ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ​ និង​សម្ដេច​ម៉ែ ​​ យាង​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ

សៀមរាប ​៖​ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ បាន​យាង​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ (Beat Richner) ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ចេតិយ​តម្កល់​ធាតុ​របស់​លោក​នៅមុខ​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា ក្នុង​ក្រុង​សៀមរាប​។​

ធាតុ​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ បុរស​ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត​ពាក់កណ្តាល​ជីវិតចុងក្រោយ ដើម្បី​កុមារ​កម្ពុជា​នោះ បាន​ដឹក​ពី​ប្រទេស​ស្វី​ស ទឹកដី​កំណើត​ខ្លួន មកដល់​ខេត្តសៀមរាប​ហើយ នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨​។ ធាតុ​របស់លោក​វេជ្ជបណ្ឌិត​ត្រូវបាន​ដឹក​មកដល់​ព្រលានយន្តហោះ​ខេត្តសៀមរាប នៅវេលា​ម៉ោង​ប្រមាណ​៨​ព្រឹក ដោយមាន​ការសូត្រ​មន្ត​បង្សុកូល​ឧទ្ទិស​កុសល ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​លោក​ពី​សំណាក់​ព្រះសង្ឃ​ប្រមាណ ៧០០​អង្គ​។​

បន្ទាប់ពី​បាន​យកមក​ដល់​ព្រលានយន្តហោះ ធាតុ​របស់លោក​ត្រូវបាន​ហែ​ចេញពី​ព្រលានយន្តហោះ ទៅកាន់​បណ្តា​ផ្លូវ​មួយចំនួន ក្នុង​ក្រុង​សៀមរាប មុន​ឆ្ពោះទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ខេត្តសៀមរាប ទី​ដែល​ត្រូវ​តម្កល់​ធាតុ​របស់លោក​។​

ពិធី​ដង្ហែ​មានការ​បើកផ្លូវ​ដោយ​រថយន្ត​សឺ​រ៉ែ​ន​របស់​មន្ត្រីនគរបាល និង​មានការ​ហែ​អមដោយ​ផ្ទា​ល់ពី​សំណាក់​សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង ព្រមទាំង​មានការ​លេងភ្លេង​ពិណពាទ្យ​អម​ផងដែរ​។​

នៅតាម​ដងផ្លូវ​គេ​សង្កេតឃើញ​មាន​មន្ត្រីរាជការ សិស្ស និស្សិត ប្រជាពលរដ្ឋ​យ៉ាងច្រើន​ឈរ​នៅ​អម​សងខាង​ផ្លូវ សម្តែង​សមាន​ទុក្ខ និង​សម្តែង​ការគោរព​ដល់​វិញ្ញាណក្ខន្ធ​របស់លោក៕