ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ រៀបចំ​ទិវា​បាល់ទាត់​ដោយ​ជោគជ័យ​នៅ​ទឹកដី​ខេត្តសៀមរាប

ក្រុមបាល់ទាត់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ (Cambodian Tiger FC) សមាជិក​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2018) ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប បានរៀបចំ​ព្រឹត្តិការណ៍​ទិវា​បាល់ទាត់ (Football Clinic) នៅលើ​ទឹកដី​របស់ខ្លួន​ដោយ​ជោគជ័យ​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ​។

​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី Football Clinic នេះ​គឺ​ក្នុង​គោលបំណង​ចែករំលែក​ពី​មូលដ្ឋានគ្រឹះ​នៃ​ការលេង​បាល់ទាត់ ហើយ​មានឱកាស​ហ្វឹកហាត់​ជាមួយ​គ្រូ​អង្គ​រថា​យ​ហ្គឺ​រ ផ្ទាល់ និង​លេង​ជា​ហ្គេម​កម្សាន្ត​ជាមួយ​កីឡាករ​ទាំងអស់​ផងដែរ​។ កម្មវិធី​នេះ​បែង​ចែកជា​២​វគ្គ​ទី​១ នៅ​តារាង​បាល់ទាត់ HOME SPORTS ហើយ​វគ្គ​ទី​២​នៅ​តារាង​បាល់ទាត់​វត្ត​បូ​។ កម្មវិធី​នេះដែរ មានការ​ចូលរួម​ពី​យុវជន​យុវនារី​ចន្លោះ​ពី​អាយុ​១៤​ដល់​២៥​ឆ្នាំ​ប្រមាណ​១០០​នាក់ ដោយ​ទទួល​បានការ​បង្វឹក​ពី​កីឡាករ​ចំនួន​២០​រូប​និង គ្រូបង្វឹក​ទាំង​៣​របស់​ថា​យ​ហ្គឺ​រ​ផងដែរ​។​

​អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​គឺ​លោក Yusuke Shinoda បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​រៀបចំ​ព្រឹត្តិការណ៍​នេះ​ថា​៖«​ក្លិប​យើង ចង់​ចូលរួម​ជា​កម្លាំងចលករ​មួយ ជំរុញ​កម្រិត​នៃ​ការយល់ដឹង និង ជំនាញ​បាល់ទាត់​ឲ្យ​កាន់តែ​ខ្ពស់ជាង​ពេលបច្ចុប្បន្ន​។ យើង​សម្លឹង​ឃើញថា យុវជន​ជាច្រើន​ក្នុង​ខេត្ត​មាន​ឧបនិស្ស័យ​កីឡា ហេតុនេះ​យើង​ចង់បង្ហាញ និង តម្រែតម្រង់​ផ្លូវ​ពួកគេ​ឲ្យ​ចូលក្នុង​ការលេង​ដ៏​ត្រឹមត្រូវ​មួយ​។ សម្រាប់​កម្មវិធី​ពេលនេះ ពួកយើង​បាន​បន្ថែម​វគ្គ​អប់រំ​ពិសេស បង្កើន​ការយល់ដឹង​ពី​ការថែរក្សា​លំនឹង​ជាតិ​ទឹក​ក្នុង​រាងកាយ ដើម្បី​ឲ្យ​ការបញ្ចេញ​សមត្ថភាព​លេង​កីឡា ឬ ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ មាន​ភាពល្អប្រសើរ​ផងដែរ​»​។​

​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្តូរ​ឈ្មោះ​មកពី​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ កាលពី​ចុងរដូវ​កាល​២០១៤ ហើយ​នៅ​រដូវ​កាល​២០១៥ គឺជា​កំណត់ត្រា​ល្អ​របស់​ក្លិប​ពោលគឺ អាច​ឡើងដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ដូចគ្នា​។ ក្រុម​នេះ ទទួលបាន​សិទ្ធិ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​រដូវ​កាល​ឆ្នាំ​២០១៧ កន្លង​ធ្វើជា​ទឹកដី​របស់ខ្លួន​រាល់​ការប្រកួត​នានា​។​

​ចំណែក​លទ្ធផល​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បានបញ្ចប់​យុទ្ធនាការ​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​ក្លិប​ទាំង​១២ ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​៧​លើក ហើយ​ស្មើគ្នា​បាន​៧​លើក​និង​បរាជ័យ​៨​លើក​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន ក្រោយ ប្រកួត​បរាជ័យ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ដោយ​ថ្វី​ជើង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​២​ទល់​០៕