ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​រាជធានី ​ជំរុញ​អោយ​អាជ្ញាធរ ​និង​ជំនាញ​ពាក់ព័ន្ធ​ស្រង់​បញ្ជី​នៃ​ដំណើរ​ការងារ​ប្រទានកម្ម​ដីធ្លី​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈ​មិន​ដល់​មួយខែ​ទៀត​ផុតកំណត់

ភ្នំពេញ​ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជំរុញ​អោយ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​និង​ជំនាញ​ពាក់ព័ន្ធ​ចុះ​ស្រង់​បញ្ជី​នៃ​ដំណើរ​ការងារ​ប្រទានកម្ម​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ នៅក្នុង​រាជធានី​ភ្នំពេញ ខណៈដែល​នៅសល់​មិន​ដល់​មួយខែ​ទៀត​នឹង​ផុតកំណត់​នៃ​ការបង់​ពន្ធ​ប្រថាប់​ត្រាតែ​មួយដង​ចំពោះ​ការផ្ទេរសិទ្ធិ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួច​។​

នេះ​ជា​​ការ​ជំរុញ​របស់​លោក​ឃួ​ង ស្រេង​ ជា​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ដំណើរ​ការងារ​ប្រទានកម្ម​ដីធ្លី​នៅក្នុង​រាជធានី​ភ្នំពេញ​ និង​បង់​ពន្ធ​ប្រថាប់​ត្រាតែ​មួយដង​ចំពោះ​ការផ្ទេរសិទ្ធិ​អចលនទ្រព្យ ​ដែល​បាន​ចុះបញ្ជី​រួច ដែល​បាន​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​០៦ ធ្នូ ២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​និង​ជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត​ចំណុះអោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា សម្រាប់​ការងារ​ប្រទានកម្ម​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ លើ​ការកំណត់​បង់​ពន្ធ​ប្រថាប់​ត្រាតែ​មួយដង​ចំពោះ​ការផ្ទេរសិទ្ធិ​អចលនទ្រព្យ​ដែល​បាន​ចុះបញ្ជី​រួច ពិសេស​នៅតាម​បុរី មកដល់ពេលនេះ គឺ​នៅសល់​មិន​ដល់​មួយ​ខែ​ទៀត​នោះទេ វា​នឹង​ផុតកំណត់​ហើយ​។ ដូច្នេះ​ទេ​លោក​ជំរុញ​កិច្ចការងារ​ប្រទានកម្ម​ដី និង​ការបង់ពន្ធ​ប្រថាប់ត្រា​នេះ អោយ​ទាន់ពេលវេលា ​ដែល​រាជរដ្ឋាភិបាល​បានកំណត់​ជូន និង​ផ្ដល់​ភាពងាយស្រួល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។

មន្ត្រី​ពាក់ព័ន្ធ​របស់​យើង​ត្រូវ​ធ្វើបញ្ជី​ដែល​នៅ​សេសសល់​នេះ​បញ្ជូនទៅ​ពន្ធ​ដា ហើយ​ត្រូវធ្វើ​បែបណា​ដើម្បីអោយ​ពន្ធដារ​ជួយ​សម្រួល​ការងារ​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់​នេះ បើទោះបី​អាជ្ញាធរ​ដែនដី​ខ្លះ​បញ្ជាក់​ថា នៅ​បុរី​ខ្លះ​មាន​ភាព​ស្មុគស្មាញ ។​ បើ​យើង​ធ្វើ​មិនទាន់ អ្នក​ដែល​ពិបាក​គឺ​ប្រជាពលរដ្ឋ​នេះឯង។​

គួរបញ្ជាក់​ផងដែរ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​លោក​ឃួ​ង ស្រេង ជា​អភិបាល ពាក់ព័ន្ធ​នឹង​ការងារ​ខាងលើនេះ​បាន ប្រទានកម្ម​ដីជូ​ន​ប្រជាពលរដ្ឋ ជាច្រើន​កន្លែង​រួចមកហើយ ដូចជា ប្រទានកម្ម​ដីជូ​ន​ប្រជាពលរដ្ឋ នៅ​បុរី​ចំការ​ល្មុត ចំការ​ស្វាយ ខណ្ឌ​ច្បារអំពៅ ប្រជាពលរដ្ឋ នៅ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ នៅ​ខណ្ឌដូនពេញ ក៏ដូចជា​នៅ​សហគមន៍​វិមាន​ទ្រុង ខណ្ឌ សែន​សុខ​ជាដើម​៕