ព័ត៍មានទាន់​ហេតុការណ៏
Search

ជនសង្ស័យ​ ធ្វើ​សកម្មភាព​ឆក់​កាបូប​ម្នាក់​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ខណៈ​បក្ខពួក​ពីរ​នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន

តាកែវ ​៖​ ជនសង្ស័យ​ម្នាក់ ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ស្រាវជ្រាវ ​និង​ឃាត់ខ្លួន​​ ​ដល់​លំនៅឋាន​ ដោយឡែក​២​នាក់​ទៀត​កំពុង​រត់​គេចខ្លួន​ក្នុង​ករណី​ធ្វើ​សកម្មភាព​ឆក់​កាបូប។

ការចាប់ខ្លួន​ជនសង្ស័យ​ក្នុងករណី​ឆក់​នេះ​ ធ្វើឡើង​នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧​និង​០០​នាទី ដោយ​កម្លាំង​ជំនាញ​អធិការនគរបាល​ស្រុក​ត្រាំកក់ នៅ​នឹង​ផ្ទះ​ជនសង្ស័យ​។

តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ស្រុក​ត្រាំកក់ បាន​ប្រាប់ថា កាលពី​ថ្ងៃទី ០៤ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥​និង​១០​នាទី នៅលើ​កំណាត់​ផ្លូវ​ខេត្ត​លេខ​២២ ចំណុច​ភូមិ​ធ្នង់​រលើង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ មាន​ជនសង្ស័យ​ចំនួន​០៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ ប្រុស​០២​នាក់​និង​ស្រី​០១​នាក់ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​០២​គ្រឿង មិន​ច្បាស់​ស៊េរី​និង​ស្លាក​លេខ បានធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ជនរងគ្រោះ​ឈ្មោះ ឃឹម ហឿន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខណៈកំពុង​ជិះ​ម៉ូតូ ដែលមាន​ស្ពាយ​កាបូប​។ ក្រោយ​ធ្វើ​សកម្មភាព​ជនសង្ស័យ​ទាំង​០៣​នាក់ បាននាំគ្នា​ជិះ​ម៉ូតូ​បត់​ចូល​តាម​ផ្លូវលំ​ចូល​ព្រៃ​បាត់ទៅ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​ជំនាញ​ បានធ្វើ​ការសាកសួរ​បំភ្លឺ​ពី​ជនរងគ្រោះ​និង​ពង្រាយ​កម្លាំង​ដេញតាម​ដងផ្លូវ​ធ្វើការ​ស្រាវជ្រាវ​សាកសួរ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​តាមផ្លូវ​ដែល​ជនសង្ស័យ​ជិះ​ម៉ូតូ​ឆ្លងកាត់​ទើប​ទទួលបាន​តម្រុយ​ថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​នោះ មាន​ម្នាក់​ឈ្មោះ លី ឡាង​វ៉ើ​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ឈើ​នៀង ឃុំ​ស្រែ​រនោង ស្រុ​ត្រាំកក់។

ក្រោយ​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ខាងលើ និង​ដោយបាន​ការចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ លោក​វរសេនីយ៍ឯក ឌុ​ក ធី​យ៉ា អធិការនគរបាល​ស្រុក​ត្រាំកក់ បានដាក់​កម្លាំង​ឃ្លាំមើល​នៅ​មូលដ្ឋាន​ដែល​ជនសង្ស័យ​ស្នាក់នៅ លុះ​នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ឈ្មោះ លី ឡាង​វ៉ើ​យ នៅ​នឹង​ផ្ទះ​របស់ខ្លួន​តែម្តង ព្រមទាំង​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ មួយគ្រឿង ពាក់​ផ្លាកលេខ តាកែវ 1 l -8441 ។

ក្រោយ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ លី ឡាង​វ៉ើ​យ បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនរងគ្រោះ​ត្រង់ចំណុច​កើតហេតុ​ខាងលើ​ពិតប្រាកដ​មែន ជាមួយនឹង​បក្ខពួក​របស់ខ្លួន​០២​នាក់​ទៀត មាន​ទី​១​ឈ្មោះ ណេង ភេទ​ស្រី ផ្ទះ​នៅ​ម្ដុំ​វត្ត​ពោធិ៍ ស្រុ​ុ​ក បសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុង​រត់គេចខ្លួន និង​ទី​២​ឈ្មោះ ពៅ ធា ភេទ ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ឈើ​នាង ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ កំពុង​រត់គេចខ្លួន​។ ចំពោះ​សម្ភារ​ដែល​ឆក់​បាន​រួមមាន កាបូប​ស្ពាយ​ពណ៌​ខ្មៅ​ចំនួន​០១ ក្នុង​កាបូប​មាន​ទូរស័ព្ទ​០១​គ្រឿង អត្តសញ្ញាណប័ណ្ណ​០១​សន្លឹក លុយ​ខ្មែរ​១៧៥,០០០៛ លុយ​ដុល្លារ ៣៥​ដុល្លារ។

បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​បន្ថែម​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ និង​បន្ត​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ដែល​កំពុង​រត់គេចខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕