ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្នង​ផ្ទះ​លើក​ទី​១០៤ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​​តេ​ជោ បាន​ប្រគល់​ជូន​ដល់​អតីត​យុទ្ធជន​

កំពង់ធំ ​៖ លោក​ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធជន តំណាង​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា រួមទាំង​ក្រុមការងារ បាន​អញ្ជើញ​ចុះ​មក​ប្រគល់​ផ្ទះមួយ​ខ្នង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ប្រគល់​ជូន​ លោក នាយចំណង់ ស៊ឹម សំ​ភ័​ស្ត អាយុ៤៨​ឆ្នាំ​រស់នៅ​ភូមិ​បូ​ពឹង ឃុំ​កំពង់​គោ ស្រុក​កំពង់​ស្វាយ កំពង់ធំ​។​

ពិធី​ប្រគល់​ខ្នង​ផ្ទះ​ លើក​ទី​១០៤​នេះ មានការ​ចូលរួម​ជាមួយ​អាជ្ញាធរ​ដែនដី ភូមិ​-​ឃុំ នៅ​រសៀល​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោយពី​បាន​សិក្សា​ស្វែងយល់​ពី​ជីវភាព​រស់នៅ របស់​អតីត​យុទ្ធជន ដែល​បាន​ជួប​នឹង​ការ​លំបាក របស់​លោក​នាយចំណង់ ស៊ឹម សំ​ភ័​ស្ត ធ្លាប់​ចូល​បម្រើកងទ័ព​នៅ​ឆ្នាំ​១៩៩៣ អតីត​អង្គភាព វរ​សេនា​តូច​លេខ​៥៥ នៃ​យោធា​ខេត្ត​កំពង់ធំ។ មាន​ភរិយា​ឈ្មោះ ពៅ យីន អាយុ​៣៩​ឆ្នាំ មាន​កូន​នៅ​ក្នុង​បន្ទុក ចំនួន​០៥​នាក់ មាន​ជីវភាព​លំបាក​ខ្វះខាត​បច្ចុប្បន្ន។​

លោក​ឧត្ដមសេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​រង យោធភូមិភាគ​ទី​៤ មេបញ្ជាការ តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ធំ ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា ក្រោយ​ពី​បាន​ពិនិត្យឃើញថា អតីតយុទ្ធជន​ដែល​មាន​ជម្រក​ស្នាក់នៅ​មិន​សមរម្យ ក៏បាន​ស្នើ​សុំ​ផ្ទះ​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន តាមរយៈ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ដើម្បី​ឲ្យ​គ្រួសារ​នេះ ទទួល​បាន​ជម្រក​ស្នាក់​នៅ​បាន​សមរម្យ​នឹង​គេ​។​

ផ្ទះ​ថ្មី​ ត្រូវបាន​ប្រគល់​នៅពេលនេះ មាន​ទំហំ​៦​ម៉ែត្រ គុណនឹង ​៨​ម៉ែត្រ សាងសង់​ខ្ពស់​ផុតពី​ដី ជញ្ជាំង​និង​រនាប​ក្ដារ ប្រក់​ស័ង្កសី ជណ្ដើរ​ថ្ម ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹកប្រាក់​ចំនួន ៨,៩៧០,០០០​រៀល។ ក្នុងឱកាស​ប្រគល់​ផ្ទះ​ថ្មី​នេះ លោក និង ក្រុមការងារ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ខេត្ត​កំពង់ធំ បាន​ពាំនាំ​នូវ​អំណោយ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា តាមរយៈ លោក​ឧត្ដមសេនីយ៍​ឯក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត អគ្គលេខាធិការ​រង សមាគម​អតីត​យុទ្ធជន​កម្ពុជា ឧបត្ថម្ភ​ជូន​គាត់​បន្ថែម​រួមមាន​ ៖ អង្ករ​ចំនួន​៥០​គ​.​ក្រ , មី​យើង​ចំនួន​០២​កេស , ទឹកត្រី ទឹកស៊ីអ៊ីវ​ចំនួន​០២​យួរ និង​ថវិកា​ចំនួន​២៥០,០០០​រៀល។​

អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ អតីតយុទ្ធជន ពិតជា​មាន​សេចក្ដីសោមនស្ស​រីករាយ ដែល​បាន​ទទួល​ផ្ទះ​ថ្មី​នេះ ហើយ​សូម​គោរព​ជូនពរ សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រម​ទាំង បុត្រា​-​បុត្រី ចៅប្រុស​-​ចៅស្រី សូម​ជួបប្រទះ​តែ​នឹង​ពុទ្ធពរ​ទាំងឡាយ បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕