សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ជិត $៤៧ ពាន់លាន នៅរយៈពេល ៩ ខែ
ការដោះដូរទំនិញកម្ពុជាជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជិត ៤៧ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៣ ត្រីមាស ឆ្នាំ ២០២៥ កើនឡើង ១៤,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានចំនួនជាង ៤០ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥។

ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ៤៦,៩៩ ពាន់លានដុល្លារ កើនឡើង ១៤,៨% ក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ ២២,៣៨ ពាន់លានដុល្លារ កើន ១២,៩% ចំណែកទំនិញនាំទំនិញចូល មានទឹកប្រាក់ ២៤,៦១ ពាន់លានដុល្លារ កើនឡើង ១៦,៦%។
ទិន្នន័យខាងលើបង្ហាញថា តុល្យភាពជញ្ជីងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានឱនភាពប្រមាណ ២,២២ ពាន់លានដុល្លារ កើនពីចំនួន ១,២៧ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥។ ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជារួមមាន ចិន អាមេរិក វៀតណាម ថៃ និងជប៉ុន។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ដំណើរការសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរទាំងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។
លោកថា ការនាំចេញរបស់កម្ពុជា ទៅអាមេរិក និងអឺរ៉ុប នៅដំណើរការទៅតាមក្របខណ្ឌដែលបានអនុវត្តកន្លងមក មិនមានការប្រែប្រួលនោះទេ។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា៖ «សេដ្ឋកិច្ចកម្ពុជានៅតែដំណើរការ គ្រាន់តែយឺត ខ្ញុំគិតថា ស្ថានភាពពេលនេះ គឺល្អជាងពេលមានកូវីដ១៩ ដោយសារយើងមើលឃើញវិស័យពាណិជ្ជកម្ម ទេសចរណ៍ វិស័យឧស្សាហកម្ម និងវិស័យនាំចេញរបស់កម្ពុជានៅតែដំណើរការប្រក្រតី»។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា តាមរយៈការខិតខំកែទម្រង់របស់រាជរដ្ឋាភិបាលតាមវិស័យសំខាន់ៗ សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩ ទោះបីជាត្រូវជម្នះបញ្ហាប្រឈម និងភាពមិនប្រាកដប្រជា នៃស្ថានភាពតំបន់ និងសាកល ដោយសារការប្រឈមមុខភូមិសាស្ត្រនយោបាយស្រួចស្រាល់, ការបែកខ្ញែកនៃសេដ្ឋកិច្ចសាកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មអន្តរជាតិ, ការងើបឡើងវិញនៃនិន្នាការឯកតោភាគីនិយម, ភាពមិនច្បាស់លាស់នៃទស្សនវិស័យនៃកំណើនសេដ្ឋកិច្ច នៃបណ្ដាប្រទេស និងតំបន់ ជាដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជាពី ៦,១% មក ៤,៩% សម្រាប់ឆ្នាំ ២០២៥ និងពី ៦,២% មក ៥,០% សម្រាប់ឆ្នាំ ២០២៦ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសេដ្ឋកិច្ចទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាមេរិក។
នៅក្នុងឆ្នាំ ២០២៤ ការដោះដូរទំនិញកម្ពុជាជាមួយអន្តរជាតិ មានចំនួន ៥៤,៧៤ ពាន់លានដុល្លារ កើនឡើង ១៦,៩% បើធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញមានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២៨,៥៤ ពាន់លានដុល្លារ កើន ១៨%៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


