , ទី​៤-​លើកកម្ពស់​ការកសាង សន្តិភាព​តាមរយៈ​វប្បធម៌ , ទី​៥-​ប្រយុទ្ធ​ប្រឆាំងនឹង​ការជួញដូរ​សម្បត្តិ​វប្បធម៌​ខុសច្បាប់ និង​ទី​៦-​ការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបីយ៍​។​

ពិធី​សម្ពោធ​ជា​ផ្លូវការ​របស់​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១៥-១៦ ខែមករា ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប ស្របគ្នា​ជាមួយនឹង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ របស់​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក (APPF) ។​

សូម​រំលឹកថា អង្គការ​សន្និសីទ​អន្តរជាតិ​នៃ​បណ្តា​គណបក្សនយោបាយ​នៅ​អាស៊ី (ICAPP) ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​ម៉ានីល​នៅ​ខែកញ្ញា ឆ្នាំ​២០០០ ដើម្បី​ជំរុញ​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​គណបក្សនយោបាយ ដែលមាន​មនោគមវិជ្ជា​ផ្សេងៗ​គ្នា​មក ពី​បណ្តា​ប្រទេស​នៅ​ទ្វីបអាស៊ី និង​មាន​គណបក្សនយោបាយ​ស​មា​ជិ​ក​ប្រមាណ​៣៥២​គណបក្ស​មកពី​៥២​ប្រទេស​៕