ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​តេ​ជោ ហ៊ុន សែន ជំរុញ​ដល់​អ្នក​វិនិយោគ​វៀតណាម ​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​

​ភ្នំពេញ ​៖ សម្ដេច​អគ្គមហាសេនាបតី ​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ​បាន​ជំរុញ​អ្នក​វិនិយោគ​វៀតណាម​ ឲ្យ​មក​ស្វែងរក​ឱកាស​វិនិយោគ ​ក៏ដូចជា​វិនិយោគ​នៅ​កម្ពុជា ខណៈដែល​រាជរដ្ឋា​ភិបាល​កម្ពុជា​កំពុងផ្តល់​ការយកចិត្តទុកដាក់​ជាមួយ​ការបង្ក​បរិយាកាស​ល្អប្រសើរ​ជាច្រើន​សម្រាប់​អ្នក​វិនិយោគ​បរទេស​។​



ការជំរុញ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុងពេល​អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម នៅ​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨។​

វេទិកា​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​នាយករដ្ឋមន្ត្រី​ វៀតណាម ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក ព្រម​ទាំង​មន្ត្រីជាន់ខ្ពស់​ នៃ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ ព្រមទាំង​ធុរកិច្ច​ជន​ប្រទេស​ទាំងពីរ​ចំនួន​៥០០​នាក់​។​

ក្នុងឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​អំពាវនាវ​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​វិនិយោគ​វៀតណាម​ដែល​មិនទាន់​បានមក​កម្ពុជា អញ្ជើញ​មក​សិក្សា​ស្វែងយល់​ពី​សក្ដានុពល និង​កាលានុវត្តភាព​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ រវាង​វៀតណាម និង​កម្ពុជា​»​។ «​ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ធានា​ជូន​អ្នកវិនិយោគ​គ្រប់រូប​នូវ​បរិស្ថាន​ប្រកបដោយ​ភាព​អំណោយ​ផល ជា​ពិសេស គឺ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​ភាព​អាច​ប៉ាន់​ប្រមាណ​បាន​»​។ នេះ​ជា​ការ​អះអាង​របស់​សម្ដេច​តេ​ជោ ដើម្បី​ជា​ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​វិនិយោគ​របស់​វៀតណាម​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូស​បង្ហាញ​ពី​សក្ដានុពល និង​ឧត្ដមភាព ​នៃ​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។



សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ចំណុច​សំខាន់ៗ​ចំនួន៦ ដែលជា​សក្ដានុពល​ខ្ពស់​សម្រាប់​អ្នក​វិនិយោគ​វៀតណាម ចាប់​យក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។
​ចំណុច​សំខាន់​ទាំង​៦​នោះ​រួមមាន ​៖
​ទី​១-​ភាពអំណោយ​ផល​ នៃ​ស្ថិរភាព​នយោបាយ និង​ម៉ាក្រូ​សេដ្ឋកិច្ច​។​
​ទី​២-​កម្ពុជា​ ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធសាស្ត្រ​ក្នុង​តំបន់​អាស៊ាន ដែល​តំបន់​នេះ​ បាន​និង​ កំពុង​ ក្លាយ​ជា «​រោងចក្រ ​នៃ​អាស៊ី​» ហើយ​ម្យ៉ាងទៀត​កម្ពុជា​ក៏​ស្ថិតនៅ​ចំណុចកណ្តាល​ នៃ​តំបន់​មេគង្គ ដែលជា​តំបន់​មាន​កំណើន​សេដ្ឋកិច្ច និង​ការ​តភ្ជាប់​ខ្ពស់​ជាងគេ​។​
ទី​៣-​កម្លាំង​ពលកម្ម​ដែលមាន​ភាព​សម្បូរ​បែប ​និង​វ័យក្មេង ដែល​ក្នុងនោះ​ប្រជាជន​ដែលមាន​អាយុ​ត្រឹម​៣៥​ឆ្នាំ​ចុះ មាន​ចំនួន​ដល់​ទៅ​៧២​ភាគ​រយ នៃ​ចំនួន​ប្រជាជន​សរុប គួបផ្សំ​នឹង​ការកើនឡើង ​នៃ​ចំនួន​ប្រជាជន​ដែលមាន​ចំណូល​មធ្យម ​និង​ជា​វណ្ណៈ​កណ្ដាល ​នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​ក​ម្ពុ​ជា​។​
​ទី​៤-​កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន​សម្រាប់​អ្នកវិនិយោគ​ទាំងអស់ ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា និង​អ្នកវិនិយោគ​បរទេស​នោះទេ​។​
​ទី​៥-​ទំនិញ​ផលិត​នៅ​កម្ពុជា មិនមែន​ផ្គត់ផ្គង់​សម្រាប់តែ​ទីផ្សារ​នៅ​កម្ពុជា​ដែលមាន​ប្រជាជន​ប្រមាណ​តែ​ជាង​១៥​លាន​នាក់​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​អាច​ផ្គត់ផ្គង់​ទៅក្នុង​ទីផ្សារ​អនុតំបន់​មេគង្គ​ដែលមាន​អតិថិជន​ប្រមាណ​២៥០​លាន​នាក់ ទីផ្សារ​អាស៊ាន​ដែលមាន​អតិថិជន​ប្រមាណ​៦៣០​លាន​នាក់ និង​ទីផ្សារ​នៅក្នុង​តំបន់​នៃ កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់ (RCEP) ដែលមាន​អតិថិជន​ប្រមាណ​៣​ប៊ី​លាន​នាក់ ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ដទៃទៀត​ក្នុង​ពិភពលោក​។​


​ទី​៦-​កម្ពុជា និង​វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ ស្តីពី​ការ​ជៀសវាង​ការយកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពាក់ព័ន្ធ​ និង​ពន្ធ​លើ​ប្រាក់ចំណូល នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ។​

សូមបញ្ជាក់ថា ពាណិជ្ជកម្ម​សរុប​រ​វា​ង​កម្ពុជា និង​វៀតណាម ក្នុង​ឆ្នាំ​២០១៧ សម្រេច​បាន​ចំនួន​ប្រមាណ ២,១៣ ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ៣០% ធៀប​នឹង​ឆ្នាំ​២០១៦​។

ការវិនិយោគ​ផ្ទា​ល់ពី​វៀតណាម រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចុះ​បញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម​ចំនួន​៧៥​គម្រោង ក្នុង​ទុនវិនិយោគ​សរុប​ចំនួន​ប្រមាណ​២,៤ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​៕