ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​អញ្ជើញ​ដល់ទី​ក្រុង​ហាណូយ​សុវត្ថិភាព​ដើម្បី​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម

ភ្នំពេញ ​៖ ​បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅលើ​ទឹក​នៃ​ទីក្រុង​វៀង​ច័ន្ទ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រួម​មក នៅ​រសៀល​ថ្ងៃទី​៦​ធ្នូ​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ធ្វើដំណើរ​ចាក​ចេញពី​ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​ក្នុង​ដំណើរ​បន្ត​អញ្ជើញ​បំពេ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​រយៈពេល​៣​ថ្ងៃ​បន្តទៀត គឺ​ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៨ ធ្នូ។



យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​ចុះចត​ប្រកបដោយ​សុ​វត្ថិភាព​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ណូយ​បៃ ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម កាលពី​វេលា​ម៉ោង​១៦​និង​២០​នាទី ក្រោម​វត្ត​មាននៃ​ការអញ្ជើញ​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​លោក Phung Xuan Nha រដ្ឋមន្ត្រីក្រសួង​អប់រំ​និង​បណ្តុះបណ្តាល​ព្រមទាំង​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​វៀត​ណា​ម​និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ជាច្រើនរូប​។



​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចាប់ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ទីក្រុង​ហាណូយ​នៅ​ព្រឹក​ថ្ងៃទី​៧​ធ្នូ ។ វៀតណាម​គឺជា​ប្រទេស​ទី​២​ក្នុង​តំបន់​អាស៊ាន បន្ទាប់ពី​ប្រទេស​ឡាវ ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជ្រើសរើស​សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​បន្ទាប់ពី​សម្តេច​តេ​ជោ​ត្រូវបាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពីដើម​ខែកញ្ញា​កន្ល​ង​ទៅ​ថ្មីៗ​នេះ​។​

ទស្សនកិច្ច​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន តប​តាម​ការអញ្ជើញ​របស់លោក ង្វៀន ស៊ុន​ហ្វ៊ួ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។​

នៅ​ព្រឹក​ថ្ងៃទី ៧ ធ្នូ បន្ទាប់ពី​ពិធី​ទទួល​បដិសណ្ឋាកិច្ច​ផ្លូវការ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​នឹង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ង្វៀន ស៊ុន​ហ្វ៊ូ​ក នាយករដ្ឋមន្ត្រី​វៀតណាម ។ បន្ទាប់ពី​ជំនួប​នោះ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ក៏​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៦ រួមមាន​៖​ក្នុងនោះ​មាន​ឯកសារ​ចំនួន ៣ ទាក់ទង​កិច្ចព្រមព្រៀង​លើ​វិស័យ​ដឹកជញ្ជូន​ផ្លូវគោក​ផ្លូវទឹក​និង​ផ្លូវអាកាស ។ ទី​៤.​កិច្ចព្រមព្រៀង​ស្តីពី​ផែនការ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​សម្រាប់​ឆ្នាំ​២០១៩​។​ទី​៥.​ឯកសារ​ស្តីពី​កំណត់ហេតុ​នៃ​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ និង ទី​៦.​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​សម្រាប់​ឆ្នាំ ២០១៨-២០១៩ ។



លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា កិច្ច​សម្រួល​ពាណិជ្ជ​កម្មនេះ​គឺ​នឹងធ្វើ​ការកែប្រែ​លើ​ការកំណត់​ការប្រកាស​ពន្ធគយ​ដែល​កន្លងមក​វៀតណាម​បានស្នើ គឺ​ទំនិញ​ដែលមាន​តម្លៃ​ត្រឹម​៥.០០០​ដុល្លារ​ចុះ មិនបាច់​ប្រកាស​ពន្ធគយ​ទេ តែ​លើក​នេះ​កម្ពុជា​ស្នើសុំ​ថា ទំនិញ​ក្រោម​១​ម៉ឺន​ដុល្លារ​មិនចាំបាច់​ប្រកាស​ពន្ធគយ​ទេ ។​ការធ្វើ​បែបនេះ គឺ​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទាំងពីរ​ក្នុងការ​ដោះដូរ​ទំនិញ​គ្នា​ទៅវិញទៅមក ។

​ក្នុងការ​ស្នាក់នៅ​ប្រទេស​វៀតណាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​ចូលជួប​សំដែង​ការគួរ​សមជា មួយ​លោក ង្វៀង ភូ​ទ្រុង អគ្គលេខាធិការ​បក្ស និង ជា​ប្រធាន​រដ្ឋ​រៀ​ត​ណា​ម និង ជួប​សំដែង​ការគួរសម​ជាមួយ​លោកស្រី ង្វៀង ធី​គីម​ប្រធានរដ្ឋសភា​វៀតណាម​។ សម្តេច​នឹង​វិល​ត្រឡប់មក ដល់​មាតុភូមិ​វិញ​នៅ​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃទី ៨ ខែធ្នូ ៕
​ ​

​ ​ ​