ព័ត៍មានទាន់​ហេតុការណ៏
Search

ឌុ​ម កែវ​ដា កៀក​ស្មា ​រ៉ែ​ន រាជ ឡើង​ដណ្ដើម​ប្រាក់​លាន​ពី​កីឡាករ​ថៃ​

​ប្រដាល់ ៖ កីឡាករ​ ឌុ​ម កែវ​ដា អ្នក​ប្រដាល់​របស់​ក្លិប​ម្កុដ​រាជសីហ៍ កៀក​ស្មា​នឹង​កីឡាករ ​រ៉ែ​ន រាជ អ្នក​ប្រដាល់​មកពី​ក្លិប​អង្គរ​មានជ័យ ​ខេត្ត​សៀមរាប ឡើង​ជួប​កីឡាករ​ថៃ​កូ​ឡាប​ដាំ ប្រាន​សង​ហ៊ុ​ក និង​កីឡា​ករវី​ហ្គោ ស​.​ដាន​ឆ័យ ដើម្បី​ដណ្ដើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

កីឡាករ​សំពោងជ័យ ឌុ​ម កែវ​ដា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​កូ​ឡាប​ដាំ ប្រាន​ សង​ហ៊ុ​ក ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម ដែល​កីឡាករ​ថៃ​ម្នាក់នេះ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ជាច្រើន​លើក​មកហើយ ​មាន​ឈ្នះ​ ចាញ់ ជាមួយ​កីឡាករ​លំដាប់​របស់​ក​ម្ពុ​ជា ស្នៀត​ខ្លាំង​របស់គេ​ គឺ​ជើង​ទាត់​កាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្ដួល​។​

ចំណែក​កីឡាករ​ជើង​ខ្លាំង​វ័យក្មេង ឌុ​ម កែវ​ដា បច្ចុប្បន្ន​កំពុង​ទទួល​បានការ​គាំទ្រ​យ៉ាង​ច្រើន​កុះករ ពី​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​កម្ពុជា ជាមួយនឹង​ការ​ចេះ​ប្រើ​ក្បាច់​គ្រប់​ស្នៀត ជាពិសេស​រូបគេ​ចូលចិត្ត​ប្រើ​ស្នៀត​កណ្តាប់ដៃ​ និង​កែង ដើម្បី​ផ្ដួល​គូប្រកួត​របស់ខ្លួន រួមផ្សំ​ជាមួយ​កម្លាំង​ស៊ុហ្វ​ដ៏​ខ្លាំង​របស់គេ​ផង​នោះ ធ្វើ​ឲ្យ​កីឡាករ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ត្រូវបាន​ចុះចាញ់​ជា​បន្តបន្ទាប់​។

ក្នុងការ​ប្រកួត​នេះ​ ត្រូវបាន​អ្នកវិភាគ​ប្រដាល់​អះអាង ​ថា ឌុ​ម កែវ​ដា ប្រាកដជា​ឈ្នះ​ជាក់​ជាមិនខាន ព្រោះ​គេ​កំពុងតែ​ឡើង​កូដ​ខ្លាំង ហើយ​ណាមួយ​ក្នុង​ទឹកដី​ខ្លួនឯង​ទៀតផង​។ ចាំមើល​កីឡាករ ​ឌុ​ម កែវ​ដា អាច​យកឈ្នះ​លើ​កីឡាករ​ថៃ ​កូ​ឡាប​ដាំ ប្រាន​សង​ហ៊ុ​ក បានដែរ​ ឬ​យ៉ាងណា​?​។​

ដោយឡែក​ កីឡាករ​ រ៉ែ​ន រាជ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ ​វី​ហ្គោ ស​.​ដាន​ឆ័យ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូ​ក្រាម អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក តែ​កីឡាករ​ថៃ​ម្នាក់នេះ​ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ជាច្រើនលើក​មកហើយ ​មាន​ឈ្នះ ​ចាញ់ ជាមួយ​កីឡាករ​លំដាប់​របស់​ក​ម្ពុ​ជា ស្នៀត​ខ្លាំង​របស់​គេ ​គឺ​ជើង​ទាត់​កាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្ដួល​។​

រីឯ​កីឡាករ​ រ៉ែ​ន រាជ បន្ទាប់ពី​គេ​បាត់​មុខ​ពីស​ង្វៀន​មួយរយៈ​មក​វិល​មកវិញ​ឃើញ​ថា ស្នៀត​ប្រកួត​របស់គេ​នៅ​ល្អ​ដូច​មុន​ដដែល ទាំង​កម្លាំង​ស៊ុ​ហ្វ ស្នៀត​ជើង​ទាត់ ជង្គង់ គឺ​នៅ​អាច​ប្រើ​បាន​ដដែល​ពិសេស​គឺ​ស្នៀត​កណ្ដាប់ដៃ ​និង​កែង ​ដែល​អាច​វាយ​ប្រយោល​ក៏បាន​ ចូល​កៀក​ក៏បាន ហើយ​ស្នៀត​ខ្លាំង​របស់គេ​នេះហើយ ​ដែល​បាន​គូប្រកួត​ទាំង​ជើងចាស់​ និង​ជើង​ថ្មី​ នាពេល​កន្លងមក ព្រោះ​គេ​មាន​ចិត្ត​ប្រដាល់​ធំ​មិន​រាថយ​ចំពោះ​គូប្រកួត​ណា​ម្នាក់​ឡើយ បើទោះជា​គេ​មាន​បទពិសោធន៍​ច្រើនជាង​ក៏ដោយ​។ ចាំមើល​កីឡាករ​ រ៉ែ​ន រាជ និង​កីឡាករ​ថៃ ​វី​ហ្គោ ស​.​ដាន​ឆ័យ នរណា​ជា​អ្នកឈ្នះ​ទទួល​បាន​ប្រាក់​លាន​បន្ថែម​នោះ​?៕