ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ក្រុម​វិសាខា ទៀង ទី​នី សរសើរ​កូនក្រុម ​ដែល​ខិតខំ​ហ្វឹកហាត់​ជុំគ្នា​មុន​រដូវ​កាល​ថ្មី​មកដល់

កីឡាករ ទៀង ទី​នី ប្រធាន​ក្រុម នៃ​ក្លិប​កីឡាបាល់ទាត់​វិសាខា បាន​សម្ដែង​នូវ​ការរីករាយ និង​សប្បាយចិត្ត បន្ទាប់ពី​ឃើញ​កូនក្រុម​ទាំងចាស់​-​ថ្មី បាន​ធ្វើការ​ហ្វឹកហាត់​ជុំ​គ្នា ដោយ​ស្មារតី​រួបរួម សាមគ្គី និង​បង្ហាញ​នូវ​ឆន្ទៈ​ខ្ពស់ ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី ឆ្នាំ​២០១៩​ខាងមុខ​។​

កីឡាករ​វ័យ​៣២​ឆ្នាំ​និង​ជា​ខ្សែ​ការពារ​រូប​នេះ​បាន​លើក​ឡើង​ថា ​៖ «​ខ្ញុំ​សប្បាយចិត្ត ពេល​កីឡាករ​យើង បាន​ហាត់​ជុំគ្នា ពិសេស​កីឡាករ​មាន​បទពិសោធន៍ ដែល​ទើប​ត្រឡប់​ពី​ក្រុម​ជម្រើស​ជាតិ ដើម្បី​ធ្វើ​ឲ្យ​ការ​ហ្វឹកហាត់​មានការ​រីកចម្រើន ពិសេស​បាន​យល់​ពី​ទម្រង់​លេង​រវាង​កីឡាករ​ចាស់ និង​កីឡាករ​ចំណូល​ថ្មី ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី​»​។​

កីឡាករ ​ដែល​មាន​ដើមកំណើត​មកពី​ខេត្តសៀមរាប រូបនេះ​បញ្ជាក់ថា​ ៖ «​តាមរយៈ​ហ្វឹកហាត់​ជុំគ្នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មកនេះ ទាំង​កីឡា​ករចាស់​-​ថ្មី ខ្ញុំ​ឃើញ​ពួកគាត់​មានការ​យកចិត្តទុកដាក់​ក្នុងការ​ហ្វឹកហាត់ ពេល​គ្រូបង្ហាត់ ឬ​ពន្យល់​ម៉េចៗ ពួកគាត់​តែង​ចាប់បាន ហាត់​បាន និង​យល់ដឹង​ច្រើន ជាក់ស្ដែង​កីឡាករ​ថ្មីៗ ទោះបី​ពួកគេ​ទើបបាន​ហ្វឹកហាត់​រយៈពេល​ខ្លី​មែន តែ​ពួកគាត់​យល់​ពី​ទម្រង់​លេង​ជា​ក្រុម​បាន​ច្រើន​។ ចឹ​ង​ខ្ញុំ​ជឿជាក់ ពួកគាត់​នឹង​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់ នា​រដូវ​កាល​ក្រោយ​»​។​

​កីឡាករ ទៀង ទី​នី បាន​ចាប់​អាជីព​បាល់ទាត់​ដំបូង​របស់​ខ្លួន​ជាមួយ​ក្រុម​ខេមរា​កីឡា (​រំសាយ​ចោល​) កាលពី​ឆ្នាំ​២០០៦ ដល់​២០០៧ ខណៈ​ឆ្នាំ​បន្ទាប់​រូបគេ​បន្ត​ធ្វើ​ដំណើរ​ទៅកាន់​ក្លិប​ណាហ្គា​ខ​ប (​ណាហ្គា​វើ​ល​)​។ ចាប់ពី​ឆ្នាំ​២០០៨​ដល់​២០១២ រូបគេ​បាន​បន្ត​ធ្វើដំណើរ​ទៅកាន់​ក្លិប​ភ្នំពេញ​ក្រោ​ន និង​ចាប់ពី​ឆ្នាំ​២០១២ ដល់​២០១៦ ត្រឡប់​មក​ចូលរួម​ជាមួយ​ណាហ្គា​វើ​ល​វិញ មុន​ចេញទៅ​ចូលរួម​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នៅ​ឆ្នាំ​២០១៦-២០១៧ និង​នៅ​ឆ្នាំ​២០១៧ ចូលរួម​ជាមួយ​វិសាខា​។ កីឡាករ​រូបនេះ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ U23 ពី​ឆ្នាំ​២០០៦​ដល់​២០១០ ខណៈ​ពី​ឆ្នាំ​២០០៦ ដល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។

កាល​នៅ​ណាហ្គា​វើ​ល រូបគេ​ធ្លាប់​ឈ្នះ​បាន​រង្វាន់​លី​គ​កំពូល​កម្ពុជា ២​លើក​គឺ​នៅ​ឆ្នាំ​២០១០​និង​២០១១ ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០០៩ និង​ឈ្នះ​ជើងឯក​រង​ពានរង្វាន់ AFC President’s Cup 2011 ខណៈ​នៅពេល​ចូលរួម​ជាមួយ​ណាហ្គា​វើ​ល ធ្លាប់​បានឈ្នះ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០០៧ និង​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១៣៕