ព័ត៍មានទាន់​ហេតុការណ៏
Search

ឌុន រដ្ឋា អាច​យកឈ្នះ​ អ៊ីរ៉ង់ ​Abolfazl បាន​ឬ​អត់​?

​ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ឌុន រដ្ឋា ក្លិប​អេ​ភូ​ថង​កីឡា ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ Abolfazl Alipour Andi នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​០៩ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ នៅក្នុង​កម្មវិធី​ប្រដាល់​Boostrong Fighter On Fire របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម។​

តាម​ លោក​ ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV ឲ្យ​ដឹងថា Abolfazl នេះ គេ​ទើបតែ​មក​ប្រកួត​នៅ​សង្វៀន​របស់លោក ជា​លើក​ទី​១ ប៉ុណ្ណោះ។

Abolfazl គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​ហ្វឹកហាត់​នៅ​ស្រុកថៃ។ គេ​ចេះ​ប្រដាល់​ស្ទាត់​គួរសម​ដែរ ដោយមាន​ស្នៀត​កណ្ដាប់ដៃ​ល្អ និង​ស្នៀត​ទាត់​ក៏​ល្អ ហើយ​ចេះ​វាយ​កែង​ទៀត។ អ្នក​ប្រដាល់​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៥​លើក ដោយ​ឈ្នះ​១២​លើក និង ចាញ់​០៣​លើក មិនដែល​ស្មើ។

ឌុន រដ្ឋា អ្នក​ប្រដាល់​កម្ពុជា​យើង​វិញ ជា​អ្នក​ប្រដាល់​ចាស់​វស្សា។ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង មាន​ចិត្ត​ប្រដាល់​ធំ ហើយ​ហ៊ាន​ប្ដូរ​ជាមួយ​គូប្រកួត​ដោយ​មិន​ខ្លាច​ញញើត​ឡើយ។

សម្រាប់​ការជួប​ប្រកួត​ជាមួយ​Abolfazl​នេះ មិនដឹងថា ​ឌុន រដ្ឋា អាច​យកឈ្នះ​បាន​ឬ​អត់​នោះទេ?។ ឌុន រដ្ឋា មាន​កំណត់​ត្រា​ប្រកួត​៨៨​លើក ឈ្នះ​៦៥​លើក ចាញ់​១៨​លើក និង​ស្មើ​៥លើក។​

ទោះជា​យ៉ាងនេះ​ក្តី អ្នក​ប្រដាល់​ ឌុន រដ្ឋា មិនអាច​មើលស្រាល​ចំពោះ​អ្នក​ប្រដាល់​អ៊ីរ៉ង់​ចំណូល​ថ្មី​នេះ​ទេ ព្រោះ​Abolfazl ​គេ​មាន​ស្នៀត​កណ្ដាប់ដៃ​ល្អ កម្លាំង​ខ្លាំង ហើយ​ចេះ​ស្នៀត​ជង្គង់​ថែមទៀត។ ដូច្នេះ ចាំ​មើល​រវាង​ ឌុន រដ្ឋា និង Abolfazl ជួបគ្នា​លើក​ទី​១​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ​?។​

ឌុន រដ្ឋា កាលពី​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅនេះ បាន​វាយ​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ជនជាតិ ម៉ាឡេស៊ី​ឈ្មោះ Majid Hossein ក្នុង​ការជួប​ប្រកួត​គ្នា​នៅ​លើ​សង្វៀន​SEATV​នេះ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សំ ភក្តី អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ត្រូវ​គេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​ទី ព​ន្លែ​ត អ្នក​ប្រដាល់​ជើងចាស់​ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប ដោយ​ជួប​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ជួបគ្នា​ទេ​កន្លងមក ដោយសារ ​សំ ភក្តី ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ​ឯ ទីព​ន្លែ​ត ជា​ជើងចាស់​យូរហើយ។ ទីព​ន្លែ​ត គេ​មាន​កណ្ដាប់ដៃ​ល្អ ស្នៀត​ជើង​ទាត់​ខ្លាំង ហើយ​ស៊ូ​ក្នុង​ការ​ប្រកួត​ថែមទៀត​។ គេ​ប្រកួត​ចុងក្រោយ វាយ​ចាញ់​នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ក្នុង​ទឹក​ទី​៣។​ ​

សំ ភក្តី ទោះបីជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្តី ប៉ុន្តែ​គេ​មាន​ស្នៀត​ទាត់​ល្អ។ ជាមួយនេះ ភក្តី​ នៅមាន​កណ្ដាប់ដៃ​ខ្លាំង រហ័ស​ និង លឿន​ផង​ដែរ។ ចាំមើល តើ​ជួបគ្នា​លើកដំបូង​នេះ ទី ព​ន្លែ​ត គេ​អាច​យក​ឈ្នះ សំ ភក្តី បាន​ឬ​អត់​?។​

ចំណែក សំណាង សុខ​នឿន អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជ​សីហ៍​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​ ប្រាក់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្ត​ព្រៃវែង ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូ​ក្រាម ហើយ ធន់ វណ្ណា អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ ឡុង ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​រាជ​សីហ៍​ខេត្តរតនគិរី ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕