ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​ ​បើក​រថយន្ត​រដ្ឋ​បុក​អ្នក​ជិះ​ម៉ូតូ​​របួស​ធ្ងន់

ពោធិ៍សាត់​ ៖ ​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ព្រះសីហនុ បាន​បើក​រថយន្ត​បុក​ម៉ូតូ​ក្មេង​ជំទង់​ម្នាក់ ​ក្នុង​គោលដៅ​ស្រប​ទិស​គ្នា​ បណ្ដាល​ឲ្យ​របួស​ធ្ងន់ធ្ងរ។

ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩និង១៥ នាទី​យប់ ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ ១៦០.១៦១ ស្ថិតនៅ​ភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។​

បើតាម​លោក នួន សុភាព ផ្នែក​​​ចរាចរណ៍​ផ្លូវគោក​របស់​អធិការដ្ឋាន​នគរបាល ​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ រៀម រក្សា​អាយុ ១៥ ឆ្នាំ ភេទ​ប្រុស ជនជាតិ​ខ្មែរ​មាន​លំនៅ​ភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ (​រង​របួស​ធ្ងន់។ ឯ​ជនបង្ក​ក្នុង​ឧប្បត្តិហេតុ​នេះ​ ជា​អ្នក​បើក​រថយន្ត​ឈ្មោះ អៀម សុខ​ភី​នី អាយុ ៥៨ ឆ្នាំ ​ភេទ​ប្រុស ជនជាតិ​ខ្មែរ មានមុខ​របរ ជា​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ព្រះសីហនុ។

លោក​បាន​បន្ត​​​​ថា មុន​ពេល​កើតហេតុ ​គឺ​ជនរងគ្រោះ​ខាងលើ​ បាន​ជិះ​ម៉ូតូ​០១ គ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1A 7379 ធ្វើ​ចរាចរ​ ពី​កើ​តទៅ​លិច ​ដោយ​ល្បឿន​មធ្យម​លើ​ផ្លូវ​ជាតិ​ទ្រូង​ខាងស្ដាំ។ ស្រប​ពេល​នោះ​ ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក RANGER ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​.០៤៣៨ ធ្វើ​ចរាចរ​​ពី​កើ​តទៅ​លិច​ស្រប​ទិស​គ្នា​ដោយ​ប្រើប្រាស់​ល្បឿន​លឿន ហើយ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៏បាន​បុក​ចំ​ម៉ូតូ​ជនរងគ្រោះ​កំពុង​ចរាចរ​​នៅខាងមុខ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​នោះ របួសធ្ងន់ ត្រូវបាន​ជួយសង្គ្រោះ​ទៅ​មន្ទី​រពេ​ទ​ខេត្តពោធិ៍សាត់​តែម្ដង។ ដោយឡែក​ម៉ូតូ​និង​រថយន្ត​បាន​ខូចខាត​មួយចំនួន ត្រូវបាន​ខាង​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​ស្រុក​ក្រគរ វាស់វែង​រួចរាល់​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន រង់ចាំ​ការ​ដោះស្រាយ​ពេល​ក្រោយ​តាម​​​ច្បាប់​ចរាចរណ៍​ផ្លូវគោក៕