ក្លិបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា៦សម័យកាល បានប្រកាសបង្ហាញសមាជិកថ្មីចំនួន៤រូប នៅថ្ងៃពុធ សប្តាហ៍នេះ ដើម្បីត្រៀមរដូវកាលថ្មីឆ្នាំ២០១៩ ខាងមុខ ខណៈអ្នកទាំងអស់សុទ្ធសឹងជាជនជាតិប្រេស៊ីល ដូចគ្នាដែលមាន២នាក់ជាកីឡាករ និង២នាក់ទៀតជាបុគ្គលិកប្រចាំក្រុម។
ចំពោះ២នាក់ជាកីឡាករគឺខ្សែប្រយុទ្ធ Paulo Victor និងអ្នកចាំទី Leonardo ព្រមទាំងក្រុមការងារពេទ្យចលនា២រូបទៀតគឺលោកLuiz Andre Bastos Leandro ជាគ្រូផ្នែកកាយសម្បទានិងគ្រូពេទ្យចលនា លោកPedro Icaro Marques Benevenuto។ ក្លិបបានចុះកិច្ចសន្យាជំហ៊ានដំបូងរយៈពេល១ឆ្នាំជាមួយអ្នកទាំង៤ផងដែរ។
ចំពោះកីឡាករ Leonardo Oliveira Tavares កើតនៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៩៦។ រូបគេបានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅប្រទេសកំណើតជាមួយក្លិប Flamengo នៅឆ្នាំ២០០៩ ហើយបន្តដំណើរទៅកាន់ក្លិប Botafogo នៅឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៦ រូបគេបន្តទៅកាន់ក្លិប Porto -SCហើយក៏បន្តទៅលេងនៅក្លឹប Queimados នាឆ្នាំ២០១៧ និងលេងនៅក្លឹប Bacabal ឆ្នាំ២០១៨ ថ្មីៗនេះ។
ចំណែកកីឡាករ Paulo Victor វិញកើតនៅថ្ងៃ១៣ ខែកញ្ញា ឆ្នាំ១៩៩៤ នៅទីក្រុង São Luís នៃប្រទេសប្រេស៊ីល។ រូបគេលេងក្នុងតួនាទីជាខ្សែបម្រើប្រយុទ្ធ ហើយរូបគេបានចាប់ផ្តើមអាជីពបាល់ទាត់ឲ្យក្លិប Atlético Sorocaba ក្នុងឆ្នាំ២០១៣ នៅឆ្នាំ២០១៤ បានបន្តទៅលេងនៅក្លឹប América-RN ហើយបន្តទៅលេងនៅក្លឹប Goyang Zaicro របស់ប្រទេសកូរ៉េខាងត្បូង នៅឆ្នាំ២០១៦ និងថ្មីៗនេះរូបគេក៏ត្រលប់ទៅលេងនៅប្រទេសប្រេស៊ីលវិញគឺក្លិប Nacional Atl. Muriaé។
ចំណែកបុគ្គលិកទាំង២រូបនេះមានលោក Luiz Andre ធ្លាប់បទពិសោធន៍ជាច្រើនឆ្នាំលើការបង្វឹកកាយសម្បទាកីឡាករជាពិសេសលើផ្នែកកម្លាំងដែលធ្លាប់ធ្វើការនៅក្លឹបមួយចំនួនដូចជា ជាមួយក្រុមជម្រើសជាតិហៃទី ក្លឹប Dempho Sport Club របស់ប្រទេសឥណ្ឌា ក្លឹប Al Arabi និងក្លឹប Al Hamrya របស់ប្រទេសគុយវ៉ែត និងក្លិបមួយចំនួននៅប្រទេសប្រេស៊ីលដូចជា Fluminense FC និង Sampaio Correia FC ។ ចំណែកលោក Pedro Icaro វិញបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យនៅរដ្ឋ Ceara របស់ប្រទេសប្រេស៊ីល ហើយក៏បានធ្វើការជាមួយក្លឹប Ceara Sporting Club រយៈពេល៤ឆ្នាំផងដែរមុនសម្រេចចិត្តមកកម្ពុជា។
សូមបញ្ជាក់ថា ថ្មីៗនេះក្រុមភ្នំពេញក្រោន បានតែងតាំងក្បាលម៉ាស៊ីន ថ្មីក្រោយជម្រុះថ្នាក់ដឹកនាំចាស់អស់បន្ទាប់ពីចប់រដូវកាលឆ្នាំ២០១៨។ ចំណែកថ្នាក់ដឹកនាំថ្មីរបស់ក្លិបមានដូចជា លោក លី ហៀង ជាអ្នកចាត់ការទូទៅក្លិប ចំណែក លោក Leonardo Vitorino ជាគ្រូបង្គោលថ្មី ស្របពេលប្អូនប្រុសរបស់ខ្លួន Luis Fernando Vitorino កាន់តំណែងជាគ្រូបង្វឹកអ្នកចាំទីឈុតធំ។ អតីតគ្រូវេស្ទើន លោក ស៊ុំ វណ្ណា បានទទួលតំណែងជាគ្រូជំនួយក្រុមឈុតធំ ខណៈដែលអតីតខ្សែប្រយុទ្ធ កែវ សុខង៉ន ជាអ្នកចាត់ការទូទៅក្រុមឈុតធំ៕