ព័ត៍មានទាន់​ហេតុការណ៏
Search

អាជីវករ​ផ្សារ​សាមគ្គី​ សំដែង​ក្តី​កង្វល់​ ខណៈ​ចោរ​ចូល​លួច​លុយ​​​ក្នុង​ផ្សារ ​អស់​ជាង​៣០​លាន​រៀល

ប៉ៃលិន​ ៖ ​ប្រជាពលរដ្ឋ ក៏ដូជ​អាជីវករ​នៅ​ក្រុងប៉ៃលិន បាន​សម្តែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង អំពី​សន្តិសុខ នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ខណៈដែល​អំពើ​​ចោរកម្ម ចេះតែ​បន្ត​កើតមានឡើង​ញឹកញាប់​ពេក​។​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ អាជីវករ​ម្នាក់​ឈ្មោះ ស្រី​នួន ភេទ​ស្រី ត្រូវ​ចោរ​ចូល​លួច​កាបូប​លុយ បាន​ដោយ​សុវត្ថិភាព ស្ថិតនៅ​ចំហៀង​ផ្សារ​សាមគ្គី ហៅ​ផ្សារ​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​



តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា ​៖ ​ដំបូង​ឡើយ​គេ​ឃើញ​ស្ត្រី​សង្ស័យ​ពីរ​នាក់ បាន​ដើរមក​ទិញ​បន្លែ​នៅ​កន្លែង​ស្ត្រី​រងគ្រោះ ដោយ​ម្នាក់​ឈរ​ចាំ​ទិញ និង​ម្នាក់ទៀត​ដើរ​រើស​អីវ៉ាន់ នៅ​ផ្នែក​ខាងក្នុង​តូប មួយសន្ទុះ​ក៏​ស្រាប់តែ​ស្ត្រី​សង្ស័យ​ទាំងពីរ បាន​ដើរមក​និយាយ​គ្នា​នៅខាងមុខ​តូប រួច​ក៏​បាត់​ម្នាក់​មិនដឹង​ទៅណា។

ប្រភពព័ត៌មាន បាន​បន្តថា​៖ បន្ទាប់មក​ស្រាប់តែ​ស្ត្រី ដែល​បាត់​ បាន​ត្រឡប់​មកវិញ ដោយ​កាន់​ឆត្រ​មួយមក​តាម​ខ្លួន ហើយ​ក៏​ដើររក​អីវ៉ាន់​ជា​បន្តទៀត ខណៈនោះ​ស្ត្រី​រងគ្រោះ​មិន​នៅក្នុង​តូប នោះឡើយ គឺ​នៅ​ខាងក្រៅ ចំណែក​កាបូប​លុយ​គឺ​នៅ​ខាងក្នុង​តូប។ បន្ទាប់មក​ក៏​បាត់​ស្ត្រី​សង្ស័យ​ទាំងពីរ​នាក់​នោះ មិនដឹង​ទៅណា ចំណែក​ឆត្រ ដែល​ស្ត្រី​សង្ស័យ​យកមក​ជាមួយ​ក៏នៅ​នឹង​កន្លែង​តែម្តង។ ប្រភពព័ត៌មាន បាន​បន្តទៀតថា ​៖ ក្រោយពេល​ស្ត្រី​សង្ស័យ​ទាំងពីរ​បាត់​ខ្លួន ស្ត្រី​រងគ្រោះ​ ក៏​ចាប់ផ្តើម​រក​កាបូប​លុយ ប៉ុន្តែ​រក​មិន​ឃើញ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដោយ​គេ​សង្ស័យថា ច្បាស់​ជា​ស្ត្រី​សង្ស័យ​យកទៅ​ជាមិនខាន ហើយ​ប្រហែលជា​យក​ឆត្រ​ធ្វើជា​ឧបករណ៍​ទាក់​យក​កាបូប​នោះ​ផងដែរ។

បើតាម​ប្រភ​ពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​មក​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ​ខាងលើ បាន​លើកឡើងថា ​៖ បច្ចុប្បន្ន​នេះ ​អំពើ​ចោរកម្ម​នៅ​ក្នុង​ក្រុងប៉ៃលិន កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត ដែល​បង្ហាញថា គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក្នុង​មូលដ្ឋាន ត្រូវបាន​ធ្លាក់ចុះ ជាក់ស្តែង​កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ ក៏​មាន​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ រស់នៅ​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ផងដែរ។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ​៖ ការកើតឡើង​ករណី​ចោរកម្ម នៅក្នុង​មូលដ្ឋាន​របស់គាត់ វា​មិនមែន​ជាការ​ចៃដន្យ​ពេក​ទេ ដែល​កើត​ម្តង​ហើយ​ម្តងទៀត និង កើតឡើង​ផ្ទួនៗ​គ្នា ចំណែកឯ​ការបង្ក្រាប​ហាក់បីដូចជា​អត់​មាន​លទ្ធផល​នោះឡើយ ដែល​ជនសង្ស័យ ត្រូវបាន​គេចខ្លួន ដោយ​សុវត្ថិភាព​ទាំងអស់។

ជាមួយគ្នានេះដែរ​ពួកគាត់ បាន​សំណូមពរ ដល់​លោក​អភិបាលខេត្ត និង លោកស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​អាវុធហត្ថ​ខេត្ត មេត្តា​ជំរុញ​អោយ​មន្ត្រី​ថ្នាក់ក្រោម បំពេញបេសកកម្ម​ក្នុង​ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ពួកគាត់ អោយបាន​ខ្លាំងក្លា​ផង ព្រោះនេះ​ជា​ក្តីកង្វល់​ដ៏​ធំ​សម្រាប់​ពួកគាត់​ផងដែរ។

សូមបញ្ជាក់ថា ​៖ ស្ត្រី​រងគ្រោះ ដែល​ចោរលួច​កាបូប​លុយ​នោះ បើតាម​ប្រភព​ព័ត៌មាន​ថា​អស់ប្រាក់​ខ្ទង់​៤០​លាន​រៀល ព្រោះ​ស្ត្រី​រងគ្រោះ​ជា​អាជីវករ​លក់​បន្លែ និង​គ្រឿងទេស ព្រមទាំង​ជា​មេ​តុងទីន ទើប​ដើរ​ប្រមូល​លុយ​កូនៗ​បាន​ផងដែរ​៕​​
​