ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​ Leo Pre-Season Cup 2019 ​នៅ​ប្រទេស​ថៃ​អញ្ជើញ​ក្រុម​ភ្នំពេញ​ក្រោ​ន​ របស់​កម្ពុជា​ទៅ​ប្រជែង​ដណ្តើមពាន

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​ សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) កំពុង​ដែល​ដឹកនាំ​ដោយ​លោក Leonardo Vitorino ជា​គ្រូបង្វឹក​បង្គោល នឹងត្រូវ​ចូលរួម​ប្រកួត​នៅក្នុង​ពានរង្វាន់ Leo Pre-Season Cup 2019 ដែល​ត្រូវធ្វើ​ឡើង​នៅ​ប្រទេស​ថៃ នា​ដើម​ឆ្នាំ ២០១៩​ខាងមុខនេះ ជាមួយ​ក្រុម​ចំនួន​១៦ ផ្សេងគ្នា​មកពី​៤​ប្រទេស។

យោង​តាម​សារព័ត៌មាន​នៅ​ក្នុង​ស្រុក​របស់​ថៃ បាន​បញ្ជាក់​ថា ​ពានរង្វាន់​នេះ​គ្រោង​នឹង​ផ្ដើម​នៅ​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៩ រហូតដល់​ថ្ងៃទី​២៦ ខែ មករា ឆ្នាំ ២០១៩​។ ចំណែក​ក្រុម​ដែល​ចូល​រួមមាន​ក្រុម​មកពី​លី​គ​កំពូល​ថៃ ចំនួន​៦​ក្រុម​គឺ​SCG Muangthong United, Port FC, Chiangrai United, PT Prachaup, Nakorn Ratchasima Mazda FC, Bangkok Glass (​ដែល​ត្រូវ​ធ្លាក់​ទៅ​លី​គ​ទី​២ នា​រដូវ​កាល​២០១៩)​។ លី​គ​លំដាប់​ទី​២ ថៃ មាន​៦​ក្រុម​ដូចជា​Chiangmai FC ( ឡើងទៅ​លី​គ​កំពូល​នា​រដូវ​កាល​២០១៩ ), Khonkaen FC, Nong Bua Pitchaya FC, Singha Samut Sakorn FC, Udon Thani FC, Rayong FC​។ លី​គ​កំពូល​កម្ពុជា មាន​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន លី​គ​កំពូល​ម៉ាឡេស៊ី មាន​ក្រុម​ជើងឯក​រង Perak លី​គ​កំពូល​វៀតណាម មាន​ក្រុម​ជើងឯក Hanoi FC​លី​គ​កំពូល​ឡាវ មាន​ក្រុម​ជើងឯក Lao Toyota FC​។

​គោលដៅ​នៃ​ការបង្កើត​ពានរង្វាន់​អន្តរជាតិ​នេះ​ឡើង​គឺ​ដោយសារតែ​លី​គ​តាម​ប្រទេស​ដែលជា​បេក្ខភាព​ទាំងអស់​កំពុងតែ​សម្រាក​ត្រៀម​រដូវ​កាល​ឆ្នាំ​២០១៩ ក្រោយ​ក្រុម​ជម្រើសជាតិ​ប្រមូលផ្តុំ​កីឡាករ​រៀងៗ​ខ្លួន​ដើម្បី​ប្រកួត​ក្នុង​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 នៅ​ចុង​ឆ្នាំនេះ​។ ដូច្នេះ​ក្រុម​ទាំង ១៦​មានឱកាស​បាន​ពង្រឹង​សមត្ថភាព​តាមរយៈ​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ក្នុងដំណាក់កាល​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​នៃ​លី​គ​តាម​បណ្តា​ប្រទេស​នីមួយៗ​។​

​សូមបញ្ជាក់ថា​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោលគឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន ទាត់​ប​ញ្ជូ​ល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤​ទល់​៣ ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង​២​ជើង​៤​ទល់​៤៕