ព័ត៍មានទាន់​ហេតុការណ៏
Search

បុក​ទៀតហើយ​ លើក​នេះ​រថយន្ត​របស់​CMAC​បុក​កៀប​ជាប់​តែម្តង​

ភ្នំពេញ ​៖ ​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ដែល ខាង​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ បានដាក់​នៅ​ចំ​គន្លង​ផ្លូវ​នៅ​ស្តុ​ប​ក្តាន់​ពីរ​ បានក្លាយ​ឧបសគ្គ​មួយ ​ដែល​តែងតែ​បង្ក​ឲ្យ​អ្នក ដំណើរ​គ្រោះថ្នាក់​រាល់​តែ​យប់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​ជា​បន្តបន្ទាប់​គ្នា រហូត ឈានដល់​មាន​អ្នកស្លាប់​បាត់ បង់ជីវិត ទៀត​ក៏មានដែរ​ ដោយសារតែ​ការបើក​មកដល់​កន្លែង​នោះ​ បើ​មិនបាន​ប្រយ័ត្ន​ពី​ចម្ងាយ​មក​ទេ​គឺ​ត្រូវតែ​បុក​ទ្រូងផ្លូវ​នោះ​ពេញ​តែម្តង។

ទ្រូងផ្លូវ​ដែលជា​កន្លែង​គ្រោះថ្នាក់​នោះ​គឺ​នៅ ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​ត្រង់​ស្តុ​ប​សួនច្បារ​ក្ដាន់​២ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី កែង​ផ្លូវ​R6 ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ព្រំប្រទល់ ជាប់​នឹង​ខណ្ឌ​៧​មករា​។​

ជាក់ស្ដែង កាលពី​យប់មិញ​វេលា​ម៉ោង​១​និង​៤០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ មាន​រថយន្ត TRITON មួយគ្រឿង ជា​របស់ មជ្ឈមណ្ឌល កំចាត់មីន កម្ពុជា “CMAC” បើក​ទៅបុក លាន់​ដូច​រន្ទះ បណ្ដាល​ឲ្យ​រថយន្ត ខ្ទេច​ផ្នែក​ខាងមុខ​យ៉ាងដំណំ និង​របាំង​ថ្ម​បាក់​អស់​១​ផ្ទាំង​ផងដែរ​។​

ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ ស្ទើរ​តែ​រាល់​យប់​ទៅហើយ ដែល យានយន្ត គ្រប់​ប្រភេទ​ បាន​បើក​ទៅបុក ក្បាល​ព្រួញ​ពុះ​ចែកផ្លូវ​ខាងលើនេះ​តែងតែ បង្ក​ឲ្យ​អ្នកដំណើរ​គ្រោះថ្នាក់​រងរបួស​ធ្ងន់​និង​ស្រាល​ជា​បន្តបន្ទាប់​គ្នា រហូត ឈានដល់​មាន​អ្នកស្លាប់​បាត់ បង់ជីវិត ទៀត​ក៏មានដែរ ហើយ​នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ គេ​បានឃើញ​រថយន្ត​មួយគ្រឿង ម៉ាក TRITON ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ 36 2-0637 ជា​របស់ មជ្ឈមណ្ឌល​កំចាត់មីន កម្ពុជា “CMAC” បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី ទិសដៅ​ពី​កើ​តទៅ​លិច​យ៉ាង​លឿន ​ខណៈ​មកដល់​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​បាក់​របាំង​ថ្ម​១​កង់ ចំណែក​រថយន្ត​បាន​ផ្ទុះ​កង់​មុខ និង​ខូចខាត​ផ្នែក​ខាងមុខ​អស់​ផងដែរ​។ ចំណែក​អ្នកបើកបរ​រថយន្ត​ក៏ត្រូវ​បោក​នឹង​កញ្ចក់​រថយន្ត​ខាងមុខ បណ្ដាល​ឲ្យ​របួស​។ ​ភ្លាមៗ​នោះ​អ្នកបើករថយន្ត​បង្ក​ក៏បាន​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​ទៅដោយ​បន្សល់ទុក​រថយន្ត​បង្ក នៅ​កៀប​ជាប់​របាំង​ថ្ម កណ្ដាលផ្លូវ​តែម្ដង​។​

ប្រភពព័ត៌មាន​បា​នប​ន្ត​ថា​ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍នគរបាល​ស្រះចក បាន​ចុះ​មកដល់​កន្លែង និង​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ មក​ធ្វើការ​វាស់ និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ ការិយាល័យ​ចរាចរណ៍ រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ សង​ថ្លៃ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ តាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ​។​

គួរ​បញ្ជាក់ថា​ នៅពេល​កន្លងមក​ត្រង់ចំណុច កើតហេតុ​ខាងលើ​គឺ​របាំង​ថ្ម​ក្បាល​ព្រួញ​ពុះ ចែក​ទ្រូងផ្លូវ​នោះ ​ត្រូវបាន​ខាង​ជំនាញ​របស់​មន្ទីរ​សាធារណការ រាជធានី​ភ្នំពេញ ជា​អ្នករៀបចំ​ដោយ​ដាក់​ពង្រីក​ផ្លូវ​ម្ខាង​និង ពង្រួម​ផ្លូវ​ម្ខាង ដូច​តាម បណ្ដាល​ស្តុ​ប​ដទៃទៀត​ដែរ ដើម្បី ងាយស្រួល ក្នុងការ​រង់ចាំ​ស្តុ​ប​កុំ​ឲ្យ​មានការ កកស្ទះ តែ​ខាង ផ្លូវ​ដែល ពង្រួម​នោះ​គឺ​បានដាក់​នៅ​ចំ​គន្លង​រថយន្ត​ធ្វើដំណើរ​តែម្ដង ដែល​ប្រៀបដូចជា​ឧបសគ្គ មួយ​តែងតែមាន​អ្នកដំណើរ​បើក​ទៅបុក​ជា រឿយៗ ជាពិសេស មិនមាន​ដាក់ ស្លាក ឬ ចំណាំង ប្លាត អ្វី នោះទេ​ជាហេតុ​ធ្វើ​ឲ្យ​មាន​អ្នកបើក​បុក​ស្ទើរ​តែ​រាល់​យប់​ដូច្នេះ​ទៅ​៕​