ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ឺន មេ​ឃា ជួប​ថៃ Kaptanlek ,​សរ រាជសីហ៍ ជួប អ៊ីរ៉ង់ Aboozar នៅ SEATV

​ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប ត្រៀម​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នៅក្នុង​កម្មវិធី​ប្រដាល់​ពេលយប់​Ganzberg Top Fighter លើស​ង្វៀន​SEATV ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ។ នោះ​គឺ អ្នក​ប្រដាល់​វ័យក្មេង ម៉ឺន មេ​ឃា ក្លិប​អេ​ភូ​ថង​កីឡា ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី Kaptanlek ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គ​.​ក្រ។

Kaptanlek គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​នៅឡើយ​ទេ​កន្លងមក។ អ្នក​ប្រដាល់​ថៃ Kaptanlek នេះ មាន​កម្ពស់​ទាប​ជាង ​មេ​ឃា គឺ​១,៦៨​ម៉ែត្រ ប៉ុន្តែ​មាន​កំណត់ត្រា​ប្រកួត​ច្រើនជាង ​មេ​ឃា គឺ​៦០​លើក ឈ្នះ​៥០​លើក ចាញ់​១០​លើក មិនដែល​ស្មើ។ ទោះជា​យ៉ាងនេះ​ក្តី Kaptanlek មិន​ប្រាកដ​ថា អាច​យកឈ្នះ​លើ​ម៉ឺន មេ​ឃា បាន​នោះឡើយ តែ​យ៉ាងណា​ មេ​ឃា ក៏​មិនអាច​មើលស្រាល​អ្នក​ប្រដាល់​ថៃ​នោះ​បានដែរ។

ម៉ឺន មេ​ឃា ដែល​គេ​ស្គាល់​ថា​ជា​កូនប្រុស​បង្កើត​របស់​អតីត​ជើង​ខ្លាំង​អេ​ភូ​ថង​នោះ គេ​មាន​កម្រិត​សមត្ថភាព​បច្ចេកទេស​ល្អ កាយសម្បទា​រឹងមាំ។ គេ​មាន​កំណត់ត្រា​ប្រកួត​តែ​២៩​លើក​ទេ ដែល​ក្នុង​ចំនួន​នេះ​គេ​វាយ​ឈ្នះ​២៥​លើក​ទៅហើយ ដោយ​ចាញ់​តែ​០៤​លើក​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា ម៉ឺន មេ​ឃា គេ​ប្រហែលជា​មិន​ពិបាក​ក្នុង​ការជួប Kaptanlek នោះទេ ព្រោះ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ថ្វីត្បិតតែ​ជា​ជើង​ថ្មី និង​មិនទាន់​មានឈ្មោះ​បោះ​សំឡេង​នៅឡើយ​ក្តី ក៏​អ្នក​ប្រដាល់​វ័យក្មេង​រូបនេះ មិន​អន់​នោះដែរ។​ ជា​លើក​ទី​១ របស់​ មេ​ឃា ដែល​ជួប​ប្រកួត​ជាមួយ​ថៃ​។ ដូច្នេះ ចាំមើល ​តើ​ ម៉ឺន មេ​ឃា អាច​យកឈ្នះ Kaptanlek បាន​ឬ​អត់?។​

ចំពោះ​សរ រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​ខេត្ត​បាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់​ឈ្មោះ​Aboozar​។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម។​

នេះ​ជាការ​ជំនួប​ដ៏​តឹងតែង​បំផុត រវាង​សរ រាជសីហ៍ និង Aboozar ព្រោះថា​អ្នក​ប្រដាល់​ អ៊ីរ៉ង់ ​រូបនេះ មិន​ធម្មតា​នោះឡើយ។ នេះ​បើតាម​អ្នក​ផ្គូផ្គង​ប្រចាំ​សង្វៀន​SEATV​ ឲ្យដឹង​។​

សរ រាជសីហ៍ គេ​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ​ស្បែក ស ​ប៉ុន្មាន​នាក់​ហើយ តែ​ពុំ​ដែល​ប៉ះ​ជាមួយ​Aboozar​ នេះឡើយ។ តែ​យ៉ាងណា កណ្ដាប់ដៃ កែង និង​ជើង​ទាត់​របស់​រាជសីហ៍ វាយ​ចេញ​ខ្លាំង និង​មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ ដូច្នេះ​ការជួប​ជាមួយ​Aboozar ប្រហែលជា​មិនមាន​បញ្ហា​ចោទ​អ្វី​ឡើយ​។
​ជា​អ្នក​ប្រដាល់​ដែល​មិនចេះ​វាយ​បន្ធូរ​ដៃ​នោះទេ ឲ្យ​តែ​គេ​យល់ថា​ដៃគូ​អាច​បង្ក្រាប​បាន គឺ​ សរ រាជសីហ៍ គេ​មិន​ប្រោះ​ទុក​យូរ​ទេ គេ​ផ្ដួល​យកឈ្នះ​តែម្ដង។ និយាយ​ពី​បច្ចេកទេស និង កលល្បិច​នោះ គេ​នៅ​ស្ទើរ​នៅឡើយ តែ​កម្លាំង​កាយសម្បទា​រឹងមាំ​ល្អ។ សរ រាជសីហ៍ ធ្លាប់​ឡើង​ប្រកួត​ចំនួន​៦៨​លើក ឈ្នះ​៥៦​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ។ ចាំមើល រវាង​Aboozar​ និង​សរ រាជសីហ៍ តើន​រណា​ជា​អ្នកឈ្នះ​សម្រាប់​ជំនួប​លើកដំបូង​នេះ​?។​

តាម​ លោក​ ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV អោយដឹងថា​Aboozar នេះ គេ​ទើបតែ​មក​ប្រកួត​នៅ​សង្វៀន​របស់លោក​លើក​ទី​១​ប៉ុណ្ណោះ។ Aboozar គេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​ហ្វឹកហាត់​នៅ​ស្រុកថៃ។ គេ​មាន​ស្នៀត​កណ្ដាប់ដៃ​ល្អ ខ្លាំង និង​រហ័ស ហើយ​ចេះ​ស្នៀត​ជង្គង់​ថែម​ទៀត។ អ្នក​ប្រដាល់​រូបនេះ មាន​កំណត់​ត្រា​ប្រកួត​តែ​ចំនួន​១៧​លើក​ប៉ុណ្ណោះ ដោយ​ឈ្នះ​១២​លើក ចាញ់​០៥​លើក​ និង​មិនដែល​ស្មើ។ នេះ​បើតាម​ លោក​ ញាណ សុធី បញ្ជាក់​ឲ្យដឹង។​

គួរបញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា សរ រាជសីហ៍ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅនេះ បាន​វាយ​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​ អ៊ីរ៉ង់ ​ឈ្មោះ Akbari Keraimant នៅ​លើ​សង្វៀន​SEATV​នេះ៕